Friday, September 20, 2024
Homeព័ត៌មានជាតិមេព្រៃបង្ក្រាបឡានដឹកឈើ ៣គ្រឿង

មេព្រៃបង្ក្រាបឡានដឹកឈើ ៣គ្រឿង

ខេត្តព្រះវិហារ ៖ ក្រុមសមត្ថកិច្ចចម្រុះ ដឹកនាំដោយលោកនួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ សហការជាមួយកម្លាំងផ្នែករដ្ឋបាលព្រៃឈើ រវៀង រួមនិងកម្លាំងអាវុធហត្ថខេត្តស្រុក ព្រមទាំងកម្លាំងសមត្ថកិច្ចមូលដ្ឋានឃុំរួសរាស់ បានចុះបង្ក្រាបរថយន្តដឹកឈើ ចំនួន ៣គ្រឿង ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង ១២និង៣៥នាទីយប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិទួលឈ្នួន ឃុំរួសរាន់ ស្រុករវៀង។

រថយន្តទាំង៣គ្រឿង ដែលត្រូវបានបង្ក្រាប រួមមាន ១-រថយន្តម៉ាកសាំងយ៉ុង ពណ៌លឿង ដឹកឈើលេខ២ (ចាប់នៅព្រំប្រទល់ជីអោក)។ ២-រថយន្តម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2E-0893 (ដឹកឈើលេខ១) និង៣-រថយន្តម៉ាកហាយឡែនដឺរ ពណ៌ស ដឹកឈើ ប្រភេទលេខ១ សុក្រំ ពេញរថយន្ត ជារថយន្តរបស់ក្រុមមេឈ្មួញជើងខ្លាំងឈ្មោះតុលា ចាប់បាននៅចំណុចភូមិទួលឈ្នួន ឃុំរួសរាន់ ស្រុករវៀង។

លោកនួន សុខុម បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៥ល្ងាច មានរថយន្តសាំងយ៉ុងដឹកឈើលេខ២ ចេញពីស្រុករវៀង យកទៅកំពង់ធំ ឃើញបែបនេះ លោកបានបញ្ជាទៅកម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត ប្រចាំការនៅព្រំប្រទល់ ឃាត់រថយន្តដឹកឈើនេះ យកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើ រវៀង។ បន្ទាប់មក នៅយប់ដដែលនោះ លោកបានដឹកនាំកម្លាំងចម្រុះ ចុះទៅដល់ភូមិ-ឃុំខាងលើ បានប្រទះឃើញក្រុមរថយន្តដឹកឈើលេខមួយ ចំនួន២គ្រឿង បម្រុងដឹកចេញ។ ប៉ុន្តែត្រូវបានកម្លាំងស្ទាក់ចាប់បាន ចំណែកតៃកុងរថយន្ត បានរត់គេចខ្លួនបាត់។

លោក នួន សុខុម បានឱ្យដឹងបន្តថា កម្លាំរដ្ឋបាលព្រៃឈើព្រះវិហារ បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមទាំងការទប់ស្កាត់និងដកហូតដីព្រៃរុករាន មកទុកជាសម្បត្តិរដ្ឋវិញផងដែរ។ ជាមួយនេះ លោកសុំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ ពិសេសបងប្អូនអ្នកសារព័ត៌មាន ចូលរួមសហការផ្តល់ព័ត៌មានដល់សមត្ថកិច្ច ឱ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាព ព្រោះការការពារធនធានធម្មជាតិ តម្រូវឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន បើពឹងផ្អែកតែលើជំនាញ មិនគ្រប់គ្រាន់ទេ ។

លោក នួន សុខុម បញ្ជាក់ថា ករណីបង្ក្រាបរថយន្តដឹកឈើខាងលើ កម្លាំងជំនាញ បន្តស្រាវជ្រាវរកមុខសញ្ញា ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី។ ចំណែកវត្ថុតាង មានរថយន្ត ចំនួន៣គ្រឿង រួមទាំងឈើ មួយចំនួន ត្រូវបានរឹបអូសយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ រវៀង ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមច្បាប់៕

RELATED ARTICLES