Saturday, April 27, 2024
Homeព័ត៌មានជាតិទៅលេងសង្សារ ចោរលួចម៉ូតូ ចាប់វ៉ៃប៉ោងមុខ

ទៅលេងសង្សារ ចោរលួចម៉ូតូ ចាប់វ៉ៃប៉ោងមុខ

ភ្នំពេញ ៖ យុវជនម្នាក់ បានជិះម៉ូតូទៅលេងសង្សាររបស់ខ្លួន នៅបន្ទប់ជួល ទាំងពាក់កណ្តាលអធ្រាត្រ លុះទៅដល់ ឈប់ម៉ូតូនៅលើផ្លូវ ជាប់មុខបន្ទប់ជួល រួចដើរចូលទៅក្នុង តែគាប់ជួនឃើញជនសង្ស័យ២នាក់ ជិះម៉ូតូទៅវិញទៅមក និងចេះតែសម្លឹងមើលម៉ូតូរបស់ខ្លួន ទើបសម្ងំ ឃ្លាំមើលសិន លុះឃើញជនសង្ស័យឡើងលើម៉ូតូរបស់ខ្លួន បម្រុងកាច់ក ស្ទុះចេញមកចាប់ក្របួចជាប់ រួចស្រែកឆោឡោផ្អើលដល់អ្នកជិតខាង ចេញមកជួយស្វាគមន៍ ម្នាក់១ដៃ១ជើង បណ្តាលឱ្យជនសង្ស័យប៉ោងមុខមាត់ ទើបប្រគល់ឱ្យសមត្ថកិច្ច យកទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសុខ លាង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនិងស្នាក់នៅ មិនពិតប្រាកដ  មានស្រុកកំណើតនៅស្រុកឆ្លូង ខេត្តក្រចេះ។ ចំណែកជនរងគ្រោះ មានឈ្មោះស៊ុ ប៊ុនធួន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់បាយ ស្នាក់នៅបុរីញូវថោន អូដឹម ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ។ រីឯម៉ូតូដែលជនសង្ស័យលួចមិនបានសម្រេចនោះ ម៉ាកស្កូបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IN-3861។

តាមប្រភពពីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានមកលេងសង្សារ នៅបន្ទប់ជួល ក្នុងភូមិកើតហេតុខាងលើ លុះជិះម៉ូតូមកដល់មុខបន្ទប់ជួល គាត់ក៏បានទុកម៉ូតូនៅតាមផ្លូវ ជាប់ខាងមុខបន្ទប់ជួល ស្រាប់តែឃើញជនសង្ស័យមានគ្នា ២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកអាយខន ពណ៌ផ្កាឈូក ដោយជិះបណ្តើរ ក្រឡេកមើលម៉ូតូរបស់គាត់បណ្តើរ។

ជនរងគ្រោះ បន្តថា បន្ទាប់មក គាត់មានការសង្ស័យ ទើបមិនបានចូលលេងបន្ទប់សង្សារនោះឡើយ តែនៅពួនសម្ងំចាំឃ្លាំមើលសកម្មភាពរបស់ជនសង្ស័យខាងលើ លុះបន្ទាប់មក ក៏ឃើញជនសង្ស័យជិះម៉ូតូចុះឡើងៗ ជាច្រើនបក ហើយជនសង្ស័យម្នាក់ បានឡើងលើម៉ូតូរបស់គាត់ បម្រុងកាច់សោកម៉ូតូ ទើបគាត់ស្ទុះចេញទៅចាប់ក្របួចជាប់ និងស្រែកថា ចោរ!ៗ ធ្វើឱ្យផ្អើល ដល់ប្រជាពលរដ្ឋក្បែរខាង ចេញមកស្វាគមន៍ ម្នាក់១ដៃ១ជើង បណ្តាលឱ្យជនសង្ស័យ រងរបួសធ្ងន់តែម្តង។ ចំណែកជនសង្ស័យម្នាក់ទៀត បានជិះម៉ូតូគេចខ្លួនបាត់។

បន្ទាប់មក ប្រជាពលរដ្ឋបានប្តឹងសមត្ថកិច្ច ឱ្យនាំជនសង្ស័យ មកសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ បន្ទាប់ពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានសាកសួរ ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប៉ុនប៉ងលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។

ក្រោយមក ជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES