Thursday, November 28, 2024
Homeព័ត៌មានជាតិឪបោះកូនចូលទឹក រួចលោតសម្លាប់ខ្លួន

ឪបោះកូនចូលទឹក រួចលោតសម្លាប់ខ្លួន

ភ្នំពេញ ៖ បុរសជាជាងទងម្នាក់ (ជាងមាស) ត្រូវបានក្រុមគ្រួសារអះអាងថា បានកើតមានជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ និងថែមទាំងមានកូនប្រុសតូចម្នាក់អាយុ ៥ឆ្នាំ កើតមានជំងឺអូទីហ្សឹម ទៀត ទើបធ្វើឱ្យគិតខ្លី បញ្ចប់ជីវិតទាំង២នាក់ឪពុកកូន ដោយបីកូនឡើងលើស្ពានជ្រោយចង្វា រួចបោះកូនប្រុសចូលទឹកទន្លេមុន បន្ទាប់មកក៏លោតចូលទឹកតាមក្រោយ ទីបំផុត រំលងបាន ៣ថ្ងៃ សពបុរសជាឪពុក បានអណ្តែតឡើង ខណៈដែលសពកូនប្រុស នៅមិនទាន់ប្រទះឃើញនៅឡើយ។

ហេតុការណ៍ដ៏រន្ធត់ ឪពុកបីកូនតូចទៅលោតទឹកសម្លាប់ខ្លួននេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចលើស្ពានជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ រហូតមកដល់វេលាម៉ោង ៨យប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ទើបប្រទះឃើញសពបុរសជាឪពុក អណ្តែតឡើងនៅត្រង់ចំណុចភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

តាមប្រភពពីសមត្ថកិច្ចជំនាញ បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះជាឪពុក មានអាយុ២៨ឆ្នាំ មុខរបរជាងទង (ជាងមាស) មានជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ។ ចំណែកកូនប្រុស ទើបនឹងមានអាយុ៥ឆ្នាំ និងកើតមានជំងឺអូទីហ្សឹមទៀតផង។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ បុរសជាឪពុក ដែលមានជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ ណាមួយពិបាកចិត្តរឿងកូនប្រុសអាយុ ៥ឆ្នាំរបស់ខ្លួន កើតមានជំងឺអូទីហ្សឹម ព្យាបាលមិនជាផងនោះ ទើបបានសម្រេចចិត្តធ្វើអត្តឃាត សម្លាប់ខ្លួនទាំង២នាក់ឪពុកកូន ពីលើស្ពានជ្រោយចង្វា ដោយបោះកូនប្រុសពីលើស្ពានជ្រោយចង្វា ចូលទន្លេមុន រួចហើយបុរសជាឪពុក បានលោតចូលទឹកទន្លេ តាមក្រោយ បណ្តាលឱ្យលិចបាត់ទាំង២នាក់ឪពុកកូន អស់រយៈពេល ៣ថ្ងៃមកហើយ។

រហូតមកដល់វេលាម៉ោង ៨យប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ប្រទះឃើញសពបុរសខាងលើ អណ្តែតមកច្រាំងទន្លេ ត្រង់ចំណុចភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជោយចង្វា ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ចុះមកពិនិត្យ ទើបដឹងថា ជាបុរសម្នាក់ ក្នុងករណីខាងលើមែន។

ក្រោយពិនិត្យនិងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចបានប្រគល់សពបុរសខាងលើ ឱ្យសាច់ញាតិដឹកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកសពកូនប្រុស សាច់ញាតិ ក្រុមគ្រួសា រួមនិងសមត្ថកិច្ច កំពុងបន្តស្វែងរក៕

RELATED ARTICLES