Friday, September 20, 2024
Homeព័ត៌មានជាតិដឹកសង្សារទៅផ្ទះ ក្មេងស្ទាវស្ទាក់វ៉ៃ

ដឹកសង្សារទៅផ្ទះ ក្មេងស្ទាវស្ទាក់វ៉ៃ

ភ្នំពេញ ៖ យុវជនមួយក្រុម ទើបនឹងចេញពីផឹកស៊ី ដឹកសង្សារម្នាក់ ត្រឡប់ទៅផ្ទះវិញ ស្រាប់តែត្រូវបានក្មេងស្ទាវមួយក្រុមទៀត នាំគ្នាដេញស្ទាក់វាយ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់ និងត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនភាគីទាំងសងខាង យកទៅសាកសួរនៅប៉ុស្តិ៍។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិត្រពាំងទា ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីក្រុមជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ពួកគាត់ទើបចេញពីផឹកស៊ីនៅខ្ចូសមួយកន្លែង ម្តុំផ្លូវរថភ្លើង ស្ថិតនៅសង្កាត់សំរោងក្រោម បន្ទាប់មកក៏នាំគ្នាជិះម៉ូតូដឹកស្រីម្នាក់ដែលបម្រើការនៅខ្ចូស ជួននាងត្រឡប់មកផ្ទះវិញ ក្នុងនោះពួកខ្លួន មានម៉ូតូចំនួន ៣គ្រឿង ១-ម៉ាកហុងដា ឌ្រីម ស៊េរី២០១៥ ២-ម៉ាកហុងដា ឌ្រីម ស៊េរី២០២២ និងទី៣-ម៉ាកហុងដា ឌ្រីម ស៊េរី២០២២ មានគ្នាចំនួន៦នាក់ ក្នុងនោះស្រីម្នាក់ ប្រុស៥នាក់។ លុះពេលកំពុងធ្វើដំណើរតាមបណ្តោយវិថីឈ្នះ-ឈ្នះ ពីជើង ទៅត្បួង ស្រាប់តែលេចមុខក្មេងស្ទាវ ២នាក់ ជិះម៉ូតូ ១គ្រឿង មិនចាំម៉ាកនិងស្លាកលេខ បានធ្វើសកម្មភាពវាយមកលើក្រុមពួកគេ បណ្តាលឱ្យត្រូវគ្នាគេម្នាក់ដែលជិះនៅខាងក្រោយ ហើយក្មេងស្ទាវ ទាំង២នាក់នោះ ក៏ជិះម៉ូតូរត់ភ្លាមៗដែរ ។

ប្រភពដដែល បន្តថា បន្ទាប់មក ខាងក្រុមខ្លួនដែលជាជនរងគ្រោះ ក៏បានជិះម៉ូតូដេញតាមវាយក្មេងស្ទាវទាំង២នាក់នោះវិញ ដោយចេញពីផ្លូវធំ ចូលមកផ្លូវបេតុង ផុតពីវិថីឈ្នះ-ឈ្នះ ជាង១០០ម៉ែត្រ ពេលនេះក្មេងស្ទាវក៏បានឈប់ម៉ូតូ ចុះមក ដោយមានគ្នាគ្នីជាច្រើន ដូចហ្វូងគោ ប្រដាប់ទៅដោយដំបងដែក និងដំបងឈើ ព្រួតមកវាយទៅលើក្រុមគេជាជនរងគ្រោះដែលមានគ្នា ៥នាក់ បណ្តាលឱ្យអ្នកខ្លះរបួសដៃ ខ្លះទៀតរងរបួសជើង បង្កឱ្យម៉ូតូជនរងគ្រោះ ចំនួន៣គ្រឿង រងការខូចខាត រួមមាន ទី១-ម៉ូតូម៉ាកហុងដា ឌ្រីម ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បួងឃ្មុំ 1E-8305 (រងការខូចខាតតិចតួច)។ ទី២-ម៉ូតូម៉ាកហុងដា ឌ្រីម ស៊េរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JA-4474 (រងការខូចខាតខ្ទេចផ្នែកខាងមុខ) និងទី៣-ម៉ូតូម៉ាកហុងដា ឌ្រីម ស៊េរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JP-0462 (រងការខូចខាតខ្ទេចផ្នែកខាងមុខដូចគ្នា)។

បន្ទាប់មក ក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ទាក់ទងប្តឹងទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកជួយអន្តរាគមន៍ និងធ្វើឱ្យខាងបក្ខពួកជនបង្កហេតុ នាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់ពីកន្លែងកើតហេតុភ្លាមៗដែរ។

ស្របពេលនោះ ខាងជនរងគ្រោះ បានយកមួកសុវត្ថិភាពវាយច្រឡំទៅលើបុរសម្នាក់ ព្រោះស្មានថាជាបក្ខពួកជនបង្កហេតុ បណ្តាលឱ្យមានរឿងរ៉ាវបន្ថែម ១តង់ទៀត។ បន្ទាប់មក ខាងសមត្ថកិច្ច បានឃាត់ខ្លួនអ្នកទាំង២ យកទៅសាកសួរនៅប៉ុស្តិ៍តែម្តង។

ក្រោយពេលកើតហេតុ បន្ទាប់ពីសមត្ថកិច្ចសាកសួរទៅលើខាងជនរងគ្រោះ រកមុខអ្នកបង្កហេតុមិនឃើញ ហើយជនរងគ្រោះមិនដាក់ពាក្យបណ្តឹងទៀត ខាងសមត្ថកិច្ចក៏បានធ្វើលិខិតព្រមព្រៀងឱ្យភាគីរងគ្រោះទាំង២នាក់ ដែលត្រូវបានជនសង្ស័យវាយ និងអ្នកវាយច្រឡំ ឱ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនអស់ទៅ៕

RELATED ARTICLES