ខេត្តឧ្តត្តរមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់ ជាគ្រូឱសថបុរាណ បានធ្វើសកម្មភាពគំរាមសម្លាប់ រួចចាប់រំលោភក្មេងស្រីវ័យ ១៣ឆ្នាំ ម្នាក់ ដែលជាកូនស្រីក្លើរបស់ខ្លួន រហូតដល់បានសម្រេចដល់ទៅ ៦ដង លុះក្មេងស្រីរងគ្រោះ មានអាការស្លេកស្លាំងចម្លែក ត្រូវសាច់ញាតិឈ្លេចសួរ បែករឿង ជនសង្ស័យបានរត់គេចខ្លួនបាត់ ខណៈដែលបុរសជាឪពុកក្មេងស្រីរងគ្រោះ បានទម្លាយរឿងថា កាលប្រពន្ធនៅរស់ ក្លើនេះ (ជនសង្ស័យ) ក៏ធ្លាប់បង្អកស្រា រំលោភប្រពន្ធគាត់ដែរ តែគាត់យល់មុខ ទើបមិនប្តឹង។
ករណីរំលោភសេពសន្ថវៈនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២ នៅចំណុចភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង។
ជនសង្ស័យដែលចាប់រំលោភក្មេងស្រី ដល់ទៅ៦ដង និងកំពុងរត់គេចខ្លួន មានឈ្មោះចាប ឆយ អាយុ៨៦ឆ្នាំ មុខរបរជាគ្រូឱសថបុរាណ មានលំនៅ ភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ យ.ស.ភ អាយុ១៣ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ សាច់ញាតិរបស់ក្មេងស្រីរងគ្រោះ (ម្តាយមីង) បានឃើញអាការក្មួយស្រី (ក្មេងស្រីរងគ្រោះ) មានសភាពស្លេកស្លាំងល្ហិតល្ហៃខុសប្រក្រតី ទើបនឹកសង្ស័យ ក៏ហៅក្មួយស្រី មកសាកសួរថា តើក្មួយកើតអី បានជាសភាពទ្រុឌទ្រោមបែបនេះ? ក្រោយមក ក្មេងស្រីរងគ្រោះ ក៏បានឆ្លើយប្រាប់ម្តាយមីងថា ប៉ុន្មានថ្ងៃកន្លងមកនេះ នាងត្រូវតាចាប ឆយ (ជនសង្ស័យ) ធ្វើបាប គំរាមសម្លាប់ រួចចាប់រំលោភសេពសន្ថវៈរហូតដល់បានសម្រេច ចំនួន៦ដង ឯណោះ។
ប្រភពដដែល បន្តថា បន្ទាប់ពីស្តាប់សម្តីក្មេងស្រីរងគ្រោះចប់ សាច់ញាតិមានការភ្ញាក់ផ្អើល រួចក៏ប្រញាប់នាំក្មេងស្រីរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរស្មាច់ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។
នៅចំពោះមុខសមត្ថកិច្ច ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា កន្លងមក តាចាប ឆយ (ជនសង្ស័យ) ធ្លាប់បានលួងលោមនាងផង គំរាមកំហែងសម្លាប់នាងចោលផង ធ្វើឱ្យនាងភ័យខ្លាច ទើបបណ្តោយឱ្យជនសង្ស័យរំលោភបាន រយៈពេលប៉ុន្មានថ្ងៃ (សម្រេចដល់ទៅ ៦ដង) ទើបមកបែកធ្លាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ក្រោយពីសុខភាពរបស់នាងចាប់ផ្តើមទ្រុឌទ្រោម។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើភ្លាម កម្លាំងសមត្ថកិច្ច បានចុះអន្តរាគមន៍តាមចាប់ខ្លួនជនសង្ស័យដែរ ប៉ុន្តែជននេះ ទំនងជាដឹងខ្លួនមុន ក៏បានគេចខ្លួនបាត់ស្រមោលទៅហើយ។
ជុំវិញករណីខាងលើនេះ បុរសចំណាស់ដែលត្រូវជាឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះ និងត្រូវជាក្លើរបស់ជនសង្ស័យដែរនោះ បានទម្លាយប្រាប់ថា គាត់បានស្គាល់និងរាប់អានឈ្មោះចាប ឆយ តាំងពីឆ្នាំ១៩៩៣ មកម៉្លេះ ហើយកន្លងមក កាលពីប្រពន្ធរបស់គាត់នៅមានជីវិត ក្លើនេះ (ជនសង្ស័យ) ក៏ធ្លាប់បានបង្អកស្រាគាត់ និងប្រពន្ធ ឱ្យស្រវឹង រួចចាប់រំលោភប្រពន្ធរបស់គាត់បានសម្រចផងដែរ តែគាត់យល់មុខ ទើបមិនមាត់មិនក។
ឪពុកក្មេងស្រីរងគ្រោះ បានរៀបរាប់ទាំងអួលដើមកបន្តថា ប្រពន្ធរបស់គាត់បានចែកឋានជាយូរឆ្នាំហើយ ហើយគាត់ត្រូវរស់នៅពោះម៉ាយទុរគត មើលថែកូនស្រីពៅដែលជាកូនទី៥ (ក្មេងស្រីរងគ្រោះ) ស្រាប់តែត្រូវជនល្មោភកាមនេះ រំលោភបំពានយ៉ាងព្រៃផ្សៃថែមទៀត ពោលគឺរំលោភប្រពន្ធគាត់មិនអស់ចិត្ត មករំលោភកូនស្រីរបស់គាត់ទៀត ជាហេតុធ្វើឱ្យគាត់កើតទុក្ខមិនសុខចិត្ត លើកម្រាមដៃដប់ សំណូមពរសមត្ថកិច្ចនិងអង្គការ ព្រមទាំងស្ថាប័នពាក់ព័ន្ធ មេត្តាស្វែងរកចាប់ខ្លួនជនសង្ស័យនេះ យកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីរកយុត្តិធម៌ជូនដល់ក្រុមគ្រួសាររបស់គាត់ផង។
ដោយឡែក តាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា តាចាស់វ័យ ៨៦ឆ្នាំម្នាក់នេះ (ជនសង្ស័យ) គឺជាគ្រូឱសថបុរាណល្បីម្នាក់ប្រចាំភូមិ ហើយទោះវ័យចាស់ក៏ពិតមែន តែកាមតណ្ហាមិនថមថយឡើយ រហូតដល់បែកគំនិតចាប់រំលោភក្មេងស្រី ដល់ទៅ៦ដង លុះបែករឿង ក៏រត់ គេចបាត់ សង្ឃឹមថា សមត្ថកិច្ច នឹងតាមវែកមុខជននេះបានឆាប់ៗ។
ពាក់ព័ន្ធទៅនឹងករណីខាងលើ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ កំពុងសហការគ្នា បើកការស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនសង្ស័យខាងលើ យ៉ាងសស្រាក់សស្រាំ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕