ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានលួចម៉ូតូរបស់បុរសជាអ្នកលក់មីឆាម្នាក់ បានសម្រេច និងព្យាយាមជិះរត់គេចដែរ តែរត់មិនរួច ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។
ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ១០៩ កែង១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះង្វៀង យាំងសឹង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងឈើ មានលំនៅ បន្ទប់ជួល ផ្លូវដីថ្មី ភូមិបឹងឈូក ឃុំស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ធ្វើតេស្តទឹកនោមរកសារធាតុញៀន លទ្ធផលវិជ្ជមាន។ ចំណែកជនរងគ្រោះ មានឈ្មោះអ៊ាត ម៉េងស៊្រី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរលក់មីឆា មានលំនៅ ផ្ទះជួលលេខ184E2 ផ្លូវ១២៨ ភូមិ៦ សង្កាត់មិត្តភាព ខណ្ឌ៧មករា។ រីឯម៉ូតូដែលជនសង្ស័យលួចយកទៅ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FE-1952 ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យជនរងគ្រោះវិញ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យខាងលើ បានធ្វើសកម្មភាពកាច់កម៉ូតូរបស់បុរសជាអ្នកលក់មីឆាខាងលើ បានសម្រេច រួចក៏បានជិះរត់គេចចេញពីកន្លែងកើតហេតុ ប៉ុន្តែត្រូវម្ចាស់ម៉ូតូឃើញទាន់ ស្រែកឆោឡោ ផ្អើលដល់សមត្ថកិច្ចកំពុងល្បាត ចេញប្រដេញតាមចាប់ក្របួចជាប់ភ្លាមៗតែម្តង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕