ខេត្តពោធិ៍សាត់ ៖ យុវតីជាសិស្សសាលាម្នាក់ ចេញពីរៀនគួរ ឃើញបង្អួចថ្នាក់រៀនមិនទាន់បិទ ក៏ដើរទៅរុញខ្ទប់បិទវិញ ស្រាប់តែលេចមុខជនសង្ស័យ ចំនួន២នាក់ បានធ្វើសកម្មភាពចាប់អូសនាងចូលទៅក្នុងថ្នាក់រៀន រួចទាញកូនកាំបិតចាក់ប្រហារ ចំនួន៤កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ ដោយជនសង្ស័យបានបោះសម្តីថា “មានគេជួលឱ្យមកសម្លាប់” រួចក៏នាំគ្នារត់គេចខ្លួនបាត់អស់ភ្លាមៗ ខណៈដែលយុវតីរងគ្រោះ ប្រឹងតាំងស្មារតីទូរស័ព្ទហៅម្តាយ មកជួយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ករណីនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ ៦និង១០នាទីព្រលប់ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុចបន្ទប់ថ្នាក់ទី 9B នៃវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន ស្ថិតក្នុងភូមិបាក់ចិញ្ចៀន ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ។
យុវតីជាសិស្សសាលាដែលទទួលរងការចាក់ប្រហារ ៤កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះអ៊ាង ម៉ាណែត ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្សថ្នាក់ទី 9B នៃសាលាវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន មានលំនៅ ភូមិកំពង់ខ្ទុម ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ និងមានស្រុក កំណើតនៅខេត្តព្រៃវែង។ ចំណែកជនដៃដល់ មានគ្នា២នាក់ មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បាននាំគ្នារត់គេចខ្លួនបាត់អស់។
តាមប្រភពពីសមត្ថកិច្ចស្រុកភ្នំក្រវាញ បានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុ យុវតីរងគ្រោះ ឈ្មោះអ៊ាង ម៉ាណែត បានចេញពីរៀនគួរ (គណិត) នៅបន្ទប់ថ្នាក់ទី 10A នៃវិទ្យាល័យហ៊ុន សែន បាក់ចិញ្ចៀន ខណៈនោះ នាងឃើញបន្ទប់ថ្នាក់ទី 9B (ថ្នាក់ដែលនាងរៀន) ចំហទ្វារបង្អួចផ្នែកខាងមុខ និងខាងក្រោយ ក៏បបួលមិត្តភក្តិស្រី ទៅបិទ ប៉ុន្តែមិត្តភក្តិមិនបានទៅជាមួយទេ ព្រោះប្រញាប់ទៅផ្ទះ បងចាំ។ ពេលនោះ យុវតីរងគ្រោះ ក៏ដើរទៅតែម្នាក់ឯង រួចរុញទ្វារបង្អួចផ្នែកខាងមុខបិទ បន្ទាប់មកក៏ដើរទៅប្រុងរុញបិទបង្អួចផ្នែកខាងក្រោយទៀត ស្រាប់តែឃើញ មនុស្សប្រុស ពាក់មួកពណ៌ខ្មៅ មានពាក់ស្រោមមុខ (ក្រណាត់) បិទជិតនៅតែប្រឡោះភ្នែក ពាក់អាវក្រណាត់ដៃវែង ពណ៌ខ្មៅ និងស្លៀកខោខូវប៊យជើងវែង ពណ៌ខៀវ មានរហែកត្រង់ក្បាលជង្គង់ កំពុងអង្គុយចុចទូរស័ព្ទ នៅក្រោមដើមឈើក្បែរបង្អួច លុះនាងដើរដល់ រុញបិទបង្អួច ស្រាប់តែត្រូវជននោះស្ទុះមករុញនាងឱ្យចូលទៅក្នុងបន្ទប់ថ្នាក់ ភ្លាមនោះ មានជនម្នាក់ទៀត ឯកសណ្ឋានប្រហាក់ប្រហែលគ្នា នៅក្នុងបន្ទប់ថ្នាក់រៀន បានចាប់ដៃនាងទាញក្រៀកចូលក្នុងបន្ទប់តែម្តង ថែមទាំងយកកូនកាំបិតចុងស្រួច មកគំរាមកុំឱ្យរើបម្រះ ប្រយ័ត្នអារក។ ភ្លាមនោះ ជនសង្ស័យ បានចាក់នាងចំដើមទ្រូង (សើៗ) ខាងឆ្វេង ១កាំបិត នាងនៅតែប្រឹងរើបំម្រះ ក៏ត្រូវជនសង្ស័យចាក់ថែមផ្នែកពោះខាងឆ្វេង ចំនួន ៣កាំបិតទៀត ដោយកាំបិតទី១ និងកាំបិតទី២ (ចាក់ដកៗ) ចំណែកកាំបិតទី៣ ចាក់អត់ដកទេ (ដោតជាប់ពោះឆ្កឹង)។
ប្រភពដដែល បន្តថា ក្រោយពីចាក់ប្រហារយុវតីរងគ្រោះរួចហើយ ជនសង្ស័យម្នាក់ បានបោះសម្តីថា “ឈ្មោះ ភក្តី ភេទប្រុស ជួលពួកគេមកសម្លាប់” និយាយរួច ជនសង្ស័យទាំង២នាក់ ក៏ស្ទុះហក់ចេញតាមបង្អួចផ្នែកខាងក្រោយ ផ្លោះរបងចូលសាលាបឋមសិក្សាក្បែរគ្នា គេចខ្លួនបាត់ភ្លាមៗតែម្តង។ ចំណែកយុវតីរងគ្រោះ បានដួលដេកលើឥដ្ឋ រួចក៏ព្យាយាមដកកូនកាំបិតចេញពីពោះ បោះទៅក្រោមតុ និងតាំងស្មារតីទាញទូរស័ព្ទហៅទៅប្រាប់ម្តាយនៅខេត្តព្រៃវែងថា “ម៉ាក់ គេសម្លាប់កូនហើយ!” រួចក៏សន្លប់បាត់ស្មារតីតែម្តង។ ភ្លាមនោះ ត្រូវបានក្រុមគ្រួសារមករកឃើញ ហើយបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ភ្លាមៗ។
សមត្ថកិច្ច បញ្ជាក់ថា យុវតីរងគ្រោះ ឈ្មោះអ៊ាង ម៉ាណែត បានប្តូរលំនៅ មកស្នាក់នៅជាមួយមីង ឈ្មោះជា សុខអូន អាយុ៣០ឆ្នាំ ស្ថិតនៅភូមិកំពង់ខ្ទុម ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ តាំងពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។ ចំណែកមូលហេតុដែលយុវតីរងគ្រោះដើរទៅបិទទ្វារបន្ទប់ថ្នាក់រៀននោះ ព្រោះកន្លងមក លោកគ្រូ អ្នកគ្រូ ធ្លាប់ផ្សព្វផ្សាយដល់សិស្ស បើឃើញទ្វារបង្អួច ឬទ្វារបន្ទប់ថ្នាក់ចំហ ជួយបិទផង។
បើទោះជាសមត្ថកិច្ចកំពុងបន្តនីតិវិធីក្នុងការស្រាវជ្រាវ ស៊ើបអង្កេតរឿងនេះក្តី ក្រុមគ្រួសារសាច់ញាតិសិស្សរងគ្រោះ បានទទូចស្នើសុំឱ្យស្ថាប័នមានសមត្ថកិច្ចជំនាញ ធ្វើការស៊ើបអង្កេត ស្រាវជ្រាវឱ្យបានស៊ីជម្រៅបន្ថែមទៀត ព្រោះករណីនេះ ដូចជាសាហាវខ្លាំងណាស់៕