Saturday, April 20, 2024
Homeព័ត៌មានជាតិស្ទាក់វ៉ៃប្លន់ម៉ូតូ ជាប់ខ្នោះ៤នាក់

ស្ទាក់វ៉ៃប្លន់ម៉ូតូ ជាប់ខ្នោះ៤នាក់

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុម មានគ្នា៤នាក់ ប្រដាប់ដោយដំបង បានធ្វើសកម្មភាពស្ទាក់វាយប្លន់ម៉ូតូពីបុរសជាជន ជាតិហ្វីលីពីនម្នាក់ បណ្តាលឱ្យរងរបួស និងមានការភិតភ័យ រត់ចោលម៉ូតូ ទុកឱកាសឱ្យក្រុមជនសង្ស័យលើកជិះគេច បាត់ស្រមោល និងបានយកទៅលក់ ចែកលុយគ្នាដើរស៊ីចាយអស់ ក៏ត្រូវសមត្ថកិច្ចចុះស្រាវជ្រាវចាប់ក្របួចជាប់ទាំង៤នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីស្ទាក់វ៉ៃប្លន់ម៉ូតូនេះ បានកើតឡើងតាំងពីយប់ទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ រហូតមកដល់វេលាម៉ោងង៨យប់ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចបានចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យទាំង៤នាក់បាន នៅចំណុចភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះ មានឈ្មោះ DAWIN CONRAD ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិហ្វីលីពីន មុខរបរគ្រូបង្រៀន។ ចំណែកម៉ូតូដែលត្រូវក្រុមជនសង្ស័យវ៉ៃប្លន់យកទៅ ម៉ាក YAMAHA FINO ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BC-0949។ ចំណែកជនសង្ស័យទាំង៤នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះអូន ជីវ័ន្ត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តព្រៃវែង (ជនដៃដល់វ៉ៃជនរងគ្រោះ)។ ទី២-ឈ្មោះចេត សាមាន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាជាងដែក។ ទី៣-ឈ្មោះសុខ ភារុណ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៤-ឈ្មោះម៉ុម សុខភ័ណ្ឌ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង៤នាក់ ស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ជនរងគ្រោះ បានចេញពីផឹកស៊ីនៅកន្លែងស្រាក្រឡុកមួយកន្លែង តាមបណ្តោយផ្លូវវេងស្រេង រួចក៏ជិះម្នាក់ឯង ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ ខណៈពេលកំពុង ជិះសុខៗ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម ប្រដាប់ទៅដោយដំបង បានធ្វើសកម្មភាពស្ទាក់ពីមុខម៉ូតូ ហើយវាយទៅលើជនរងគ្រោះ បណ្តាលឱ្យដួល រត់ចោលម៉ូតូ បន្ទាប់មក បក្ខពួកជនសង្ស័យ ក៏បាននាំគ្នាលើកយកម៉ូតូរបស់ជនរងគ្រោះ ជិះរត់គេចខ្លួនស្រមោលទៅ។

ប្រភពដដែល បន្តថា លុះក្រោយមក ខាងជនរងគ្រោះបានរត់មកដាក់ពាក្យបណ្តឹង ដើម្បីឱ្យជួយអន្តរាគមន៍ផងដែរ។

បន្ទាប់ពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះរួចមក ខាងសមត្ថកិច្ចមូលដ្ឋានសង្កាត់ចោមចៅ១ មានលោកមេប៉ុស្តិ៍ បានដឹកនាំកម្លាំងចុះទៅស្រាវជ្រាវ រហូតមកដល់យប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ទើបឈានដល់ការឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ បានចំនួន៤នាក់ នៅភូមិត្រពាំងថ្លឹង រួចក៏យកមកសាកសួរនៅប៉ុស្តិ៍។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៤នាក់ បានឆ្លើយសារភាពថា ពួកគេទាំង៤នាក់ ពិតជារួមគំនិតគ្នាវាយប្លន់យកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ចំណែកម៉ូតូ ត្រូវបានពួកគេលក់បានលុយ ចែកគ្នាចាយអស់ហើយ។

ជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES