Friday, November 29, 2024
Homeព័ត៌មានជាតិកម្លាំងចម្រុះ បង្ក្រាបគោយន្តដឹកឈើ ៣គ្រឿង

កម្លាំងចម្រុះ បង្ក្រាបគោយន្តដឹកឈើ ៣គ្រឿង

 ខេត្តពោធិ៍សាត់ ៖ ក្រុមការងារអង្គការដើម្បីការពារអភិរក្សធនធានធម្មជាតិ សហការជាមួយ កម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិព្រៃឈើ ដោយចាប់ឃាត់គោយន្តកន្ត្រៃ បានចំនួន៣គ្រឿង ខណៈដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើអារជាក់ស្តែង។

ប្រតិបត្តិការបង្ក្រាបការដឹកជញ្ជូនឈើនេះ ធ្វើឡើងកាលពីវេលាទៀបភ្លឺ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ស្ថិតក្នុងភូមិគល់ទទឹង ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ។

 លោកឈួន ដោងរិទ្ធី មន្ត្រីអង្គការដើម្បីការពារអភិរក្សធនធានធម្មជាតិ បានឱ្យដឹងថា ឈើអារបួនជ្រុង មុខកាត់ធំៗ មានប្រវែងចាប់ពី ២ម៉ែត្រ ទៅ៤ម៉ែត្រ ដែលគេដឹកជញ្ជូនតាមមធ្យោបាយគោយន្តកន្ត្រៃ ត្រូវបានបង្ក្រាបនោះ បច្ចុប្បន្នត្រូវបានយយកទៅរក្សាទុកជាបណ្តោះអាសន្ន នៅស្នាក់ការសម្ព័ន្ធមិត្តសត្វព្រៃ ដើម្បីរង់ចាំចាត់ការបន្តតាមនីតិវិធី។

 ដោយឡែក បើយោងប្រភពពីអ្នកបើកបរគោយន្តកន្ត្រៃដឹកឈើនោះផ្ទាល់ បង្ហើបថា ឈើទាំងអស់នេះ ដឹកចេញពីតំបន់ជួរភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ (ជាតំបន់ព្រៃការពារ) ដោយចាំពេលវេលាយូរថ្ងៃ ទើបបានលទ្ធផលប៉ុននេះ ហើយត្រូវចំណាយលុយច្រើនទៀត ព្រោះត្រូវបង់ លុយឱ្យមន្ត្រីបរិស្ថាន ប្រចាំស្នាក់ការអម្ពិល លុះមកដល់ចំណុចអូរជ្រៅ ត្រូវឱ្យកម្លាំងកងរាជអាវុធហត្ថ និងយោធាដឺបេទៀតផង ថែមទាំងមេព្រៃ សង្កាត់រដ្ឋបាលព្រៃឈើ លាច និងសមត្ថកិច្ចស្ទើរមួយស្រុកភ្នំក្រវាញ តែម្តង ឥឡូវត្រូវបានសមត្ថកិច្ចចាប់បង្ហើយតែម្តង៕

RELATED ARTICLES