Tuesday, November 26, 2024
Homeព័ត៌មានជាតិសម្បត្តិវប្បធម៌ខ្មែរ ៣០រូបទៀត អាជ្ញាធរអាមេរិក ប្រគល់ជូនកម្ពុជា

សម្បត្តិវប្បធម៌ខ្មែរ ៣០រូបទៀត អាជ្ញាធរអាមេរិក ប្រគល់ជូនកម្ពុជា

ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានជូនដំណឹងថា សម្បត្តិវប្បធម៌ខ្មែរ ចំនួន ៣០រូបទៀត នឹងត្រូវបញ្ជូនពីសហរដ្ឋអាមេរិក មកប្រទេសកម្ពុជា វិញ។ វត្ថុទាំងនេះ ជាប់ពាក់ព័ន្ធនឹងករណីកាន់កាប់វត្ថុបុរាណដោយខុសច្បាប់ ដែលត្រូវបានរឹបអូសដោយរដ្ឋអាជ្ញាសហរដ្ឋអាមេរិក នៃសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក សហការជាមួយការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក អនុលោមតាមអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ស្តីពីការដាក់កម្រិតហាមប្រាមនូវការនាំចូលលើប្រភេទ នៃវត្ថុបុរាណរបស់កម្ពុជា។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លេខ ២១ ស.ជ.ណ ចុះថ្ងៃទី០៨ ខែសីហា បានបញ្ជាក់ថា  ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរនេះ មានរូបបដិមាសំខាន់ៗមួយចំនួន ផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ដូចជា រូបចម្លាក់ដ៏ពិចិត្រ “ព្រះស្កន្ទគង់លើក្ងោក” និង “ព្រះគណេស” ដែលត្រូវបានលួចយកចេញពីប្រាសាទក្នុងរមណីយដ្ឋានកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរ នៅសតវត្សរ៍ទី១០ នៃគ.ស។ ប្រាសាទកោះកេរ ធ្លាប់ជាគោលដៅនៃការលួចទ្រង់ទ្រាយធំ អស់ជាច្រើនឆ្នាំ នៅក្នុងអំឡុងសម័យសង្គ្រាម។

នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ លោក កែវ ឈា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា និងលោក Damien Williams អគ្គរដ្ឋអាជ្ញាសហរដ្ឋអាមេរិក នៃសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក បានចូលរួមនៅក្នុងពិធីប្រគល់-ទទួលសម្បត្តិវប្បធម៌ខ្មែរចំនួន ៣០រូបនេះ នៅទីក្រុងញូវយ៉ក។ ក្រសួងវប្បធម៌ កំពុងធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូន ដើម្បីចាត់ចែងការដឹកវត្ថុទាំង ៣០រូប មកកម្ពុជា ក្នុងពេលវេលាខាងមុខនេះ។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា “យើងពិតជាមានសេចក្តីរំភើប ទទួលស្វាគមន៍នៃការវិលត្រឡប់មកវិញនូវរតនសម្បត្តិដ៏ល្អឯកទាំងនេះ ដែលជាព្រលឹងបុព្វបុរសខ្មែរ ជាច្រើនជំនាន់ និងតំណាងឱ្យភាពរុងរឿងនៃចក្រភពខ្មែរ”។ លោកស្រី បានបន្ថែមថា “ការបញ្ជូនមកវិញនេះ គឺអាចសម្រេចទៅបាន ដោយសារកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងរួមគ្នា រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ (កម្ពុជា និងសហរដ្ឋអាមេរិក) និងក៏ដោយសារប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ តាមរយៈ នយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ឱកាសក្នុងការនាំមកវិញនូវព្រលឹងបុព្វបុរសខ្មែរ ដែលបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើត អស់ជាច្រើនឆ្នាំ នាសម័យសង្គ្រាម និងអសន្តិសុខ”។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកស្រីរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងពីសំណាក់ស្ថាប័ននានារបស់សហរដ្ឋអាមេរិក ជាពិសេស រដ្ឋអាជ្ញាសហរដ្ឋអាមេរិក នៃសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក ការិយាល័យស៊ើប អង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក និងស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា។ ជាមួយនេះ លោកស្រីរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រសួងពាក់ព័ន្ធ ស្ថានទូតកម្ពុជា នៅរដ្ឋធានីវ៉ាស៊ីងតោន ក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងពិសេសដល់លោកមេធាវី Bradley Gordon និងលោកមេធាវី Steven Heimberg ដែលបានចំណាយពេលអស់ជាច្រើនឆ្នាំ ក្នុងការសហការជាមួយក្រុមការងារកម្ពុជា ដើម្បីស្រាវជ្រាវ និងស្វែងរកមកវិញនូវសម្បត្តិវប្បធម៌ខ្មែរ ជាច្រើន មិនអាចកាត់ថ្លៃបាន។ លោកស្រី ក៏បានថ្លែងអំណរគុណដល់សារមន្ទីរ និងអ្នកកាន់កាប់សមុច្ច័យឯកជននានា ដែលបានស្ម័គ្រចិត្តប្រគល់មរតវប្បធម៌ជាតិ មកកម្ពុជា វិញ។ ជាមួយនឹងយុទ្ធនាការសកល លោកស្រីរដ្ឋមន្ត្រី បានអំពាវនាវដល់សារមន្ទីរនានា ក៏ដូចជាអ្នកកាន់កាប់សមុច្ច័យឯកជន នៅទូទាំងពិភពលោក សូមចូលរួមសហការផ្តល់ឯកសារភ័ស្តុតាង និងប្រគល់សម្បត្តិវប្បធម៌ដែលជាអត្តសញ្ញាណជាតិខ្មែរ ត្រឡប់មកប្រទេសកំណើតវិញ…។

គួររំលឹកថា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ សហរដ្ឋអាមេរិក តាមរយៈលោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានប្រគល់ និងបញ្ជូនវត្ថុបុរាណដែលត្រូវបានលួចចេញពីកម្ពុជា ចំនួន ២៧រូប ត្រឡប់មកឱ្យកម្ពុជា វិញ។ ការប្រគល់នេះ បានធ្វើឡើងនៅសារមន្ទីរជាតិកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា និងលោកប៉ាទ្រិក មឺរហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ផងដែរ៕

RELATED ARTICLES