ភ្នំពេញ៖ មង្គលការមួយកន្លែង ជិតចប់កម្មវិធីឈានដល់រាត្រីផ្សំដំណេកទៅហើយស្រាប់តែភ្ញៀវនិង សាច់ញាតិកូនកម្លោះឈ្លោះប្រកែកគ្នាជាមួយខាងកូនក្រមុំបង្កឲ្យមានការវាយតប់គ្នាហើយ កូនកម្លោះបានយកជំពាមកៅស៊ូបាញ់បងប្អូននិងភ្ញៀវខាងកូនក្រមុំបណ្តាលឲ្យរងរបួស៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបងប្អូនខាងកូនកម្លោះរួមទំាងកូនកម្លោះសរុបទាំងអស់១៤នាក់ និងម៉ូតូ៩គ្រឿង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង ៣០នាទីយប់ថ្ងៃទី ១២ ខែធ្នូ ស្ថិតក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
កូនក្រមុំមានឈ្មោះ អាន ស្រីអុល រស់នៅភូមិកើតហេតុខាងលើ និងកូនកំលោះ ឈ្មោះ តុសេង ហួ មុខរបរបើកវីងវេរលុយ រស់នៅភូមិកើតហេតុខាងលើទើបមករស់នៅមានស្រុកកំណើតនៅភូមិព្រៃរមាសឃុំកំពង់ឫស្សីស្រុកពារាំងខេត្តព្រៃវែង។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ផ្ទះកូនក្រមុំនិងផ្ទះកូនកម្លោះនៅក្បែរគ្នា នៅយប់កើតហេតុនេះជាយប់ផ្សំដំណេក បន្ទាប់ពីភ្ញៀវហូបចុករួចរាល់ហើយ ខណៈពេលភ្ញៀវកំពុងតែពិសាភោជនាអាហារនោះ មុនដំបូងគឺបងប្រុសកូនកំលោះបានដើរគោះកែវជាមួយភ្ញៀវដែលអង្គុយតុនៅក្នុងរោងការនោះ ស្រាប់តែភ្ញៀវដែលជាបងប្អូនកូនក្រមុំដែល មានសភាពស្រវឹងបានស្រែកជេរម្រាយថាដើរជល់កែវអី អង្គុយតុឲ្យស្ងៀមទៅ ធ្វើឲ្យបង របស់កូនកម្លោះខឹងក៏បានឈ្លោះប្រកែកគ្នាមួយប្រាវ ត្រូវបានចាស់ទុំជួយឃាត់ក៏បានស្ងប់ ស្ងាត់ទៅវិញ ។
ប្រភពដដែលបន្តទៀតថា បន្ទាប់ពីកើតជម្លោះមួយប្រាវហើយភ្ញៀវនិងសាច់ញាតិរបស់កូន ក្រមុំបាននាំគ្នាទៅផឹកស៊ីនៅផ្ទះកូនកម្លោះដែលនៅក្បែរគ្នានោះដែររហូតស្រវឹងទើបនាំគ្នា មករាំនៅផ្ទះកូនក្រមុំ ខណៈពេលដែលកាច់កុងឌឺដងដាក់គ្នាបង្កឲ្យមានវាយតប់គ្នាដោយ សាច់ញាតិនិងភ្ញៀវខាងកូនកម្លោះបានដកដងឆ័ត្រ និងខ្សែក្រវាត់វាយទៅលើភ្ញៀវនិងសាច់ ញាតិរបស់កូនក្រមុំបណ្តាលឲ្យរងរបួសហើយខាងបង្កបាននាំគ្នារត់បែកខ្ញែកគ្នារត់ទៅពួននៅផ្ទះនៅក្បែរនោះរួមទាំងកូនកម្លោះផងដែរ ។ ភ្លាមៗនោះភ្ញៀវខាងកូនក្រមុំបានទៅគោះទ្វារដល់ផ្ទះខាងកូនកម្លោះក៏ត្រូវកូនកម្លោះយកជំពាមកៅស៊ូបាញ់ទៅលើភ្ញៀវខាងកូនក្រមុំរងរបួសទាំងវាយគ្នាបាញ់នឹងជំពាមកៅស៊ូនោះទាំងអស់៣នាក់ ។
ក្រោយពេលកើតហេតុប្រជាពលរដ្ធបានរាយការណ៍ទៅសមត្ថកិច្ចទើបលោក យឹម សារ៉ាន់ បានចាត់កំលាំង ដែលមានការដឹកនាំដោយលោក ម៉ន វុទ្ធីអធិការរង ទទួលផ្នែកព្រហ្មទណ្ឌ បានទៅដល់កន្លែងកើតហេតុ ឡោមព័ទ្ធ និងចរចាផ្ទះខាងកូនកម្លោះឲ្យចេញមកដោះស្រាយគ្នា បើសិនជាមិនចេញ សមត្ថកិច្ចនឹងប្រើតាមជំនាញចូលទៅឃាត់ខ្លួនជនបង្កទាំងអស់នោះតែម្តងប៉ុន្តែភាគីខាងបង្ករួមទាំងកូនកម្លោះមិនព្រមចេញត្រូវសមត្ថកិច្ចឡោមព័ទ្ធ ជាងមួយម៉ោងទើបជនបង្កទាំងនោះព្រមចេញមកប្រគល់ខ្លួនតាមសម្រួល ត្រូវសមត្ថកិច្ច ឃាត់បាន១៤នាក់រួមទាំងកូនកម្លោះ និងម៉ូតូ9 គ្រឿងយកមកកាន់ផ្នែកជំនាញ ព្រហ្មទ័ណ្ឌខណ្ឌពោធិ៍សែនជ័យ ។
បច្ចុប្បន្នជនបង្កទាំង14នាក់ រួមទាំងកូនកំលោះដែលខកខានមិនបានផ្សំដំណេកត្រូវបានឃុំ ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរនិងកសាងសំណុំ
រឿងចាត់ការតាមច្បាប់ ។ ចំណែកកូនក្រមុំនៅផ្ទះគិតតែពីអង្គុយយំសោកសៅមិនគួរណា មានរឿងវាយតប់គ្នាកើតឡើងនៅក្នុងមង្គលការរបស់គេសោះ ៕
ដោយ៖ ថោង ធីម