Thursday, April 25, 2024
Homeព័ត៌មានជាតិភ្លើងប្រចណ្ឌ ប្តីវ៉ៃប្រពន្ធ ដុតផ្ទះចោល

ភ្លើងប្រចណ្ឌ ប្តីវ៉ៃប្រពន្ធ ដុតផ្ទះចោល

ខេត្តកណ្តាល ៖ បុរសជាប្តីម្នាក់ តែងផឹកស្រាស្រវឹងជាប់ជាប្រចាំ ហើយរាល់ពេលស្រវឹងម្តងៗ ចេះតែរករឿងប្រចណ្ឌហួងហែងប្រពន្ធ ដោយចោទប្រកាន់ថា ប្រពន្ធមានប្រុសសហាយ ញ៉ែគ្នាតាមទូរស័ព្ទ រហូតដល់ផ្ទុះជាអំពើហិង្សា វាយចាប់បោកប្រពន្ធមិនអស់ចិត្ត ក៏ប្រមូលខោអាវដុតចោល បណ្តាលឱ្យឆេះរាលដល់ផ្ទះ អស់១ចំហៀង ទីបំផុតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារនេះ បានកើតឡើង កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្តាល។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាល បានឱ្យដឹងថា ស្ត្រីរងគ្រោះដែលត្រូវបុរសជាប្តីប្រើអំពើហិង្សា វាយដំនោះ មានឈ្មោះឡាន ឡឹក អាយុ៤៤ឆ្នាំ មុខរបរកសិករ។ ចំណែកជនសង្ស័យជាប្តី ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស៊ីម ចិន ហៅភា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាងសំណង់។ ប្តីប្រពន្ធទាំងពីរ មានលំនៅក្នុងភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្តាល។ រីឯវត្ថុតាងចាប់យក ដែកកេះ ចំនួន១។

ប្រភពដដែល បន្តថា កន្លងមក ជនសង្ស័យធ្លាប់ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ ជាញឹកញាប់ តែប្រពន្ធមិនដែលបានប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទេ។ លុះមកដល់វេលាម៉ោង ៧យប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ជនសង្ស័យត្រឡប់មកដល់ផ្ទះវិញ ស្ថិតក្នុងសភាពស្រវឹងស្រា  បានរករឿងប្រពន្ធ ដោយចោទប្រពន្ធថា ទូរស័ព្ទមួយយប់ៗ ឮតែរោទ៍មិនឈប់ សង្ស័យប្រុសតេមកញ៉ែ តែជនរងគ្រោះជាប្រពន្ធ មិនតបតអ្វីឡើយ ដោយដឹងថា ប្តីពេលស្រវឹងស្រាម្តងៗ តែងតែរករឿងខ្លួន។ ភ្លាមនោះ ជនសង្ស័យបានយកកំប៉ុងស្រាបៀរ គប់ប្រពន្ធ ត្រូវចំប្រអប់ដៃខាងស្តាំ បណ្តាលឱ្យមានរបួសហើមជាំ តែជនរងគ្រោះនៅតែមិនតបត ហើយក៏បានដើរចេញ។ បន្ទាប់មក ជនសង្ស័យជាប្តី បានស្ទុះទៅចាប់បោកជនរងគ្រោះទៅលើដី ពេលនោះ ត្រូវឈ្មោះរឹម រ៉ូ ភេទប្រុស ជាអ្នកជិតខាង បានចូលមកឃាត់ ធ្វើឱ្យជនសង្ស័យខឹង ក៏បានយកដែកកេះ ដុតខោអាវ បណ្តាលឱ្យឆេះរាលដល់ជញ្ជាំងផ្ទះ និងរនាបឫស្សី (ផ្ទះសង់ពីឈើប្រក់ស័ង្កសី ក្រាលរនាបឫស្សី) និងមុងភួយ អស់មួយចំនួន បង្កឱ្យមានការផ្អើល ឆោឡោដល់ប្រជាពលរដ្ឋក្បែរខាងជួយពន្លត់ទាន់ពេល។

ក្រោយកើតហេតុ ដោយសារតែទ្រាំនឹងទង្វើរបស់ប្តីកំណាចរូបនេះតទៅទៀតលែងបាន ទើបស្ត្រីរងគ្រោះជាប្រពន្ធ ដាច់ចិត្តទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍សន្លុង ឱ្យជួយអន្តរាគមន៍តែម្តង។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងប៉ុស្តិ៍ បានចុះមកឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាង រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES