ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង បានសម្រេច តែដេរមិនឆេះ ក៏ត្រូវម្ចាស់ម៉ូតូឃើញទាន់ ស្រែកឆោឡោផ្អើលអស់ប្រជាពលរដ្ឋ នាំគ្នាដេញតាមឃាត់ខ្លួនបានភ្លាមៗ រួចបញ្ចេញកំហឹងម្នាក់១ដៃ១ជើង ឡើងទ្រមខ្លួន ទើបប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។
ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យ មិនទាន់ត្រូវបានសមត្ថកិច្ចប្រាប់ឈ្មោះឱ្យដឹងនៅឡើយ ព្រោះត្រូវការស្រាវជ្រាវរកបក្ខពួកបន្តទៀតសិន។ ចំណែកម៉ូតូដែលជនសង្ស័យលួចមិនបានសម្រេចនោះ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BJ-8601 ជាម៉ូតូច្នៃសម្រាប់ដឹកបន្លែយកទៅលក់។
តាមប្រភពព័ត៌មានពីជនរងគ្រោះជាម្ចាស់ម៉ូតូ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានយកម៉ូតូ ទៅទុកនៅកៀនរបងឃ្លាំង ទល់មុខនឹងផ្ទះរបស់គាត់ ដូចសព្វដង រួចក៏ចូលទៅក្នុងផ្ទះ បន្ទាប់មកក៏ដើរចេញមកពីក្នុងផ្ទះវិញ ស្រាប់តែឃើញជនសង្ស័យកំពុងតែឡើងជិះលើម៉ូតូរបស់គាត់ ហើយខំប្រឹងធាក់ផង ចុចដេផង តែម៉ូតូមិនឆេះ។ ភ្លាមនោះ គាត់បានស្រែកថា “ចោរ!ៗលួចម៉ូតូ” ធ្វើឱ្យជនសង្ស័យភ័យ ក៏បានចុះពីលើម៉ូតូ រួចរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋផ្អើល នាំគ្នាដេញតាមស្ទាក់ឃាត់ខ្លួនបានភ្លាមៗ ហើយនាំគ្នាវាយមួយដៃមួយជើង និងចងស្លាបសេកដៃទៅក្រោយ ទើបប្រគល់ឱ្យសមត្ថកិច្ចយកទៅសាកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅ២។
ក្រោយពេលកើតហេតុ បន្ទាប់ពីខាងសមត្ថកិច្ចបានសាកសួរ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។ បន្ទាប់មក សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅផ្នែកជំនាញព្រហ្មទណ្ឌ ដើម្បីចាត់ការទៅនីតិវិធីបន្ត ចំណែកម៉ូតូ សមត្ថកិច្ចបានប្រគល់ឱ្យម្ចាស់ដើមវិញ៕