ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង ដែលម្ចាស់មានការធ្វេសប្រហែស ទុកនៅមុខផ្ទះ ដោយភ្លេចដកសោចេញ ប៉ុន្តែគ្រាន់តែលួចម៉ូតូបាន បញ្ឆេះជិះចេញ ក៏ត្រូវម្ចាស់គេឃើញទាន់ ស្រែកឆោឡោផ្អើលប្រជាពលរដ្ឋក្បែរខាង ព័ទ្ធចាប់ក្របួច ជាប់ ប្រគល់ឱ្យសមត្ថកិច្ច បែរជាត្អូញប្រាប់ថា ខ្លួនមិនចង់ធ្វើបែបនេះទេ ប៉ុន្តែដោយសារជំពាក់បំណុលធនគារច្រើនពេក អត់មានលុយបង់ ក៏បែកគំនិតទិញកាំភ្លើងជ័រ ចេញប្លន់ តែប្រទះឃើញម៉ូតូទុកចោល ក៏លួចតែម្តងទៅ។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល។
មន្ត្រីនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះឃុត បញ្ញា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់ដូរ មានលំនៅ ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល។ ចំណែកជនសង្ស័យ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះផាត់ សុផល់ ភេទប្រុស អាយុ៥០ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិត្រពាំងមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រីឯវត្ថុតាងចាប់យក ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AT-9792 កាំភ្លើងខ្លីជ័រ ចំនួន១ដើម កូនកាំបិត ចំនួន១ និងស្លាកលេខម៉ូតូ ភ្នំពេញ 1FO-8402 ចំនួន ១ផ្ទាំង ព្រមទាំងទូរស័ព្ទដៃ ១គ្រៀង ម៉ាក OPPO ពណ៌ទឹកប៊ិកចាស់។
ប្រភពដដែល បន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានចតម៉ូតូរបស់ខ្លួន នៅខាងមុខផ្ទះ ដោយភ្លេចដកកូនសោចេញ ហើយបានដើរចូលទៅក្នុងផ្ទះ។ បានរយៈពេលប្រហែលកន្លះម៉ោងក្រោយមក ជនរងគ្រោះនឹកឃើញថា ភ្លេចសោជាប់ម៉ូតូ ក៏ដើរចេញ បំណងទៅដកកូនសោម៉ូតូវិញ ស្រាប់តែឃើញមានជនសង្ស័យ បានឡើងជិះម៉ូតូរបស់ខ្លួន ចេញទៅទិសខាងលិច បានចម្ងាយប្រហែល១០ម៉ែត្រ ទើបជនរងគ្រោះ រត់ដេញតាមពីក្រោយ និងស្រែកថា ចោរ!ៗ។ ពេលនោះក៏មានអ្នកធ្វើដំណើរតាមដងផ្លូវបានជួយឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាង ម៉ូតូ បានភ្លាមៗមកវិញ បន្ទាប់មក ជនរងគ្រោះបានរាយការណ៍ឱ្យសមត្ថកិច្ចប៉ុស្តិ៍បែកចានតែម្តង។
ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចប៉ុស្តិ៍ បានចុះទៅដល់កន្លែងកើតហេតុ និងនាំខ្លួនជនសង្ស័យ ទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្តតាមនីតិវិធី។
ក្រោយមក ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូរបស់ជនរងគ្រោះមែន ដោយសារខ្លួនត្រូវការរកលុយបង់ធនាគារ ហើយកាំភ្លើងខ្លីជ័រ និងកូនកាំបិត ក៏ជារបស់ដាក់តាមខ្លួនដែរ។
ករណីនេះ កម្លាំងជំនាញ បានរៀបចំកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី៕