ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ ត្រូវបានប្រពន្ធចុះចោលមួយរយៈមកហើយ ដោយសារតែរួមរស់មិនចុះសម្រុងនឹងគ្នា លុះក្រោយមក តូចចិត្តនឹងរឿងប្រពន្ធចុះចោលផង ណាមួយស្តីប្រដៅកូនស្រី ក៏នាងមិនសូវស្តាប់បង្គាប់ផង ទើបធ្វើឱ្យឈឺចិត្តស្អិតទ្រូងខ្លាំង ទ្រាំលែងបាន ក៏បែកគំនិតចងកបញ្ចប់ជីវិត បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចក្នុងទ្រុងមាន់ ខាងក្រោយផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិសំរោង ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី។
បុរសដែលចងកសម្លាប់ខ្លួន មានឈ្មោះស៊ីវ ដា អាយុ៤០ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិសំរោង ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី។
តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះ ត្រូវបានប្រពន្ធចុះចោល មួយរយៈមកហើយ ដោយសារតែរស់នៅមិនសូវចុះសម្រុងនឹងគ្នា កើតតែរឿងរកាំរកូសមិនឈប់។ តាំងពីប្រពន្ធចុះចោលបាត់ទៅ ធ្វើឱ្យជនរងគ្រោះ ហាក់មានវិបត្តិផ្លូវចិត្តខ្លាំងណាស់ លុះក្រោយមក ដោយសារតែកូនស្រី មិនសូវស្តាប់សម្តីរបស់ខ្លួនជាឪពុកថែមទៀត ទើបធ្វើឱ្យបុរសខាងលើ កាន់តែឈឺចិត្តស្អិតទ្រូង រហូតដល់ដាច់ចិត្តគិតខ្លី ចងកសម្លាប់ខ្លួនបែបនេះតែម្តង។
ប្រភពដដែល បន្តថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ជនរងគ្រោះ បានចូលទៅសម្រាកនៅក្នុងផ្ទះដូចសព្វដង។ ស្រាប់តែព្រឹកឡើង ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ពេលក្រោកពីដេក បាត់មិនឃើញជនរងគ្រោះ ទើបក្រុមគ្រួសារ បានដើររក ក៏ប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួននៅក្នុងទ្រុងមាន់ ខាងក្រោយផ្ទះ ស្លាប់បាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើខ្សែអង្រឹង ចងក ភ្ជាប់នឹងផ្ទោងទ្រុងមាន់។ មូលហេតុដោយសារខូចចិត្តនឹងប្រពន្ធចុះចោលផង ណាមួយតូចចិត្តរឿងប្រដៅកូនស្រីមិនស្តាប់បង្គាប់ផង។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕