ភ្នំពេញ៖រយៈពេល១០ខែមកហើយដែលកែវ ពេជ្រពិសី ត្រូវបានជាប់គាំងរឿងគម្រោងយកកូនទី២ ព្រោះពេលនេះនាងមិនទាន់ពពោះឡើយ ខណៈដែលកូនប្រុសនាងទើបឈានចូលវ័យជិត១ខួប។យ៉ាងណាក្រោយក្លាយទៅជាម្ដាយគេនេះពេជ្រពិសី បានផ្លាស់ប្ដូរជីវិតទាំងស្រុងបើប្រៀបធៀបជីវិតនាងកាលពី១០ឆ្នាំមុនព្រោះបំណងរបស់នាងបានសម្រេចដោយសារតែក្ដីស្រម៉ៃចង់បង្កើតគ្រួសារមួយដែលមានប្ដីនិងកូននៅក្បែរខ្លួនឥឡូវវាបានក្លាយទៅជាការពិត។ពិសី រស់នៅជុំគ្រួសារហើយនាងមានភាពកក់ក្ដៅខ្លាំងណាស់ព្រោះលោកពៅ សម្បត្តិ បង្ហាញក្ដីស្រលាញ់ដល់រូបនាងនិងកូនពេញបេះដូងរហូតមកដល់ពេលនេះនាងថាប្ដីនៅខ្មែរ៩០% ទៅកាណាដាតែ១០%ប៉ុណ្ណោះ។

ជុំវិញការរៀបគម្រោងយកកូនថែមរបស់កែវ ពេជ្រពិសី ភ្លាមៗតាំងពីកូនប្រុសសម្រាលបាន១ខែនោះត្រូវបានពិសី អះអាងថាមិនអាចពន្យាពេលបានតទៅទៀតព្រោះនាងនិងស្វាមីមានអាយុកាន់តែច្រើនហើយអីចឹងការរៀបការលើកទី២មិនសំខាន់ដូចការបានកូននោះទេ ព្រោះទាំងរូបនាងនិងប្ដីសុទ្ធតែធ្លាប់បានឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ម្ដងរួចទៅហើយ។ប៉ុន្ដែមានការសង្ស័យថាមូលហេតុដែលពេជ្រពិសី មិនទាន់អាចពពោះកូនទី២បានសមតាមបំណងនោះដោយសារតែនាងវះកាត់សម្រាលកូនទី១ដែលធ្វើឲ្យប៉ៈពាល់ដល់សុខភាពខ្លះៗហើយពិបាកយកកូនថែម បើទោះជាពិសី ធ្លាប់ប្រាប់ថាសុខភាពនាងល្អជាធម្មតាថ្វីត្បិតតែកូនដំបូងមិនសម្រាលតាមធម្មជាតិតែឆ្លងកាត់មុខកាំបិតក្ដី។

គូររំលឹកថាកែវ ពេជ្រពិសី បានលែងលះទាំងចម្រូងចម្រាសជាមួយអតីតប្ដីលោកចន្ថា ស្រី ជាអាណិកជនខ្មែរមកពីអូស្រា្ដលីកាលពីឆ្នាំ២០១០ បន្ទាប់ពីរៀបការមិនបាន១ខែផង។ក្រោយធ្លាក់ខ្លួនមេម៉ាយជាង១០ឆ្នាំ ពេជ្រពិសី បានជ្រើសស្នេហ៍”ជួញឆ្ងាយ ប្រសើរជាងជួញជិត”ម្ដងទៀតតាមរយៈការបើកបេះដូងទទួលស្នេហ៍ថ្មីលោកពៅ សម្បត្តិ ជានាយកក្រុមហ៊ុនគ្រឿងសមុទ្រមួយមកពីកាណាដា ហើយអ្នកទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី១៧ខែឧសភាឆ្នាំ២០២០ ហើយពិសី សម្រាលកូនថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១ ដោយដាក់ឈ្មោះថាដូរ៉ា(Dura)។បន្ទាប់ពីមានកូន១ពេជ្រពិសី បានលុបចោលគម្រោងរៀបការជាលើកទី២ ខណៈដែលអាជីពសិល្បៈនាងវិញនៅតែតាំងចិត្តថាមិនបោះបង់ទាំងស្រុងឡើយ គឺអាចឆ្លៀតថតសម្ដែងបានបើសិនជាក្រុមផលិតករឲ្យតំណែងតួដែលនាងចង់ថត តែនាងមិនទទួលយកតំណែងជាតួម្ដាយនៅពេលនេះទេ ព្រោះគិតថាខ្លួនឯងអត់ទាន់ចាស់ជ្រុលឬដល់វ័យត្រូវធ្វើតួម៉ែទេ៕

