Thursday, November 28, 2024
Homeព័ត៌មានជាតិបងដកកាំភ្លើងបាញ់ប្អូនស្លាប់ ខឹងស្តីប្រដៅ

បងដកកាំភ្លើងបាញ់ប្អូនស្លាប់ ខឹងស្តីប្រដៅ

ខេត្តក្រចេះ ៖ ករណីឃាតកម្មដ៏សាហាវឃោរឃៅ បងប្រុសបង្កើត ដកកាំភ្លើងបាញ់ប្អូនប្រុសរបស់ខ្លួន បណ្តាលឱ្យធ្លាយក្បាលស្លាប់យ៉ាងអាណោចអាធ័ម កាលពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល នោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ ឈានដល់ការចាប់ខ្លួនជនដៃដល់ជាឃាតករបាន កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ក្រោយពីជននេះបានរត់គេចខ្លួនពីខេត្តក្រចេះ មកសម្ងំលាក់ខ្លួននៅផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រតិបត្តិការចាប់ឃាត់ខ្លួនជនដៃដល់ជាឃាតករបាញ់សម្លាប់ប្អូនបង្កើតខ្លួនឯងនេះ ធ្វើឡើងដោយកម្លាំងនគរបាលស្រុកស្នួល ខេត្តក្រចេះ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត និងកម្លាំងនាយដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកវរសេនីយ៍ឯក គុណ សុភ័ណ្ឌ ស្នងរងទទួលផែនព្រហ្មទណ្ឌ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត ក្រោមការសម្របសម្រួលពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ទើបឈានដល់ការឃាត់ខ្លួនជនដៃដល់បាន កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្ទះសំណាក់ទឹកមាស មានទីតាំងស្ថិតនៅក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស៊្រុន សុខុម អាយុ៣០ឆ្នាំ មុខបរមិនពិតប្រាកដ និងជាមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀន មានលំនៅ ភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល។ ចំណែកជនរងគ្រោះជាប្អូនប្រុស មានឈ្មោះស៊្រុន សុខាវ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យជាឃាតករ ឈ្មោះស៊្រុន សុខុម ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីឃាតកម្ម (បាញ់សម្លាប់ប្អូនប្រុសបង្កើតខ្លួនឯង) កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅចំណុចម្តុំការ៉េប្រាំបួន (៩៩៩៩) ស្ថិតនៅភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល។ បន្ទាប់ពីបាញ់សម្លាប់ប្អូនប្រុសរួចហើយ ជនសង្ស័យជាឃាតករ កបានព្យាយាមរត់គេចខ្លួនចេញពីខេត្តក្រចេះ មកសម្ងំលាក់ខ្លួននៅឯរាជធានីភ្នំពេញ។

ក្រោយកើតមានករណីឃាតកម្មខាងលើ កម្លាំងសមត្ថកិច្ចជំនាញ បានចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការកំណត់បានថា ជនសង្ស័យជាឃាតករ បានរត់គេចមករាជធានីភ្នំពេញ ទើបស្នើសុំកិច្ចសហការពីសមត្ថកិច្ចជំនាញរាជធានីភ្នំពេញ ចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចផ្ទះសំណាក់ ទឹកមាស មានទីតាំងស្ថិតនៅក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្រោយការឃាត់ខ្លួនជនសង្ស័យ កម្លាំងនគរបាល បានដកហូតវត្ថុតាង រួមមាន កាំភ្លើងខ្លី ម៉ាក Glock 19 ពណ៌ខ្មៅ ចំនួន១ដើម បង់ចំនួន២ គ្រាប់ចំនួន១២គ្រាប់ ម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀន មេតំហ្វេតាមីន ចំនួន៣កញ្ចប់ (១កញ្ចប់ធំ និង២កញ្ចប់មធ្យម) ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន១ និងដែកកេះ ចំនួន៤។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឃាតករ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើប្រាស់កាំភ្លើងខ្លីម៉ាក Glock 19 បាញ់ទៅលើប្អូនប្រុសបង្កើតឈ្មោះស៊្រុន សុខាវ ត្រូវចំសៀតផ្កាខាងឆ្វេង ធ្លាយទៅសៀតផ្កាខាងស្តាំប្រាកដមែន។ មូលហេតុ ដោយសារតែខឹងជនរងគ្រោះជាប្អូនប្រុស ដែលបានតមាត់ ខណៈពេលដែលខ្លួនជាបង កំពុងតែណែនាំនិងស្តីបន្ទោសឱ្យតិចតួច។

ជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES