Tuesday, March 19, 2024
Homeព័ត៌មានជាតិជាងដែកបាញ់វីសជញ្ជាំង ខ្សែភ្លើងឆក់ស្លាប់

ជាងដែកបាញ់វីសជញ្ជាំង ខ្សែភ្លើងឆក់ស្លាប់

ខេត្តស្វាយរៀង ៖ បុរសជាជាងផ្សារដែកម្នាក់ បានឡើងទៅបាញ់វីសជញ្ជាំងសំយាបផ្ទះ ១កន្លែង ភ្លាត់ស្នៀតប៉ះចំខ្សែភ្លើង ឆក់បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣និង១០នាទីរសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២នៅ ត្រង់ចំណុចភូមិស៊ីកា ឃុំស្វាយយា ស្រុកស្វាយជ្រំ។

ជនរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះសំរិត សុផល អាយុ៤១ឆ្នាំ មុខរបរជាងផ្សារដែក មានលំនៅ ភូមិមហាសួន ឃុំស្វាយយា ស្រុកស្វាយជ្រំ។

តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះឈ្មោះសំរិត សុផល បានមកផ្សារដែកដូចសព្វដង នៅផ្ទះអ្នកភូមិម្នាក់។ ខណៈគាត់កំពុងបាញ់វីសជញ្ជាំងសំយាប សម្រាប់តទៅមុខនោះ ប្រហែលជាមានការធ្វេសប្រហែស ទើបត្រូវខ្សែភ្លើងឆក់ បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើការជាមួយគ្នា នាំគ្នាជួយសង្គ្រោះ ធ្វើចលនាបេះដូង ប៉ុន្តែជាអកុសលហួសពេលទៅហើយ។

សមត្ថកិច្ច បញ្ជាក់ថា ក្រោយកើត ហេតុសមត្ថកិច្ចជំនាញ បានទៅដល់ ហើយធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយត្រូវខ្សែភ្លើងឆក់ប្រាកដមែន ដោយសារជនរងគ្រោះ ខ្វះការប្រុងប្រយ័ត្ន ពេលឡើងបាញ់វីសជញ្ជាំង និងផ្សារផ្លានដំបូល បណ្តាលឱ្យឆក់តែម្តង។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES