ភ្នំពេញ ៖ កំលោះសង្ហាម្នាក់ បានធ្វើឱ្យបាត់ម៉ូតូ ១គ្រឿង កាលពីពេលថ្មីៗនេះ ក៏ត្រូវក្រុមគ្រួសារស្តីបន្ទោស និងចេះតែរំលើកយកមកស្តីបន្ទោសជារៀងរាល់ថ្ងៃ រហូតធ្វើឱ្យអាក់អន់ស្រពន់ចិត្ត ក៏ទៅផឹកស្រាស្រវឹង រួចជិះម៉ូតូឡើងលើស្ពានជ្រោយចង្វា ប្រមូលសម្ភារមានតម្លៃដាក់ចូលក្រោមកែបម៉ូតូ រួចចាក់សោ-កម៉ូតូជាប់ គប់សោម៉ូតូចូលទន្លេ រួចក៏ស្ទុះលោតចូលទឹកសម្លាប់ខ្លួន តែពេលលោតដល់ក្នុងទឹក បែរជាភ័យខ្លាចស្លាប់ ក៏ស្រែកហៅគេជួយសង្គ្រោះទាន់ពេល។
ករណីនេះបានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅលើស្ពានជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
កំលោះសង្ហាខូចចិត្ត្ត ដែលលោតទឹកសម្លាប់ខ្លួន មានឈ្មោះសុខា អាយុ២៧ឆ្នាំ ស្នាក់បន្ទប់ជួល ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើ ជិះម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ខៀវលាយទឹកក្រូច ពាក់ស្លាកលេខ ពោធិ៍សាត់ 1D-2266 ទិសដៅពីរង្វង់មូលកួចកាណុង សំដៅទៅខាងរង្វង់មូលព្រហ្មមុខបួន។ ខណៈ បុរសខាងលើធ្វើដំណើរមកដល់ចំណុចពាក់កណ្តាលស្ពាន ក៏ឈប់ម៉ូតូ រួចប្រមូលសម្ភារមានតម្លៃ ដាក់ចូលក្រោមកែបម៉ូតូ និងចាក់សោកម៉ូតូជាប់ រួចគប់សោម៉ូតូចូលទន្លេ ហើយធ្វើសកម្មភាពលោតទឹក លិចបាត់។ ខណៈលោតដល់ទឹក បុរសខាងលើ បានស្រែកឱ្យគេជួយ ភ្លាមៗក៏មានប្រជាពលរដ្ឋនេសាទ បោះពោងសុវត្ថិភាពឱ្យតោង និងចេញទូកទៅជួយស្រង់ នាំមកច្រាំងទន្លេ ដោយសុវត្ថិភាពភាព។
ប្រភពពីបុរសរងគ្រោះ បានឱ្យដឹងទាំងស្ថានភាពស្រវឹងថា មុនកើតហេតុ រូបគេទើបនឹងចេញពីកម្មវិធីជួបជុំមិត្តភក្តិ ហើយផឹកស្រាអស់ច្រើនកំប៉ុង ស្រវឹង ក៏នឹកឃើញចង់លោតទឹក ដោយអត់មានពិបាកចិត្តរឿងអ្វីទេ ហើយបញ្ជាក់ថា រូបគេគ្មានចេតនាលោតទឹកសម្លាប់ខ្លួនទេ គ្រាន់លោតលេងប៉ុណ្ណោះ។
ប៉ុន្តែបើយោងតាមប្រភពព័ត៌មានពីអ្នកដែលស្គាល់បុរសរូបនេះ បានឱ្យបង្ហើបប្រាប់ថា យុវជននេះ ពិបាកចិត្តរឿងគ្រួសារស្តីបន្ទោសរឿងធ្វើបាត់ម៉ូតូអស់ ១គ្រឿងកាលពីដើមខែសីហា។ ម៉្យាងវិញទៀត គ្រួសារចូលចិត្តស្តីបន្ទោសរឿងដដែលៗ ទើបធ្វើឱ្យគេអន់ចិត្ត ក៏បែកគំនិតមកលោតទឹកបែបនេះតែម្តង។
ក្រោយកើតហេតុ ម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅគោលដៅប្រចាំការរបស់សមត្ថកិច្ច នៅក្រោមស្ពានជ្រោយចង្វា និងទំនាក់ទំនងហៅសាច់ញាតិមកទទួលយកបុរសខាងលើ ត្រឡប់ទៅផ្ទះវិញ៕