ខេត្តសៀមរាប ៖ ស្ត្រីជាគ្រូពេទ្យគ្មានអាជ្ញាប័ណ្ណម្នាក់ (គ្រូពេទ្យព្យាបាលតាមភូមិ) ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីព្យាបាលអ្នកជំងឺដែលមានអាការជំងឺលើសឈាម ស្លាប់មួយចំហៀងខ្លួន ដោយចាក់ថ្នាំឱ្យអ្នកជំងឺ ម្តងជិត១០មុខ បណ្តាលឱ្យអ្នកជំងឺបាត់បង់ជីវិត។
ហេតុការណ៍គ្រូពេទ្យចាក់ថ្នាំឱ្យអ្នកជំងឺបណ្តាលឱ្យស្លាប់នេះ បានកើតឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ។ បន្ទាប់មក នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវ ឈានដល់ការចាប់ឃាត់ខ្លួនគ្រូពេទ្យស្រីខាងលើ នាំយកមកចាត់ការតាមច្បាប់។
ស្ត្រីជាគ្រូពេទ្យដែលចាក់ថ្នាំបណ្តាលឱ្យអ្នកជំងឺស្លាប់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះវ៉ន ស្រី អាយុ៥២ឆ្នាំ មុខរបរគ្រូពេទ្យ មានលំនៅស្ថិតនៅភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ។ ការឃាត់ខ្លួនស្ត្រីជាគ្រូពេទ្យរូបនេះ ពីបទឃាតកម្មដោយចេតនា (ព្យាបាលគ្មានវិជ្ជាជីវៈផ្នែកវេជ្ជសាស្ត្រ និងបើកទីតាំងព្យាបាលគ្មានអាជ្ញាប័ណ្ណ)។ ចំណែកអ្នកជំងឺដែលបាត់បង់ជីវិត មានឈ្មោះសេង ត្រេត ភេទស្រី អាយុ៣១ឆ្នាំ ជាអ្នកជំងឺលើសឈាម ប្រចាំកាយ និងមានលំនៅក្នុងភូមិទឹកលិច ឃុំដូនពេង ស្រុកអង្គរជុំ។
យោងតាមគណនីហ្វេសប៊ុក ការិយាល័យស្រុកអង្គរជុំ បានសរសេរពីករណីនេះថា “ អ្នកជំងឺម្នាក់ រស់នៅភូមិមួយ ក្នុងឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាប បានស្លាប់ដោយសារពេទ្យគ្មានអាជ្ញាប័ណ្ណ។ អ្នកជំងឺមានអាការស្លាប់ ១ចំហៀងខ្លួន ដោយសារជំងឺលើសឈាម និងបានចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ទោះបីជាគ្រូពេទ្យប្រាប់ថា អ្នកជំងឺមិនអាចធូរស្រាលបានទេ និងត្រូវត្រឡប់មកថែទាំនៅផ្ទះវិញ ប៉ុន្តែបងប្អូនសម្រេចស្វែងរកការព្យាបាលតាមមធ្យោបាយផ្សេងវិញ។ បងប្អូនអ្នកជំងឺ បានសម្រេចចិត្តឱ្យពេទ្យម្នាក់ រស់នៅបេងមាលា ស្រុកស្វាយលើ ស្ថិតក្នុងតំបន់គ្របដណ្តប់របស់ស្រុកប្រតិបត្តិសូទ្រនិគម ព្យាបាលដោយធានាថា មើល ១ជា យក ៣លានរៀល។ ក្រោយការព្យាបាលមិនបានមួយថ្ងៃ អ្នកជំងឺក៏បានទទួលមរណភាព តែអ្វីដែលយើងហួសចិត្តនោះគឺពេទ្យប្រើថ្នាំប្រហែល ១០មុខ ចាក់ទៅលើអ្នកជំងឺ ក្នុងពេល១ថ្ងៃ។ នេះជាការលំបាកមួយក្នុងការគ្រប់គ្រងសេវាសុខាភិបាលខុសច្បាប់។ ពិតហើយថា អ្នកជំងឺរស់នៅក្នុងតំបន់គ្របដណ្តប់របស់ស្រុកប្រតិបត្តិអង្គរជុំ តែបងប្អូនអ្នកជំងឺ បានដឹកទៅព្យាបាលនៅបេងមាលា ស្រុកស្វាយលើ…”។
ចំណែកលោកម៉ក់ សំអឿន ប្រធានការិយាល័យ សុខាភិបាលស្រុកអង្គរជុំ បានសរសេរនៅក្នុងគណីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា “គ្មានអ្នកណាឆោតជាងអ្នកឈឺ ព្រោះចង់ជា និទ្ទណ្ឌភាពក្នុងវិស័យសុខាភិបាល ពេទ្យគ្មានអាជ្ញាប័ណ្ណ គួរត្រូវបានផ្តន្ទាទោស តែជាក់ស្តែងពួកគេនៅតែគេចផុតពីសំណាញ់ច្បាប់ និងបន្តរកស៊ីដោយខុសច្បាប់ដដែល…”។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចស្រុកស្វាយលើ នៅមិនទាន់បញ្ជាក់លម្អិតនៅឡើយ៕