Thursday, November 28, 2024
Homeព័ត៌មានជាតិកូនប្រសាស្រីខ្ចីលុយម៉ែក្មេក រត់ទៅរួមរស់ជាមួយប្តីដើម

កូនប្រសាស្រីខ្ចីលុយម៉ែក្មេក រត់ទៅរួមរស់ជាមួយប្តីដើម

ខេត្តបាត់ដំបង ៖ ប្តីប្រពន្ធវ័យចំណាស់មួយគូ បានកើតទុក្ខមិនសុខចិត្ត ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ បន្ទាប់ពីត្រូវបាន កូនប្រសាស្រីជើងល្អម្នាក់ បោកប្រាស់ទាំងទឹកចិត្ត និងលុយកាក់ ដោយកុហកថា នាងជាស្ត្រីមេម៉ាយលែងប្តីដាច់ ស្រេច ទៅហើយ និងយល់ព្រមរៀបការជាមួយកូនប្រុសរបស់ពួកគាត់ ស្រាប់តែក្រោយមក បានខ្ចីលុយពី ពួកគាត់ ជាឪពុកម្តាយក្មេក ដោយប្រាប់ថាទៅលេងស្រុក តាមពិតវិលទៅសម្ងំរួមរស់ជាមួយប្តីដើមរបស់នាងសោះ។

ករណីរំលោភលើសេចក្តីទុកចិត្ត កូនប្រសាខ្ចីលុយម៉ែក្មេក រួចរត់បាត់នេះ បានកើតឡើង កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិសំរោង ឃុំអូរដា ស្រុកកំរៀង។

តាមប្រភពពីក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កាលពីវេលាម៉ោង ៣និង៤៥នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចប្រចាំបញ្ជា១១៧ បានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋម្នាក់ ភេទប្រុស រស់នៅភូមិសំរោង ឃុំអូរដា ស្រុកកំរៀង ពីករណី “រំលោភលើសេចក្តីទុកចិត្ត” ដោយកូនប្រសាស្រីរបស់គាត់ បានខ្ចីលុយពីពួកគាត់ជាឪពុកម្តាយក្មេក រួចរត់ទៅបាត់។

យោងតាមការរៀបរាប់ពីជនរងគ្រោះជាឪពុកម្តាយក្មេក បានឱ្យដឹងថា មុនពេលកើតហេតុ មានស្ត្រីម្នាក់ ដែលត្រូវជាកូនប្រសាស្រីរបស់ពួកគាត់ បានបោកប្រាស់និងរំលោភលើទំនុកចិត្តពួកគាត់ ដោយកុហកថា នាងនៅមេម៉ាយ ហើយនឹងយល់ព្រមរៀបការជាមួយកូនប្រុសរបស់គាត់។ បន្ទាប់មក ស្ត្រីរូបនោះ បានខ្ចីលុយពីពួកគាត់ជាឪពុកម្តាយក្មេក ដោយប្រាប់ថា ទៅលេងស្រុក តែបែរជាវេចលុយទៅរស់នៅជាមួយប្តីដើមរបស់នាង នៅឯស្រុកកំណើតទៅវិញ ក្រោយមក ទើបពួកគាត់បានដឹងថា នាងមិនទាន់បានលែងលះប្តីនៅឡើយ ពោលគឺមានចេតនាបោកប្រាស់ទឹកចិត្តពួកគាត់ ដើម្បីខ្ចីលុយប៉ុណ្ណោះ។

បន្ទាប់ពីទទួលបានករណីខាងលើនេះ សមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានបញ្ផូនព័ត៌មានទៅលោកវេរ គឹមចត់ អធិការនគរបាលស្រុកកំរៀង ដើម្បីចុះអន្តរាគមន៍។

រហូតមកដល់វេលាម៉ោង ៤រសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានអញ្ជើញជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ មកកាន់អធិការដ្ឋាន ដើម្បីដាក់ពាក្យបណ្តឹង។

ករណីខាងលើនេះ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំរៀង បានកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES