Thursday, November 28, 2024
Homeព័ត៌មានជាតិករណីបាញ់២នាក់ស្លាប់ក្នុងកាស៊ីណូ ដោះលែង២នាក់

ករណីបាញ់២នាក់ស្លាប់ក្នុងកាស៊ីណូ ដោះលែង២នាក់

ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ថា ជនសង្ស័យប្រុសស្រី ចំនួន៣នាក់ ដែលត្រូវបានចាប់ខ្លួន ជាប់ពាក់ព័ន្ធនឹងករណីបាញ់សម្លាញ់ជនជាតិចិន ស្លាប់២នាក់ និង របួសម្នាក់ នៅចំណុចកាស៊ីណូ តុងហ្វាងប៉ាលីរិន ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នោះ ត្រូវបានសមត្ថកិច្ចដោះលែង ២នាក់ (ប្រុសស្រី) បន្ទាប់ពីរកឃើញថា អ្នកទាំងពីរ មិនជាប់ពាក់ព័ន្ធទៅនឹងករណីឃាតកម្មមួយនេះឡើយ ប៉ុន្តែបុរសជនជាតិចិន ម្នាក់ដែលជាជនដៃដល់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូង ខណៈដែលកម្លាំងជំនាញ កំពុងតាមចាប់ខ្លួនបក្ខពួកជនដៃដល់ម្នាក់ផ្សេងទៀត។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ថា កាលពីវេលាម៉ោង ១០និង៤៥នាទីយប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ មានករណីឃាតកម្មដ៏សាហាវឃោរឃៅមួយ បានកើតឡើងនៅចំណុចក្នុងអគារកាស៊ីណូ តុងហ្វាងប៉ាលីរិន ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ដោយជនជាតិចិន ចំនួន២ក្រុម បានកើតមានជម្លោះនឹងគ្នានៅក្នុងកាស៊ីណូមួយកន្លែង រហូតឈានដល់ការដកកាំភ្លើងបាញ់ប្រហារភាគីទំនាស់ បណ្តាលឱ្យស្លាប់ ២នាក់ក្នុងថ្លុកឈាម ។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងមន្ទីរជំនាញស្រាវជ្រាវនិងបង្ក្រាបបទល្មើស ចំនួន១០នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ញា វិសិដ្ឋ ប្រធានមន្ទីរ ចុះដល់ទីតាំងកើតហេតុ ឃើញមានជនរងគ្រោះ ចំនួន២នាក់ ដេកស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកជនបង្កហេតុ បានរត់គេចខ្លួនបាត់អស់។

បន្ទាប់មក កម្លាំងអាវុធហត្ថជំនាញ បានស្រាវជ្រាវនិងស្វែងរកមុខសញ្ញាបន្ត រហូតដល់វេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ក៏ស្រាវជ្រាវបានដឹងថា ជនបង្កហេតុ បានប្រើប្រាស់រថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា អាល់ហ្វាដ (TOYOTA ALPHARD) ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2D-9555 មានទិសដៅពីព្រះសីហនុ ទៅភ្នំពេញ ក៏បានបញ្ជាឱ្យកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកព្រៃនប់ ចាំស្ទាក់។

ក្រោយមក ស្រាប់តែឃើញរថយន្តខាងលើ បានបើកមកពីទិសដៅផ្លូវជាតិលេខ៣ ឆ្លងកាត់រង្វង់មូលវាលរេញ ស្រុកព្រៃនប់ ក៏ត្រូវបានកម្លាំងអាវុធហត្ថជំនាញ ឃាត់រថយន្ត និងនាំខ្លួនមនុស្សចំនួន ៣នាក់ យកមកសាកសួរនៅបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោកពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

ជនសង្ស័យទាំង ៣នាក់ រួមមាន ទី១-ឈ្មោះ ZHENG YINGFEI ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។  ២-ឈ្មោះ DU CHONG ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងទី៣- ឈ្មោះ XIONG ZHENG ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបញ្ជាក់ថា រហូតដល់វេលាម៉ោង ១រសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ក្រោយពីកម្លាំងការិយាល័យជំនាញ បានធ្វើការសាកសួរតាមជំនាញ និងតាមនីតិវិធីរួចមក ទើបជនសង្ស័យឈ្មោះ ZHENG YINGFEI ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន បានព្រមសារភាពថា ខ្លួនពិតជាបានបាញ់សម្លាប់ជនរងគ្រោះប្រាកដមែន ដោយប្រើអាវុធខ្លីមិនស្គាល់ម៉ាក (បានបោះចោលនៅក្នុងបន្ទប់កើតហេតុ) ហើយចំពោះឈ្មោះ Wei ភេទប្រុស ជនជាតិចិន ជាមិត្តភក្តិ ដែលជាប់ពាក់ព័ន្ធបទល្មើសខាងលើ បានរត់គេចខ្លួនបាត់។ ចំណែកមូលហេតុដែលឈានដល់ការបាញ់សម្លាប់ជនរងគ្រោះ គឺដោយសារវិវាទរឿងជំពាក់លុយ។

ក្រោយពីកម្លាំងអាវុធហត្ថជំនាញ បានធ្វើការសាកសួរ ត្រួតពិនិត្យតាមនីតិវិធី លើជនសង្ស័យទាំង៣នាក់រួចមក ចំពោះជនសង្ស័យប្រុសស្រី២នាក់ (ឈ្មោះ DU CHONG ភេទប្រុស ទី៣ឈ្មោះ XIONG ZHENG ភេទស្រី) ឃើញថាពុំមានជាប់ពាក់ព័ន្ធក្នុងអំពើឃាតកម្មខាងលើទេ ដោយសារពួកគាត់មិនបាននៅនឹងកន្លែងកើតហេតុ ព្រោះពេលកើតហេតុ អ្នកទាំងពីរ កំពុងនៅផ្ទះ និងនៅក្រុមហ៊ុន តែបន្ទាប់មក ជនល្មើសឈ្មោះ ZHENG YINGFEI បានបើករថយន្តទៅយកឈ្មោះ DU CHONG ជាមិត្តភក្តិ និងឈ្មោះ XIONG ZHENG សង្សារ ដោយប្រាប់ថា ត្រូវចេញទៅភ្នំពេញ ដើម្បីពិនិត្យសុខភាព នៅថ្ងៃស្អែក។

បន្ទាប់មក នៅវេលាម៉ោង ៤រសៀល ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ដោយមានការអនុញ្ញាតពីលោកពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ចំពោះជនសង្ស័យប្រុសស្រីទាំង២នាក់ ដែលពុំមានជាប់ពាក់ព័ន្ធនឹងបទល្មើសខាងលើ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានវិញ។

ជនសង្ស័យ ម្នាក់ខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញ បន្តនីតិវិធី និងបន្តស្រាវជ្រាវរកមុខសញ្ញាដែលជាប់ពាក់ព័ន្ធទៀត។

គួរបញ្ជាក់ថា ផ្តើមចេញពីការបាញ់សម្លាប់គ្នាខាងលើនេះ ទើបលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ បានកោះប្រជុំ និងបានដាក់ចេញនៅវិធានការដាច់ណាត់ ចំពោះទីតាំងកាស៊ីណូ និងទីតាំងអាជីវកម្មផ្សេងទៀត ក្នុងករណីដែលរកឃើញមានការបាញ់សម្លាប់ ការចាប់បង្ខាំង ការប្រើប្រាស់គ្រឿងញៀន និងបទល្មើសផ្សេងៗ នោះអាជ្ញាធរខេត្ត នឹងធ្វើការបិទផ្អាកអាជីវកម្ម និងស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីដកអាជ្ញាប័ណ្ណជាស្ថាពរ លែងឱ្យប្រកបរបររកស៊ីនៅក្នុងខេត្តព្រះសីហនុ តទៅទៀត។ ដោយឡែកចំពោះជនល្មើសដែលឃាត់ខ្លួនបាន នឹងបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការលើកលែងឡើយ៕

RELATED ARTICLES