Thursday, November 28, 2024
Homeព័ត៌មានជាតិតុលាការសម្រេចដាក់គុក​ ​អតីតផ្កាយ១

តុលាការសម្រេចដាក់គុក​ ​អតីតផ្កាយ១

ភ្នំពេញ ៖ លោក លិ សុខា ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ បានបើកសវនាការប្រកាសសាលក្រមសំណុំរឿងលោកស៊ុំ សុជាតិ អតីតស្នងការរងខេត្តកំពង់ឆ្នាំង សម្រេចដាក់ពន្ធនាគារ កំណត់ចំនួន៤ឆ្នាំ ព្រមទាំងរឹបអូសទ្រព្យសម្បត្តិ ចំនួន ៥០៩ ៩៨៨ដុល្លារ និងពិន័យជាប្រាក់ចំនួន ៥០លានរៀល ចូលថវិការដ្ឋ ពាក់ព័ន្ធនឹងបទល្មើសបំផ្លាញនិងគៃបំបាត់ បទហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក បទមិនប្រកាសទ្រព្យសម្បត្តិនិងបំណុល និងបទសម្អាតប្រាក់ ក្នុងខេត្តកំពង់ឆ្នាំង។

គួរបញ្ជាក់ថា ឈ្មោះស៊ុ សុជាតិ ហៅឈុយ ត្រូវបានតុលាការចោទប្រកាន់ពីបទបំផ្លាញនិងគៃបំបាត់ បទហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក បទមិនប្រកាសទ្រព្យសម្បត្តិនិងបំណុល និងបទសម្អាតប្រាក់ ប្រព្រឹត្តនៅចំណុចដែនព្រៃលិចទឹក តំបន់៣ នៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រភូមិកង្កែប និងភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៦០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៨៨ នៃច្បាប់ស្តីពីជលផល និងមាត្រា ៣២ មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើ ពុករលួយ និងមាត្រា ៣ថ្មី មាត្រា ២៨ថ្មី១ នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

អតីតឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ និងលោកវរសេនីយ៍ឯក កែវ ណារុន នាយការិយាល័យអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ត្រូវបានឃាត់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពីហៅទៅសាកសួរ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ពាក់ព័ន្ធការកាន់កាប់ ព្រៃលិចទឹក នៅតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលជាតំបន់ហាមឃាត់ នៃការកាប់ទន្ទ្រានព្រៃលិចទឹក៕

RELATED ARTICLES