Thursday, November 28, 2024
Homeព័ត៌មានជាតិចេញពីគុក បង្កើតក្រុមចោរ ឆក់ប្លន់ ១៤ដង ជាប់ខ្នោះ៨នាក់

ចេញពីគុក បង្កើតក្រុមចោរ ឆក់ប្លន់ ១៤ដង ជាប់ខ្នោះ៨នាក់

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ លុះចេញមកវិញ បែរជាបែកគំនិតបង្កើតបក្ខពួក មានគ្នាប្រមាណ ជិត១០នាក់ ចេញធ្វើសកម្មភាពឆក់ទូរស័ព្ទ កាបូប និងដេញវាយប្លន់ម៉ូតូអ្នកដំណើរ បានសម្រេចសរុបចំនួន ១៤ដង ទើបត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវក្របួចជាប់ទាំងសម្បុក ដោយចាប់ឃាត់ខ្លួនបានសរុបចំនួន ៨នាក់ នាំយកទៅចាត់ការតាមច្បាប់។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនទាំង ៨នាក់ រួមមាន  ៖ ទី១-ឈ្មោះស៊ិន ចំណាត់ ហៅណាត់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល (ជាមេខ្លោង) ធ្វើសកម្មភាពបានសម្រេចចំនួន ១៤លើក ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល១ឆ្នាំកន្លះ ពីបទជួញដូរសារធាតុញៀន។ ទី២-ឈ្មោះអ៊ុន សៀងឡេង ហៅឡេង ភេទប្រុស អាយុ១៦ឆ្នាំ  មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ធ្វើសកម្មភាពបានសម្រេចចំនួន២៤លើក។ ទី៣-ឈ្មោះឆាយ ភារិទ្ធ ហៅក្រិត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ធ្វើសកម្មភាពបានសម្រេចចំនួន ១៦លើក។ ទី៤-ឈ្មោះម៉េង លីហួ ហៅវ៉េវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ធ្វើសកម្មភាពបានសម្រេចចំនួន១លើក។ ទី៥-ឈ្មោះអ៊ុក វណ្ណី ហៅតុង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ធ្វើសកម្មភាពបានសម្រេចចំនួន១លើក។ ទី៦-ឈ្មោះសេង មករា ហៅឆាំ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ធ្វើសកម្មភាពបានសម្រេចចំនួន២លើក ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ៩ខែ ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ)។ ទី៧-ឈ្មោះយ៉ាន់ សីហា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ធ្វើសកម្មភាពបានសម្រេចចំនួន១លើក និងទី៨-ឈ្មោះហេង រ៉ាយុទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ធ្វើសកម្មភាពបានសម្រេចចំនួន២លើក ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល៣ខែ ពីបទលួចមានស្ថានទម្ងន់ទោស (វាយប្លន់ម៉ូតូ)។

រីឯវត្ថុតាងចាប់យក រួមមាន ៖ ១-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ លេខតួនិងលេខម៉ាស៊ីន 9115449 ពាក់ស្លាក លេខ ភ្នំពេញ 1CI-8423 (សម្រាប់ជិះធ្វើសកម្មភាព)។ ២-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ឡើងតែមឆ្នាំ២០១៨ លេខតួនិងលេខម៉ាស៊ីន 9255344 ពាក់ស្លាកលេខ ភ្នំពេញ 1CV-0705 (សម្រាប់ជិះធ្វើសកម្មភាព)។ ៣-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ឡើងតែមឆ្នាំ២០១៤ លេខតួនិងលេខម៉ាស៊ីន 8321255 ពាក់ស្លាកលេខ ភ្នំពេញ 1BO-9512 (សម្រាប់ជិះធ្វើ សកម្មភាព)។ ៤-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ លេខតួ និងលេខម៉ាស៊ីន 8622277 ពាក់ស្លាកលេខ ភ្នំពេញ 1DB-6362 (សម្រាប់ជិះធ្វើសកម្មភាព)។ ៥-ទូរស័ព្ទម៉ាក SAMSUNG ចំនួន៣គ្រឿង មានពណ៌ទឹកមាស ២គ្រឿង និងពណ៌ខ្មៅ ១គ្រឿង (ជារបស់ជនរងគ្រោះ ដែលយកបានមកវិញ)។ ៦-ទូរស័ព្ទម៉ាក iPhone 7 ពណ៌ទឹកមាស ១គ្រឿង។ ៧-ទូរស័ព្ទម៉ាក iPhone12 ពណ៌ផ្កាឈូក ១គ្រឿង។ ៨-ទូរស័ព្ទម៉ាក HUAWEI ពណ៌ខៀវបិទស្កុតពណ៌ខ្មៅ ១គ្រឿង និង៩-ទូរស័ព្ទម៉ាក VIVO ពណ៌ផ្ទៃមេឃ ១គ្រឿង (ជារបស់ជនសង្ស័យ)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ កម្លាំងផ្នែកនគរបាលយុត្តិធម៌ កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន ប៉ុស្តិ៍នគរបាលបែកចាន ប៉ុស្តិ៍ពើក ប៉ុស្តិ៍ដំណាក់អម្ពិល កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានសហការគ្នាចេញល្បាតក្នុងភូមិសាស្ត្រស្រុក លុះពេលល្បាតដល់ចំណុចផ្លូវជាតិលេខ៤ ខាងមុខផ្សារអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល បានប្រទះឃើញជនសង្ស័យ ចំនួន៣នាក់ ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ឡើងតែមឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1CV-0705 គួរឱ្យសង្ស័យ ក៏ហៅសាកសួរ ពេលនោះជនសង្ស័យឈ្មោះអ៊ុន សៀងឡេង ហៅឡេង និងឈ្មោះ ស៊ិន ចំណាត់ ហៅណាត់ និងឈ្មោះហេង រ៉ាយុទ្ធ បានសារភាពថា ខ្លួននិងបក្ខពួកបានធ្វើសកម្មភាពឆក់ទូរស័ព្ទយ៉ាងសកម្ម នៅបណ្តោយផ្លូវជាតិលេខ៤ ក្នុងខណ្ឌកំបូល ស្រុកអង្គស្នួល ខេត្តកំពង់ស្ពឺ ផ្លូវជាតិលេខ៥១ ផ្លូវជាតិ៤១ ។ បន្ទាប់មក ជនសង្ស័យបានឆ្លើយទៀតថា ខ្លួននៅមានបក្ខពួកឈ្មោះឆាយ ភារិទ្ធ ហៅក្រិត ឈ្មោះសេង មករា ឈ្មោះអ៊ុក វណ្ណី ហៅតុង ឈ្មោះម៉េង លីហួ និងឈ្មោះយ៉ាន់ សីហា ។

ក្រោយពីទទួលបានព័ត៌មានដូចនេះ ទើបកម្លាំងអធិការដ្ឋាននគរបាលស្រុក បានតាមស្វែងរកជនសង្ស័យ និងបានឃាត់ជនសង្ស័យ មានឈ្មោះដូចខាងលើ មកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្តតាមនីតិវិធី។ បន្ទាប់មក ជនសង្ស័យទាំង៨នាក់ បានសារភាពថា ខ្លួនជាបក្ខពួកតែមួយនឹងបានចូលរួមធ្វើសកម្មភាពជាមួយគ្នាមែន។

ក្រោយមក កម្លាំងផ្នែកជំនាញនគរបាលស្រុកអង្គស្នួល បានធ្វើការជូនដំណឹងទៅជនរងគ្រោះ ដើម្បីដាក់ពាក្យបណ្តឹងតាមនីតិវិធី។ ចំណែកក្រុមជនសង្ស័យទាំង៨នាក់ កម្លាំងផ្នែកជំនាញបានកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES