ខេត្តរតនគិរី ៖ ជនសង្ស័យប្រុសស្រី ១ក្រុម ដែលជាមុខសញ្ញាសកម្មជួញដូរសារធាតុញៀន ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តរតនគិរី បើកប្រតិបត្តិការបង្ក្រាប ដោយចាប់ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៥នាក់ និងដកហូតវត្ថុតាង ថ្នាំញៀនមួយចំនួន ព្រមទាំងកាំភ្លើងវែងខ្លី ចំនួន២ដើម។
ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ ធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចបន្ទប់ជួល លេខ១០ ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង។
ប្រតិបត្តិការខាងលើនេះ ធ្វើឡើងដោយសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ សុខ សែនចំរ៉ុង នាយការិយាល័យប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីលោកមុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី។
ជនសង្ស័យទាំង៥នាក់ ដែលត្រូវបានសមត្ថកិច្ចជំនាញចាប់ឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះសេង ស្រីពៅ ភេទស្រី អាយុ៥២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្ន នៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង។ ទី២-ឈ្មោះថឹម សុផាត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្ន ភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង។ ទី៣-ឈ្មោះហុង ថៃ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្ន ភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង។ ទី៤-ឈ្មោះលំ លេខ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្ន ភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង និងទី៥-ឈ្មោះសុខ ចាន់ដានី ភេទស្រី អាយុ៣១ឆ្នាំ មុខរបរអ៊ុតសក់ មានលំនៅបច្ចុប្បន្ន ភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង។ ក្នុងចំណោមជនសង្ស័យទាំង៥នាក់ខាងលើ ៤នាក់វិជ្ជមាន (មានសារធាតុញៀនក្នុងខួន) ចំណែកម្នាក់ទៀតអវិជ្ជមាន។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ដំបូងឡើយ សមត្ថកិច្ចជំនាញ បានចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ជាមុខសញ្ញាពាក់ព័ន្ធករណីគ្រឿងញៀន និងឈានដល់ការឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យ ដោយមានការចូលរួមសហការពីលោកចៅសង្កាត់បឹងកន្សែង ផងដែរ។ ក្នុងកិច្ចប្រតិបត្តិការឆែកឆេរនោះ សមត្ថកិច្ចរកឃើញសម្ភារៈបទល្មើសគ្រឿងញៀន មួយចំនួន នៅទីតាំង រួមមាន ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ចំនួន១កញ្ចប់ ថង់ច្រកថ្នាំញៀន មួយចំនួន និងឧបករណ៍សេពថ្នាំញៀន មួយចំនួន។
របាយការណ៍ដដែល បានបញ្ជាក់ថា ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យ ភ្លាមៗនោះ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអត្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាចាញ ព្រមទាំងមានការចូលរួមពីលោកចៅសង្កាត់ការចាញ ដល់ម៉ោងប្រហែល ៦ព្រលប់ សមត្ថកិច្ចបានបន្តនីតិវិធីឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យ នៅទីតាំងទី២ ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុងបាន ចំនួន៤មុខសញ្ញាបន្ថែមទៀត។ ដោយមុខសញ្ញាជាមេខ្លោង មានអាវុធ ពួនសំងំក្នុងផ្ទះ និងមេឃងងឹតផងនោះ ធ្វើឱ្យសសមត្ថកិច្ចពិបាកឈានទៅធ្វើការឃាត់ខ្លួន ទើបជនសង្ស័យ មានឱកាសរត់គេចខ្លួន។
របាយការណ៍បានបញ្ជាក់ទៀតថា ក្រោយពីបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានធ្វើការឆែកឆេរទីតាំងទី២ ជាផ្ទះរបស់ជនសង្ស័យជាមេខ្លោងដែលបានរត់គេចខ្លួននោះ រកឃើញសម្ភារៈពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងបទល្មើសព្រហ្មទណ្ឌមួយចំនួន នៅទីតាំងទី២ រួមមាន ១-កាំភ្លើងប្រើហ្គាស់ បាញ់គ្រាប់កង់ (ខ្លី) ចំនួន១ដើម ២-កាំភ្លើងប្រើហ្គាស់បាញ់គ្រាប់វាង់ឌឺឡុង (វែង) ចំនួន១ដើម ៣- បង់កាំភ្លើង ចំនួន២បង់ ៤-គ្រាប់កាំភ្លើង ចំនួន១៤គ្រាប់ ៥-ម្សៅស សង្ស័យជាសារធាតុញៀន ច្រកក្នុងទុយោ ចំនួន១បំពង់ ៦-ខ្នោះដៃ ចំនួន១គូ ៧- ដាវសាមូរ៉ៃ ចំនួន១ដើម និង៨-សម្ភារៈសេពនិងថង់ច្រកមានកម្ទេចសារធាតុញៀន មួយចំនួនធំ។
លុះមកដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចបានបន្តទៅធ្វើការឆែកឆេរទីតាំងទី៣ ស្ថិតនៅភូមិជ័យជម្នះ សង្កាត់ឡាបានសៀក ក្រុងបានលុង ដោយមានការសហការចូលរួមពីលោកមេភូមិ និងមេប៉ុស្តិ៍រដ្ឋបាលសង្កាត់ឡាបានសៀក។ ក្នុងនោះសមត្ថកិច្ចឆែកឆេរមិនបានរកឃើញសម្ភារៈអ្វីពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននោះឡើយ។
ក្រោយការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងសរុប រួមមាន ៖ ១-មេតំហ្វេតាមីន អាយ ចំនួន២កញ្ចប់ ទម្ងន់សុទ្ធ ២,៨៣ ក្រាម។ ២-កាំភ្លើងច្នៃវែងខ្លី ចំនួន២ដើម។ ៣-បង់ចំនួន២ និងគ្រាប់ចំនួន១៤គ្រាប់។ ៤-ខ្នោះ ចំនួន ១គូ។ ៥-លុយ ចំនួន ៥៥ម៉ឺនរៀល។ ៦-ថង់ច្រក និងសម្ភារៈសេពគ្រឿងញៀន មួយចំនួន។ ៧-ម៉ូតូ ចំនួន៤គ្រឿង និង៨-ទូរស័ព្ទដៃ ចំនួន៦គ្រឿង។
ជនសង្ស័យទាំង៥នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕