Friday, April 26, 2024
Homeព័ត៌មានជាតិគ្រួសារកូនភ្លោះស្រី៣ ទទួលអំណោយ

គ្រួសារកូនភ្លោះស្រី៣ ទទួលអំណោយ

បន្ទាយមានជ័យ ៖ គ្រួសារក្រីក្រមួយ ដែលទើបកើតបានកូនភ្លោះស្រី ៣នាក់ រស់នៅតាមផ្លូវជាតិលេខ៥ ជិតរង្វង់មូលស្រីគ្រប់លក្ខណ៍ ស្ថិតក្នងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានទទួលអំណោយពីសម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅល្ងាចថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២២ ដែលនាំយកទៅប្រគល់ជូនដោយលោក សេង ទៀង ជំនួយការផ្ទាល់សម្ដេចនាយករដ្ឋមន្ត្រី។ 

ពិធីចែកអំណោយនោះ ក៏មានការចូលរួមពីលោក លី សុវណ្ណ អភិបាលរងខេត្តបន្ទាយមានជ័យ, លោកឈឿន គ្រៃយ៉ុង នាយករដ្ឋបាលខេត្តបន្ទាយមានជ័យ លោកអាង ណារិទ្ធ ប្រធានមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ខេត្តបន្ទាយមានជ័យ, លោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីរកិច្ចការនារីខេត្ត, លោកស្រី ឆាត សុជា ចៅសង្កាត់ព្រះព្រះពន្លា សមាជិកក្រុមប្រឹក្សាសង្កាត់ព្រះពន្លា និងអ្នកអមដំណើរជាច្រើននាក់ទៀត។

កូនភ្លោះទាំងបី មានឪពុកឈ្មោះ ចាន់សុភាព សព្វថ្ងៃជាបុគ្គលិកស៊ីឈ្នួលរបស់ក្រុមហ៊ុនឯកជនមួយ និងម្តាយឈ្មោះ ឆៃ ស្រីរ័ត្ន មុខរបរសព្វថ្ងៃ ជាមេផ្ទះ គាត់មានកូន៤នាក់ កូនទី១ ប្រុស សព្វថ្ងៃមានអាយុ ២ឆ្នាំ ២ខែ រីឯកូនភ្លោះទាំងស្រីទាំង៣, កូនស្រីទី១ ឈ្មោះ ឡាងសុដាលី ទម្ងន់ ១.៦គីឡូក្រាម, កូនស្រីទី២ ឈ្មោះ ឡាងសុដាលីន ទម្ងន់១.៥គីឡូក្រាម និងកូនស្រីទី៣ ឈ្មោះ ឡាង សុដាលីស ទម្ងន់ ១.៦គីឡូក្រាម បច្ចុប្បន្នរស់នៅបន្ទប់របស់ក្រុមហ៊ុនឲ្យនៅ។

តាមការអះអាងរបស់ឪពុក-ម្តាយកូនភ្លោះបី បានឲ្យដឹងថា កូនស្រីទាំង៣ របស់គាត់ កើតនៅថ្ងៃទី១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៥និង៣០នាទី សម្រាលដោយធ្វើការវះកាត់ នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ពេលចាប់ផ្តើមពពោះដូចកូនទី១ ដែរ។ មុននឹងមានកូនភ្លោះស្រី ៣នាក់ ដែលជាចៅសម្តេចហ៊ុន សែន គឺពួកគេមានកូនប្រុសម្នាក់ អាយុជា២ឆ្នាំ។

ឆ្លៀតក្នុងឱកាសនោះ លោក សេង ទៀង បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ក្រុមគ្រួសារកូនភ្លោះស្រី៣ ក្នុងនោះលោកបានណែនាំឲ្យឪពុកម្តាយថែទាំកូនភ្លោះទាំង៣នេះ ដែលជាចៅធម៌របស់សម្តេច ឲ្យបានល្អ ដែលនេះជាកូនភ្លោះ៣ ចៅសម្តេចនាយករដ្ឋមន្ត្រី លើកទី ៣៨៩ ផងដែរ។

សូមបញ្ជាក់ថា អំណោយដែលជូនផ្ទាល់ដៃ ដល់គ្រួសារកូនភ្លោះបី ខាងលើ រួមមាន ៖ ទឹកដោះគោកូនក្មេង ២កេស, អង្ករ ១បាវ ៥០គីឡូ, ថវិកា ៥ ០០០ ០០០រៀល ស្ករ-ស ៥គីឡូ, សារុង២ ក្រមា២។

ក្រុមគ្រួសារកូនភ្លោះ៣ និងប្រជាពលរដ្ឋដែលចូលរួមពិធីទទួលអំណោយនេះ បានបង្ហាញនូវទឹកចិត្តរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់ដល់ជីវភាពប្រជាពលរដ្ឋ និងតែងតែឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលខ្វះខាត ជាបន្តបន្ទាប់កន្លងមក៕

RELATED ARTICLES