Tuesday, May 21, 2024
Homeព័ត៌មានជាតិរៀបការបាន៥ខែ ឡានបុកប្រពន្ធស្លាប់

រៀបការបាន៥ខែ ឡានបុកប្រពន្ធស្លាប់

ខេត្តសៀមរាប ៖ ប្តីប្រពន្ធវ័យក្មេងមួយគូ មានវាសនាអភ័ព្វខ្លាំងណាស់ ទើបនឹងចាប់ដៃគ្នាសាងគ្រួសារ បានរយៈពេលប្រមាណ ៥ខែ ស្រាប់តែជួបគ្រោះអកុសល ត្រូវព្រាត់និរាសគ្នាគ្មានថ្ងៃជួប បន្ទាប់ពីជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបុក ខណៈដែលកំពុងជិះម៉ូតូដឹកគ្នា បណ្តាលឱ្យបុរសជាប្តី រងរបួសធ្ងន់ ចំណែកស្ត្រីជាប្រពន្ធ បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវលេខ ៦៧ ត្រង់ចំណុចខាងជើងសាលាឃុំព្រះដាក់ ស្ថិតក្នុងភូមិថ្នល់បណ្តោយ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។

ស្ត្រីរងគ្រោះដែលបាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់នោះ មានឈ្មោះស្រោង រ៉ី អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន។ ចំណែកបុរសជាប្តីដែលទទួលរងរបួសធ្ងន់ មានឈ្មោះទូច ប៊ុនលាត មុខរបរជាមន្ត្រីបរិស្ថាន។ ប្តីប្រពន្ធទាំងពីរ ទើបនឹងរៀបអាពាហ៍ពិពាហ៍ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ កន្លងទៅ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធខាងលើ បានជិះម៉ូតូ ១គ្រឿង ម៉ាកស៊ុយស៊ូគី ស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ១៩ 1-7058 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦៧ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែត្រូវរថយន្ត ១គ្រឿង ម៉ាកឡិចស៊ីស LX-350 ពណ៌ស ពាក់ស្លាកលេខ ប.មានជ័យ 2C-5182 ធ្វើដំណើរស្របគ្នា ក្នុងល្បឿនយ៉ាងលឿន រួចក៏បានជ្រុលមកបុកម៉ូតូជនរងគ្រោះពីក្រោយ យ៉ាងពេញទំហឹង បណ្តាលឱ្យជនរងគ្រោះទាំង ២នាក់ ប្តីប្រពន្ធ ទទួលរងរបួសធ្ងន់ដូចគ្នា។

ក្រោយកើតហេតុ ដោយឃើញសភាពមិនស្រួល អ្នកបើកបររថយន្ត (មិនស្គាល់អត្តសញ្ញាណ) បានបើកទ្វារចុះ រត់គេចខ្លួនបាត់ភ្លាមៗ។

បន្ទាប់មក សមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍ និងចាត់បញ្ជូនជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតភ្លាមៗដែរ តែអកុសល ដោយសារតែស្ថានភាពរបួសរបស់ស្ត្រីរងគ្រោះជាប្រពន្ធ មានសភាពធ្ងន់ធ្ងរពេក ទើបបណ្តាលឱ្យបាត់បង់ជីវិតយ៉ាង អាណោចអាធ័ម ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ។ ចំណែកបុរសជាប្តី កំពុងត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះបន្ទាន់។

ក្រោយពីធ្វើការវាស់វែងតាមជំនាញរួចរាល់ សមត្ថកិច្ចបានអូសយកម៉ូតូនិងរថយន្ត ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី រង់ចាំធ្វើការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។ ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES