ខេត្តសៀមរាប ៖ មន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅកម្ពុជា សហការជាមួយមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើដុះស្លែ រហូតឈានដល់ការផ្ទុះអាវុធ ចំនួន២គ្រាប់ ទើបចាប់ឃាត់ខ្លួនអ្នកបើករថយន្តដឹកឈើ បានចំនួន២នាក់ ដែល ព្យាយាមតដៃជាមួយសមត្ថកិច្ច។
ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ឈានដល់ការផ្ទុះអាវុធនេះ បានកើតឡើងកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានបង្ហើបឱ្យដឹង ជនសង្ស័យទាំង២នាក់ ដែលត្រូវបានចាប់ឃាត់ខ្លួន ទី១-ឈ្មោះយេង សុភក្ត្រា ភេទប្រុស និងទី២-ឈ្មោះខឿម ខួច ភេទប្រុស។ ជនសង្ស័យទាំង២នាក់ មានលំនៅ ភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង។
ប្រតិបត្តិការនេះ មន្ត្រីជំនាញបានឈានដល់ការផ្ទុះអាវុធ ២គ្រាប់ បន្ទាប់ពីជនល្មើសដែលដឹកជញ្ជូនឈើ មិនព្រមស្តាប់ និងមានការប្រវាយប្រតប់គ្នាជាមួយកម្លាំងសមត្ថកិច្ច ទើបឈានដល់ផ្ទុះអាវុធតែម្តង។
ក្រោយឃាត់ខ្លួនជនសង្ស័យបាន កម្លាំងចម្រុះ ពិនិត្យឃើញមានគ្រឿងញៀន ចំនួន២កញ្ចប់ នៅជាប់ខ្លួនជនសង្ស័យ ជាអ្នកដឹកឈើទៀតផង។
ជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង គ្រឿងញៀន ២កញ្ចប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រគល់ឱ្យកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តសៀមរាប យកទៅសាកសួរ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្ត ចាត់ការបន្តតាមនីតិវិធី។ ចំណែកឈើដែលរឹបអូសបាន ត្រូវបានយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ ស្រុកជីក្រែង៕