Friday, November 29, 2024
Homeព័ត៌មានជាតិគំនុំស្នេហ៍ត្រីកោណ ១០ព្រួតកាប់១

គំនុំស្នេហ៍ត្រីកោណ ១០ព្រួតកាប់១

ខេត្តកណ្តាល ៖ ជនសង្ស័យ ១ក្រុម មានគ្នាប្រមាណ ១០នាក់ បានធ្វើសកម្មភាពព្រួតកាប់ប្រហារទៅលើយុវជនម្នាក់ ចំនួន៧ដាវ (ស្រាយគំនុំស្នេហ៍ត្រីកោណ) បណ្តាលឱ្យយុវជនរូបនោះ រងរបួសស្ទើរស្លាប់ស្ទើររស់ រួចព្យាយាមរត់គេចខ្លួនអស់រយៈពេលជាង ១ឆ្នាំ ទីបំផុតត្រូវ សមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់បានចំនួន២នាក់ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួនរបស់តុលាការ ដោយកំណត់ផ្តន្ទាទោសដាក់ពន្ធនាគារ សរុប ១៨ឆ្នាំ (ម្នាក់៨ឆ្នាំ និងម្នាក់ទៀត ១០ឆ្នាំ)។

ករណីប៉ុនប៉ងឃាតកម្មគិតទុកជាមុន ផ្តើមចេញពីគំនុំស្នេហាត្រីកោណនេះ បានកើតឡើងតាំងពីវេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នៅចំណុចរមណីយដ្ឋានជន្លង់ម្លូ ភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល។ រហូតមកដល់វេលាម៉ោង ១២និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ទើបសមត្ថកិច្ចតាមចាប់ខ្លួនជនជាប់ចោទបាន ចំនួន២នាក់ នៅចំណុចភូមិកោះរងៀង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនជាប់ចោទទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះធី សុផាក់ ហៅផាក់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្ន ភូមិចំបក់ធំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ជាប់ពន្ធនាគារ ៨ឆ្នាំ) និងទី២-ឈ្មោះឃឿន ចាន់រិត ហៅប៉ាក ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្ន ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជាប់ពន្ធនាគារ ១០ឆ្នាំ)។ ចំណែកជនរងគ្រោះ មានឈ្មោះភុំ សាមុត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល។

តមប្រភពពីសមត្ថកិច្ចស្រុកអង្គស្នួល បានឱ្យដឹងថា សមត្ថកិច្ចជំនាញស្រុកអង្គស្នួល បានឃាត់ខ្លួនជនជាប់ចោទចំនួន២នាក់ ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្មគិតទុកជាមុន។ ប្រតិបត្តិការស្រាវជ្រាវចាប់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២  នៅចំណុចភូមិកោះរងៀង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

 ប្រភពដដែល បន្តថា ជនជាប់ចោទទាំង២នាក់ ដែលត្រូវបានចាប់ខ្លួន ទី១-ឈ្មោះធី សុផាក់ ហៅផាក់ ឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ២៩៨ (ន) ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១  របស់លោកអឿន វណ្ណា ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល និងដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួន លេខ៥៥៩/២០២១ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ របស់លោកថោង ផល្លារង្សី ចៅក្រមជំនុំជម្រះនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ដែលបានកំណត់ឱ្យដាក់ពន្ធនាគារ កំណត់៨ឆ្នាំ ពីបទប៉ុនប៉ងឃាតកម្ម ប្រព្រឹត្តនៅរមណីយដ្ឋានជន្លង់ម្លូ ភូមិចុងបឹង  ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ និងទី២-ឈ្មោះឃឿន ចាន់រិត ហៅប៉ាក ឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ២៩៦ (ន) ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ របស់លោកអឿន វណ្ណា ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល និងដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួន លេខ៥៦៣/២០២១ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ របស់លោកថោង ផល្លារង្សី ចៅក្រមជំនុំជម្រះនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ដែលបានកំណត់ឱ្យដាក់ពន្ធនាគារ កំណត់១០ឆ្នាំ ពីបទប៉ុនប៉ងឃាតកម្ម ប្រព្រឹត្តនៅរមណីយដ្ឋានជន្លង់ម្លូ ភូមិចុងបឹង  ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១។

ជនជាប់ចោទទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កន្លងទៅ មានករណីប៉ុនប៉ងឃាតកម្មមួយ បានកើតឡើងនៅចំណុចរមណីយដ្ឋានជន្លង់ម្លូ ភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ដោយយុវជនម្នាក់ រួមនិងមិត្តភក្តិស្រីៗរបស់ខ្លួន ចំនួន៤នាក់ផ្សេង ទៀត បាននាំគ្នាទៅលេងនៅរមណីយដ្ឋានជន្លង់ម្លូ លុះទៅដល់ មិត្តភក្តិស្រីៗ៣នាក់ បានទៅអង្គុយនៅខ្ចូសផ្សេង ចំណែកយុវជនរងគ្រោះ និងមិត្តស្រីម្នាក់ទៀត បានអង្គុយសាសងគ្នាតែ២នាក់ ស្រាប់តែរំពេចនោះ លេចមុខក្រុមក្មេងស្ទាវ ១ក្រុម មានគ្នាប្រមាណ ១០នាក់ ប្រដាប់ដោយដាវនិងកាំបិត បានចូលទៅព្រួតកាប់ប្រហារយុវជនរងគ្រោះ ទាំងកំរោល ចំនួន៧ដាវ បណ្តាលឱ្យរងរបួសស្ទើរស្លាប់ស្ទើររស់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ជនរងគ្រោះបានទៅលេងនៅរមណីយដ្ឋានជន្លង់ម្លូ ជាមួយមិត្តភក្តិស្រីៗ ចំនួន៤នាក់ទៀត រួមមាន ទី១-ឈ្មោះចិត្ត នីតី ភេទស្រី អាយុ១៧ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិអង្គស្រែពោធិ៍ ឃុំទួលព្រេជ ស្រុកអង្គស្នួល។ ទី២-ឈ្មោះផល ស្រីល័ក្ខ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិច្រកក្រសាំង ឃុំទួលព្រេជ ស្រុកអង្គស្នួល។ ទី៣-ឈ្មោះធា សុជាតា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិទន្លាប់ ឃុំទួលព្រេជ ស្រុកអង្គស្នួល និងទី៤-ឈ្មោះសរ ស្រីល័ក្ខ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិពោធិ៍បួន ឃុំម្កាក់ ស្រុកអង្គស្នួល។

ក្រោយមក ឈ្មោះផល ស្រីល័ក្ខ ឈ្មោះធា សុជាតា និងឈ្មោះសរ ស្រីល័ក្ខ បាននាំគ្នាអង្គុយលេងនៅខ្ចូសផ្សេងគ្នា ចំណែកឈ្មោះភុំ សាមុត និងឈ្មោះចិត្ត នីតី អង្គុយ២នាក់ លុះដល់ម៉ោងជាង ៤រសៀល ថ្ងៃដដែល ស្រាប់តែមានមនុស្ស ១ក្រុម ប្រហែល១០នាក់ ជិះម៉ូតូមាន កាន់កាំបិត ដាវ មកកាប់ជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ ហើយគេចខ្លួនបាត់អស់ទៅ។ បន្ទាប់មក សាច់ញាតិបាននាំយកជនរងគ្រោះទៅពេទ្យ អាត នៅភូមិអន្ទង់ក្រវៀន ឃុំម្កាក់ ហើយបន្តយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ ។

រហូតមកដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ កម្លាំងផ្នែកជំនាញស្រុក បានចុះទៅដល់មន្ទីរពេទ្យលោកសង្ឃ ជួបជនរងគ្រោះ និងសាច់ញាតិ ដើម្បីសាកសួរពីស្ថានភាពរបស់ជនរងគ្រោះ និងបានពិនិត្យឃើញថា ជនរងគ្រោះមានរបួសក្បាលផ្នែកខាងក្រោយ ១កន្លែង (ផុងលលាដ៍ ក្បាល កំពុងតាមដានបន្ត)។ របួសខ្នងខាងក្រោយ ១កន្លែង មុតដល់ឆ្អឹងខ្នង។ របួសផ្នែកស្មាខាងឆ្វេង ១កន្លែង មុតដល់ឆ្អឹង។ របួសកំភួនដៃខាងឆ្វេង ១កន្លែង។ របួសលើខ្នងដៃខាងស្តាំ ១កន្លែង មុតដល់ឆ្អឹង។ របួសលើប្រអប់ជើងខាងស្តាំ ១កន្លែង មុតដល់ឆ្អឹង និងរបួសលើឆ្អឹងជំនីរខាងឆ្វេង ១កន្លែង៕

RELATED ARTICLES