ខេត្តពោធិ៍សាត់ ៖ សាកសពបុរសម្នាក់ ត្រូវបានអ្នកភូមិប្រទះឃើញអណ្តែតនៅក្នុងទឹកអូរ មួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចអូរដោម ស្ថិតក្នុងភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន។
សាកសពបុរសរងគ្រោះខាងលើ មានឈ្មោះតឹក ម៉ាល់ អាយុ៤២ឆ្នាំ មុខរបរកសិករ មានលំនៅភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន។
យោងតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកបាកាន បានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៨និង១៥នាទី បានទទួលព័ត៌មានពីលោកវរសេនីយ៍ត្រី សាន់ គឹមជា នាយប៉ុស្តិ៍នគរបាលអូរតាប៉ោង ថាមានករណីមនុស្សម្នាក់ លង់ទឹកស្លាប់ក្នុងទឹកអូរ (អូរដោម) ក្រោយទទួលបានព័ត៌មានភ្លាមនោះ កម្លាំងផ្នែកជំនាញពិនិត្យវិភាគទីកន្លែងកើតហេតុ បានសហការជាមួយកម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្ត្រ និងគ្រូពេទ្យកោសល្យវិច័យពេទ្យខេត្ត បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការពិនិត្យសព ឈ្មោះតឹក ម៉ាល់ មានកម្ពស់១,៧០ម៉ែត្រ សម្បុរខ្មៅស្រអែម ពាក់អាវយឺតដៃវែង ពណ៌ខ្មៅ ស្លៀកខោជើងខ្លី ពណ៌ខ្មៅ សពអណ្តែតផ្កាប់មុខ ក្បាលទៅទិសខាងជើង មានសភាពហើមនិងធុំក្លិនផ្នែកក្បាល គ្មានស្លាកស្នាម ផ្នែកក មានសភាពរឹង គ្មានស្លាកស្នាម ផ្នែកដងខ្លួន នៅត្រង់ ចង្កេះផ្នែកខាងឆ្វេង មានស្នាមរលាត់ស្បែក ផ្នែកអវៈយវៈ គ្មានស្លាកស្នាម។
យោងតាមការបំភ្លឺជុំវិញទីកន្លែងកើតហេតុ និងការពិនិត្យសពជាមួយគ្រូពេទ្យជំនាញ សន្និដ្ឋានបានថា ជនរងគ្រោះ ស្លាប់ដោយថប់ដង្ហើម (លង់ទឹក) ប្រាកដមែន ដោយស្លាប់លើសពី២០ម៉ោងទៅហើយ។
សព ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ឱ្យឈ្មោះសុខ តឹក ភេទប្រុស អាយុ៨៤ឆ្នាំ ត្រូវជាឪពុកបង្កើត យកទៅធ្វើបុណ្យតាមប្រពៃណី៕