Thursday, November 28, 2024
Homeព័ត៌មានជាតិប្រុសឱបថើបស្ទាបកូនស្រី ឪប្តឹងប៉ូលិសចាប់

ប្រុសឱបថើបស្ទាបកូនស្រី ឪប្តឹងប៉ូលិសចាប់

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចាប់ឱបថើប លូកស្ទាបក្មេងស្រីម្នាក់ ទីបំផុតត្រូវឪពុករបស់ក្មេងស្រីរងគ្រោះ តាមទាន់ ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ និងឈានដល់ការចាប់ខ្លួនជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់។

ករណីប្រទូស្តកេរ្តិ៍ខ្មាសមានស្ថានទម្ងន់ទោសនេះ បានកើតឡើង កាលពី៣១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល។ រហូតមកដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ មកសាកសួរ ដោយយោងតាមពាក្យបណ្តឹងរបស់ឪពុកក្មេងស្រីរងគ្រោះ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស្មៀន ជ្រឹម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល។ ចំណែកក្មេងស្រីរងគ្រោះ ស្ថិតក្នុងវ័យជាអនីតិជន មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ផាក់ឱ្យដឹងថា កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ ធ្វើការនាំខ្លួនជនសង្ស័យ ឈ្មោះស្មៀន ជ្រឹម មកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ ស្រាវជ្រាវ ជុំវិញពាក្យបណ្តឹងរបស់បុរសម្នាក់ អាយុ៤០ឆ្នាំ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង (ត្រូវជាឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះ) ពីករណីប្រទូស្តកេរ្តិ៍ខ្មាសមានស្ថានទម្ងន់ទោស លើក្មេងស្រីរងគ្រោះ ដែលជាកូនស្រីរបស់គាត់។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួនបែបនេះ គឺយោងទៅតាមពាក្យបណ្តឹងរបស់ឪពុកក្មេងស្រីរងគ្រោះ ប្តឹងចោទប្រកាន់ចំពោះជនសង្ស័យ ថាបានប្រព្រឹត្តបទប្រទូស្តកេរ្តិ៍ខ្មាសមានស្ថានទម្ងន់ទោស ទៅលើកូនស្រីរបស់គាត់ ជាអនីតិជន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដែលករណីនេះគាត់ស្នើសុំឱ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនសង្ស័យខាងលើ។

ផ្តើមពីពាក្យបណ្តឹងបែបនេះ និងស្របតាមបទបញ្ជារបស់ថ្នាក់ដឹកនាំស្នងការ ទើបសមត្ថកិច្ចនគរបាលស្រុក ធ្វើការនាំខ្លួនជនសង្ស័យ មកធ្វើការសាកសួរ ស្រាវជ្រាវតែម្តង ហើយនៅពេលធ្វើការសាកសួរស្រាវជ្រាវរួច សមត្ថកិច្ចនគរបាល បានរៀបចំកសាងសំណុរឿង បញ្ជូន ជនសង្ស័យខាងលើ ទៅកាន់ការិយាល័យជំនាញ ដើម្បីអនុវត្តទៅតាមនីតិវិធី៕

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ផាក់ថា ទិដ្ឋភាពខាងលើនេះ បានសឱ្យឃើញថា គ្រប់ករណីដែលសមត្ថកិច្ចនគរបាលទទួលបាន គឺត្រូវបានចាត់វិធានការស្រាវជ្រាវ ស៊ើបអង្កេត ដោយពុំមានការបោះបង់ ឬមិនបានយកចិត្ត ទុកដាក់ឬមិនបានចាត់វិធានការនោះឡើយ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាប និងសូមកុំឱ្យ មានការភាន់ច្រឡំចំពោះករណីខាងលើនេះ ជាមួយគ្នានេះ សមត្ថកិច្ចនគរបាល សូមអរគុណចំពោះការផ្តល់ព័ត៌ពីគ្រប់មជ្ឈដ្ឋាន មកដល់ សមត្ថកិច្ចនគរបាលនិងសូបន្តការសហការល្អដោយភាតរភាព។/

RELATED ARTICLES