ចាប់ចោរ៣នាក់ ដកហូតម៉ូតូ៥គ្រឿង

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូយ៉ាងសកម្ម ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ត្រូវ បានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ដកហូតម៉ូតូ ចំនួន៥គ្រឿង ។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើង កាលពីវេលាទៀបភ្លឺ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅផ្ទះសំណាក់មួយកន្លែង ក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ជនសង្ស័យទាំង ៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖ ១-ឈ្មោះប៊ូ រតនា ហៅចាវ ភេទប្រុស អាយុ១៥ឆ្នាំ មានលំនៅ ភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។ ទី២-ឈ្មោះជួង រ៉ាសល់ ភេទប្រុស អាយុ១៥ឆ្នាំ មានលំនៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និងទី៣-ឈ្មោះធូ ចាន់ថុល ហៅថុល ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិទួលពង្រ សង្កាត់អូរប្ញស្សី ក្រុងប៉ោយប៉ែត។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញ បានឱ្យដឹងថា មុនឈានទៅឃាត់ខ្លួនជនសង្ស័យទាំង៣ខាងលើ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះចំនួន២នាក់ កាលពីខែកក្កដា ឆ្នាំ២០២២។

ជនរងគ្រោះទី១ ឈ្មោះយឹម វិរៈ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ជាសន្តិសុខ (តំណាងឱ្យជនជាតិឥណ្ឌូនេស៊ី) បានដាក់ពាក្យប្តឹង និងរាយការណ៍ថា កាលពីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ មានជនមិនស្គាល់អត្តសញ្ញាណ ចំនួន៣នាក់ បានលួចម៉ូតូ ម៉ាកឃ្លីក ចំនួន២គ្រឿង ដែលទុកមុខអគារធ្វើការរបស់ជនជាតិឥណ្ឌូនេស៊ីដោយ ១គ្រឿង ពណ៌ខ្មៅ លាយលឿង និង១គ្រឿង ពណ៌ខ្មៅលាយស។

ដោយឡែក ជនរងគ្រោះទី២ បានដាក់ពាក្យបណ្តឹងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ដោយជនរងគ្រោះមានឈ្មោះគឹម វណ្ណៈ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរអ្នកលក់ដូរ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ប្តឹងនិងរាយការណ៍ថា នៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ មានជនមិនស្គាល់មុខ ២នាក់ បានលួចម៉ូតូរបស់គាត់មួយគ្រឿងម៉ាកស្គូពី ពណ៌ក្រហមក្រមៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ បាត់ដំបង 1O-4585 ដែលប្អូនរបស់គាត់ដាក់នៅមុខបន្ទប់។

ក្រោយទទួលពាក្យបណ្តឹងពីតំណាងនិងជនរងគ្រោះ និងតាមបទបញ្ជាណែនាំពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកវរសេនីយ៍ឯកសៅ សារឿន អធិការនគរបាលក្រុង ប៉ោយប៉ែត ក៏បានដឹកនាំកម្លាំងជំនាញ បើកកាស្រាវជ្រៀវយ៉ាងយកចិត្តទុកដាក់ រហូតឈានទៅឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ ជាបន្តបន្ទាប់ និងរកឃើញម៉ូតូ ចំនួន៥គ្រឿង។

ក្រោយសាកសួរ ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូទាំងនេះមែន។

សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ ជាមុខសញ្ញាលួចម៉ូតូ យ៉ាងសកម្ម នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

ម៉ូតូទាំង ៥គ្រឿង សមត្ថកិច្ចបានសុំគោលការណ៍ទៅថ្នាក់លើ ដើម្បីប្រគល់ឱ្យម្ចាស់យកទៅប្រើប្រាស់វិញ ។ ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕