ខេត្តរតនគិរី ៖ មនុស្សចំនួន ១២នាក់ បានឆ្លងទូកដ ១គ្រឿង ចេញពីត្រើយម្ខាងទន្លេស្រែពក ឆ្ពោះទៅត្រើយម្ខាងទៀត ខណៈដែលជំនន់ទឹកភ្លៀង កំពុងជន់ឡើងផង ស្រាប់តែអកុសល ពេលឆ្លងដល់ពាក់កណ្តាលទន្លេ ទូកដបានលិច បណ្តាលឱ្យមនុស្សដែលជិះលើទូកដ បានប្រឹងប្រវេប្រវាហែលឡើងគោក និងទទួលបានការជួយសង្គ្រោះទាន់ពេលវេលា អកុសលតែបុរសម្នាក់ ត្រូវលិចបាត់ខ្លួនក្នុងទឹក រួមនិងម៉ូតូ ចំនួន៤គ្រឿងផង។
ហេតុការណ៍គ្រោះថ្នាក់លិចទូកដកណ្តាលទន្លេនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុចកំពង់ចម្លង ១កន្លែង ស្ថិតនៅភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ឧបទ្ទវហេតុលិចទូកដ ១គ្រឿងនេះ កើតឡើង ដោយសារមូលហេតុផ្ទុកលើសចំណុះ គឺមនុស្សរហូតដល់១២នាក់ និងម៉ូតូ ៤គ្រឿង លុះពេលទូកដចេញទៅដល់កន្លែងទឹកហូរកួចខ្លាំង បណ្តាលឱ្យកួចលិចចូលទឹកទន្លេ ទាំងកំរោលតែម្តង។
ប្រភពដដែល បន្តថា ជនរងគ្រោះដែលបានបាត់ខ្លួន មានឈ្មោះជី សឿង ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ។ ចំណែកម៉ូតូ ទាំង៤គ្រឿងដែលលិចបាត់ក្នុងទឹកដែរនោះ រួមមាន ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ចំនួន២គ្រឿង និងម៉ូតូម៉ាកហុងដា វ៉េវឆ្លាម ចំនួន២គ្រឿង។
ទោះជាយ៉ាងណា ក្រោយកើតហេតុ កម្លាំងអធិការនគរបាលស្រុកកូនមុំ និងកម្លាំងអាវុធហត្ថស្រុក បានចុះមកអន្តរាគមន៍ ស្វែងរកមនុស្សដែលបានបាត់ខ្លួន និងស្រង់ម៉ូតូដែលលិចក្នុងទន្លេផងដែរ៕