Thursday, November 28, 2024
Homeព័ត៌មានជាតិឃាត់ខ្លួនមេឆ្នោត ប្រចាំស្រុកកែវសីមា

ឃាត់ខ្លួនមេឆ្នោត ប្រចាំស្រុកកែវសីមា

ខេត្តមណ្ឌលគិរី ៖ ស្ត្រីម្នាក់ ជាមេឆ្នោត (កន្ទុយលេខ) ល្បីឈ្មោះ ប្រចាំស្រុកកែវសីមា ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ដើម្បីចាត់ការតាមច្បាប់។

ស្ត្រីជាមេកន្ទុយលេខដែលត្រូវសមត្ថកិច្ចច្ចាប់ឃាត់ខ្លួន មានឈ្មោះជា រដ្ឋា អាយុ៣៤ឆ្នាំ មានលំនៅ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនតាមបញ្ជារបស់លោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី កាលពីល្ងាចថ្ងៃទី០២ សីហា ឆ្នាំ២០២២ ដើម្បីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក្រោយរកឃើញភ័ស្តុតាងដូចជា សៀវភៅកត់កន្ទុយលេខ ចំនួន២ក្បាល និងទូរស័ព្ទដៃ ១គ្រឿង ជាមធ្យោបាយផ្ញើលេខ ដើម្បីស៊ីសង។

ក្នុងប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនល្បែងឆ្នោតកោស ចំនួន៤នាក់ផ្សេងទៀតដែរ ប៉ុន្តែក្រោយពិនិត្យ គឺជាក្រុមហ៊ុនស្របច្បាប់ សមត្ថកិច្ចក៏អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

ជនសង្ស័យឈ្មោះជា រដ្ឋា បានសារភាពថា ខ្លួនបានលក់ឆ្នោត រយៈពេល ៣ឆ្នាំមកហើយ ពេលខ្លួនកត់កន្ទុយលេខ គឺបាញ់ឱ្យឈ្មោះស៊យ ថារិទ្ធ និងមានកូនកញ្ច្រែង ចំនួន២នាក់ទៀត។ ក្នុងរយៈពេលនេះ ខ្លួននិងកូនកញ្ច្រែង កត់កន្ទុយលេខ បាញ់ឱ្យមេឈ្មោះ P3 ដោយឆ្នោតទាំងអស់ គឺកត់ផ្ទាល់ដៃ មានប៉ុស្តិ៍រង់ចាំផ្ទៀងលទ្ឋផល A B C D ជាឆ្នោតវៀតណាម ហើយប្រាក់ដែលកត់បាន ក្នុង១ថ្ងៃ បានពី ៨០ទៅ៩០ម៉ឺនរៀល។

សមត្ថកិច្ចនៃនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី និងភ័ស្តុតាង រួមទាំងចម្លើយសារភាពរបស់ជនសង្ស័យ អាចសន្និដ្ឋានបានថា ឈ្មោះ ជា រដ្ឋា ពិតជាបានបើកលក់ឆ្នោតកន្ទុយលេខ ប្រាកដមែន។

ប្រជាពលរដ្ឋបានលើកឡើងថា ខេត្តមណ្ឌលគិរី តែងឃើញអ្នកលួចលេងល្បែងកន្ទុយលេខ ឬឆ្នោតវៀតណាមនេះ កំពុងតែជ្រកក្រោមបុគ្គលដែលមានអាជ្ញាប័ណ្ណឆ្នោតស្របច្បាប់ ហើយសម្រាប់ស្រុកកែវសីមា នេះផ្ទាល់ មិនមែនមានតែស្ត្រីម្នាក់ខាងលើនោះទេ ជាអ្នកកត់កន្ទុយ លេខ ស៊ីសង គឺនៅមាន ៣ទៅ៤នាក់ទៀត កំពុងសម្ងំកើបលុយពីពលរដ្ឋខ្មែរ ក្នុង១ថ្ងៃៗ រាប់សិបលានរៀល៕

RELATED ARTICLES