Thursday, November 28, 2024
Homeព័ត៌មានជាតិចូលសម្អាតបន្ទប់ទឹក ដួលបោកក្បាលស្លាប់

ចូលសម្អាតបន្ទប់ទឹក ដួលបោកក្បាលស្លាប់

ភ្នំពេញ ៈ បុរសជាអ្នកមើលថែ បោសសម្អាតវត្តវាលស្បូវម្នាក់ ត្រូវបានប្រទះឃើញស្លាប់នៅក្នុងបន្ទប់ទឹក បង្កមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ នៅចំណុចក្នុងបន្ទប់ទឹក កុដិគ្មានលេខ វត្តវាលស្បូវ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិព្រែកតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

បុរសរងគ្រោះដែលដួលស្លាប់ក្នុងបន្ទប់ទឹក មានឈ្មោះពៅ សុផល អាយុ៥៥ឆ្នាំ មុខរបរអ្នកបោសសម្អាតវត្ត មានលំនៅ ភូមិព្រែកតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

ព្រះសង្ឃ ព្រះនាម សូរ្យ សុភារី គង់នៅវត្តវាលស្បូវ បានឲ្យដឹងថា ជនរងគ្រោះ ជាមនុស្សមានជំងឺសរសៃប្រសាទ ប្រចាំកាយ រយៈពេលជាង ២៥ឆ្នាំមកហើយ និងជាអ្នករស់នៅ បោសសម្អាតនៅក្នុងវត្តវាលស្បូវ។ មុនពេលកើតហេតុ នៅវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ខណៈដែលព្រះអង្គនិមន្តចូលបន្ទប់ទឹកក្នុងកុដិ ស្រាប់តែប្រទះឃើញជនរងគ្រោះដេកដួលនៅលើឥដ្ឋការ៉ូ ក្នុងបន្ទប់ទឹក ធ្វើឱ្យផ្អើលឆោឡោ ចោមរោមមើល ទើបដឹងថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យ ភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបច្ចេកទេសវិទ្យាសាស្ត្រ និងលោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង (អាចបណ្តាលមកពីជំងឺបេះដូង លើអ្នកដែលមានជំងឺសរសៃប្រសាទ)។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES