ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ជាមនុស្សញៀនស្រា ប្រើប្រាស់ថ្នាំញៀន និងមានចរិតកោងកាចខ្លាំងណាស់ ធ្លាប់បង្កហិង្សាវាយដំប្រពន្ធ ជាច្រើនលើកច្រើនសាមកហើយ និងធ្លាប់ត្រូវបានសមត្ថកិច្ចហៅទៅអប់រំដែរ តែមិនរាងចាលសោះ លុះចុងក្រោយ បានរករឿងឈ្លោះជាមួយប្រពន្ធដែលទើបនឹងសម្រាលកូនខ្ចី បាន១ខែ រហូតដល់កាប់ប្រពន្ធ ១កាំបិត ធ្វើឱ្យស្ត្រីជាប្រពន្ធភ័យខ្លាចប្តីសម្លាប់ ក៏រត់ចោលផ្ទះ និងកូនស្រីតូច ស្រាប់តែបុរសជាប្តីកំណាច បានចាប់ច្របាច់កកូនស្រីទើបនឹងកើតបាន១ខែ បណ្តាលឲ្យកូនស្រីស្លាប់ ទើបសមត្ថកិច្ចចាប់វាយខ្នោះជនដៃដល់ជាឪពុក នាំយកទៅចាត់ការតាមច្បាប់។
ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីកាប់ប្រពន្ធ រួចច្របាច់កសម្លាប់កូនស្រីតូចនេះ បានកើតឡើងតាំងពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិត្រពាំងទន្ទឹម ឃុំពោធិ៍ចម្រើន ស្រុកបរសេដ្ឋ។ លុះមកដល់ព្រលប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ កូនស្រីតូចដែលទើបនឹងមានអាយុ១ខែ ក៏បានបាត់បង់ជីវិតទៅ ទើបសមត្ថកិច្ចជំនាញ ចុះពិនិត្យនិងងធ្វើកោសល្យវិច័យសពក្មេងស្រី និងឈានដល់ការចាប់ខ្លួនជនដៃដល់ជាឪពុកបង្កើត នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នាំយកទៅសាកសួរ។
ជនសង្ស័យជាឃាតករដែលចាប់ច្របាច់កសម្លាប់កូនស្រីបង្កើតខ្លួនឯង និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះសៀក ទ្រី អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ មានប្រពន្ធឈ្មោះណែម សារ៉ានា់ អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះ។ ចំណែកទារិកាដែលត្រូវជនដៃដល់ជាឪពុក ច្របាច់កបណ្តាលឱ្យស្លាប់ មានឈ្មោះសៀក លីគ័ង្គ អាយុ១ខែ។ ក្រុមគ្រួសារមួយនេះ មានលំនៅក្នុងភូមិត្រពាំងទន្ទឹម ឃុំពោធិ៍ចម្រនន ស្រុកបរសេដ្ឋ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ជនសង្ស័យទើបនឹងប្រើប្រាស់ថ្នាំញៀនរួច ព្រមទាំងផឹកស្រាស្រវឹងជោកផង បានរករឿងប្រើអំពើហិង្សាលើប្រពន្ធ ជាថ្មីម្តងទៀត ដោយបុរសជាប្តីកំណាចនេះ បានយកកាំបិតកាប់ប្រពន្ធ ១កាំបិត បណ្តាលឱ្យរងរបួសដៃ និងថែមទាំងបានគំរាមសម្លាប់ប្រពន្ធចោលទៀតផង ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធភ័យ ក៏បានរត់គេចខ្លួនចេញពីផ្ទះ ដោយទុកកូនស្រីតូច អាយុទើបតែជាងមួយខែ ចោលនៅផ្ទះ។
ប្រភពដដែល បន្តថា ក្រោយពេលប្រពន្ធរត់គេចចេញពីផ្ទះបាត់ អ្នកភូមិក្បែរផ្ទះ បានឃើញបុរសជាប្តី ច្របាច់ក និងសង្កត់ទ្រូងកូនស្រីតូច ដែលទើបនឹងមានអាយុ១ខែ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ រហូតមកដល់ព្រលប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ កូនស្រីតូចនោះ ក៏បានស្លាប់តែម្តង។
ក្រោយការស្លាប់របស់ទារិកាតូចរូបនេះ ក៏មានភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានចុះមកពិនិត្យ ធ្វើកោសល្យវិច័យ និងសាកសួរ ទើបដឹងថា ការស្លាប់របស់ទារិកាកម្សត់ គឺផ្តើមចេញពីការធ្វើទារុណកម្មពីសំណាក់បុរសជាឪពុកកំណាច បូករួមនឹងទារិការូបនេះ មានជំងឺផ្លូវ ដង្ហើមស្រាប់ផង ក៏បណ្តាលឱ្យស្លាប់តែម្តងទៅ។
លោកស្រី ព្រំ សុខា មេឃុំពោធិ៍ចម្រើន បានបញ្ជាក់ប្រាប់ថា ជនសង្ស័យឈ្មោះសៀក ទ្រី ដែលសមត្ថកិច្ចបានចាប់ខ្លួនខាងលើនេះ បានប្រើប្រាស់សារធាតុញៀនលើសកម្រិត បណ្តាលឱ្យមានសតិមិនប្រក្រតី ហើយតែងតែប្រើហិង្សាជាញឹកញាប់ទៅលើប្រពន្ធឈ្មោះ ណែម សារ៉ាន់។ កន្លងមក ជនសង្ស័យធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាច្រើនដងមកហើយ នាំយកមកអប់រំ ហើយជនសង្ស័យរូបនេះ ទើបតែចេញពីពន្ធនាគារទៀត។
លោកស្រីមេឃុំ បានបន្ថែមថា ច្រើនលើកច្រើនសាមកហើយដែលសមត្ថកិច្ចឃាត់ខ្លួនបុរសជាប្តីរូបនេះ យកមកកាន់អធិការស្រុក ប៉ុន្តែត្រូវប្រពន្ធបុរសរូបនេះ តែងតែមកយំស្រែកអង្វរនៅចំពោះមុខសមត្ថកិច្ច ឱ្យមានការដោះលែងបុរសជាប្តី ត្រឡប់ទៅផ្ទះវិញ។ ដោយមើលឃើញពីជីវភាពមានការខ្វះខាតក្នុងគ្រួសារ ដែលមិនអាចអត់បុរសជាប្តីជំហរបាន ទើបសមត្ថកិច្ចសម្រេចដោះលែងឱ្យត្រឡប់ទៅវិញ ដោយគ្រាន់តែឱ្យធ្វើកិច្ចសន្យា បញ្ឈប់ការប្រើហិង្សាបន្តទៀតតែប៉ុណ្ណោះ។ ស្រាប់តែលើនេះ ជនសង្ស័យហ៊ានទាញកាំបិតកាប់ប្រពន្ធ និងលើកដៃច្របាច់កសម្លាប់កូនស្រីតូចរបស់ខ្លួនតែម្តង។
ជនសង្ស័យជាឃាតករខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានស្រុកបរសេដ្ឋ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ចាត់ការបន្តតាមនីតិវិធី៕