Thursday, November 28, 2024
Homeព័ត៌មានជាតិឪសុំលុយផឹកស្រា កូនសំពងរយះក្បាល

ឪសុំលុយផឹកស្រា កូនសំពងរយះក្បាល

ខេត្តស្វាយរៀង ៖ បុរសម្នាក់ ទើបនឹងត្រឡប់មកពីផឹកស្រាស្រវឹងធ្លាក់ភ្នែក លុះចូលដល់ផ្ទះ ឃើញឪពុកបង្កើតរបស់ខ្លួន ដើរមកជិត សុំលុយ ១ពាន់រៀល យកទៅផឹកស្រាដែរ ស្រាប់តែកូនប្រុសកំណាច ស្ទុះទៅទាញកំណាត់ឈើ សំពងក្បាលឪ បណ្តាលឱ្យរយះ រងរបួសធ្ងន់ ទីបំផុតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារ កូនប្រុសវាយឪពុកបង្កើតខ្លួនឯងរយះក្បាលនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិពោន ឃុំដូង ស្រុករមាសហែក។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលវាយឪពុកបង្កើតខ្លួនឯង មានឈ្មោះមាគ សារន  អាយុ៣៦ឆ្នាំ មុខរបរកសិករ។  ចំណែកបុរសរងគ្រោះជាឪពុក មានឈ្មោះមាគ សារ៉ាយ អាយុ៥៨ឆ្នាំ មុខរបរកសិករ (រងរបួសបែកក្បាលធ្ងន់)។ ឪពុកកូនទាំងពីរ មានលំនៅ ភូមិពោន ឃុំដូង ស្រុករមាសហែក (ស្នាក់នៅផ្ទះជាមួយគ្នា)។

តាមប្រភពពីអ្នកភូមិ បានឱ្យដឹងថា មុនកើតហេតុ គេឃើញជនសង្ស័យជាកូន បានផឹកស្រាស្រវឹង លុះមកដល់ផ្ទះ ជនរងគ្រោះជាឪពុក បានដើរមកជិត ហើយក៏បាននិយាយសុំលុយកូនចំនួន ១ពាន់រៀល ដើម្បីយកទៅទិញស្រាផឹកដែរ។ ស្រាប់តែកូនប្រុសកំណាចដែលកំពុងស្រវឹងស្រានោះ ផ្ទុះកំហឹងយ៉ាងខ្លាំង រួចក៏ស្ទុះទៅយកកំណាត់ឈើដែលមានដំដែកគោលភ្ជាប់នឹង ឈើ ២កំណាត់ វាយទៅលើឪពុកបង្កើតរបស់ខ្លួន ចំក្បាល បណ្តាលឱ្យរយះក្បាល ហូរឈាមស្រោចខ្លួន បង្កការភ្ញាក់ផ្អើលតែម្តង។

ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដូង បានចុះទៅដល់ និងបាននាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង ទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ។ ចំណែកជនរងគ្រោះជាឪពុក ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួសភ្លាមៗ។

នៅចំពោះមុខសមត្ថកិច្ចជំនាញ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានយក កំណាត់ឈើ វាយទៅលើឪពុករបស់ខ្លួនប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច រាយការណ៍សុំយោបល់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ដើម្បីឃាត់ខ្លួន កសាងសំណុំរឿងតាមនីតិវិធី៕

RELATED ARTICLES