ភ្នំពេញ ៖ បុរសជាឪពុកចុងម្នាក់ ឆ្លៀតពេលដែលប្រពន្ធរបស់ខ្លួនមិននៅផ្ទះ តែងធ្វើសកម្មភាពចាប់រំលោភកូនស្រីចុង ដែលទើបនឹង មានអាយុ ១៣ឆ្នាំ បានសម្រេចជាបន្តបន្ទាប់ សរុបដល់ទៅ ៧ដង ដោយក្រោយពេលរំលោភរួចតែងសម្លុតគំរាមសម្លាប់ចោល បើហ៊ាននិយាយរឿងនេះប្រាប់អ្នកណា ពិសេសម្តាយ ជាហេតុធ្វើឱ្យក្មេងស្រីរងគ្រោះភ័យខ្លាច ទ្រាំលាក់បាំងរហូតមក។ លុះចុងក្រោយ ដោយទ្រាំនឹងទង្វើរបស់ឪពុកចុងល្មោភកាមនេះតទៅទៀតលែងបាន ក៏ដាច់ចិត្តទម្លាយប្រាប់ម្តាយ ដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ទើបសមត្ថកិច្ចបានចុះចាប់ខ្លួនជនសង្ស័យជាឪពុកចុងតិរច្ឆាន នាំយកទៅចាត់ការតាមច្បាប់ កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួល លេខ២ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យជាឪពុកចុង ដែលចាប់រំលោភកូនស្រី ដល់ទៅ ៧ដង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះមឿន អ៊ាន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបើកបររថយន្ត មានស្រុកកំណើតនៅភូមិត្រកៀត ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង សព្វថ្ងៃស្នាក់នៅបន្ទប់ជួលលេខ២ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះអ.ស.ជ.ត អាយុ ១៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលជាមួយគ្នា។
គួរបញ្ជាក់ថា ករណីឪពុកចុងចាប់រំលោភកូនស្រីនេះ បានកើតឡើងដំបូង តាំងពីអំឡុងខែមករា ឆ្នាំ២០២២ មកម៉្លេះ នៅចំណុចភូមិត្រកៀត ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ហើយលើកចុងក្រោយ កើតឡើងនៅវេលាម៉ោង ១០យប់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅចំណុច បន្ទប់ជួល ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ បន្ទាប់មក ក្រោយពីមានបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ ដែលត្រូវជាប្រពន្ធរបស់ជនសង្ស័យ ទើបសមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យល្មោភកាមខាងលើបាន កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលខាងលើ។
តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅវេលាម៉ោងប្រហែល ១០យប់ ខណៈដែលរូបនាងកំពុងនៅក្នុងបន្ទប់ជួលតែម្នាក់ឯង រីឯម្តាយមិនទាន់ត្រឡប់មកពីធ្វើការវិញ ពេលនោះជនសង្ស័យជាឪពុកចុង បានត្រឡប់មកពីធ្វើការវិញ ឃើញនាងនៅតែឯង ក៏បានធ្វើសកម្មភាពរំលោភនាង រហូតបានសម្រេច ដោយចាប់ផ្តួលនាងទៅលើឥដ្ឋការ៉ូ រួចសម្រាតខោនាងត្រឹមជង្គង់ ហើយរំលោភសេពសន្ថវ:លើរូបនាង រហូតដល់បានសម្រេច ចំនួន១ដង។ បន្ទាប់មក ជនសង្ស័យបានគំរាមនាងថា ហាមយករឿងនេះប្រាប់នរណាម្នាក់ជាដាច់ខាត បើមិនដូច្នេះទេ គេនឹងសម្លាប់នាងចោល រួចក៏ត្រឡប់ទៅធ្វើការវិញបាត់ទៅ។
ក្មេងស្រីរងគ្រោះ រៀបរាប់បន្តថា លុះមកដល់វេលាម៉ោង ១០យប់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ ជនសង្ស័យបានត្រឡប់មកបន្ទប់ជួលម្តងទៀត ហើយធ្វើសកម្មភាពរំលោភនាង បានសម្រេច ចំនួន១ដងទៀត ហើយបានគំរាមអារកសម្លាប់រូបនាងចោលទៀតផង បើហ៊ានយករឿងនេះប្រាប់អ្នកណា ពិសេសម្តាយរបស់នាង ទើបធ្វើឱ្យរូបនាងមានភ័យខ្លាច មិនហ៊ានប្រាប់ម្តាយនោះទេ។ រហូតដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ដោយសារតែទ្រាំនឹងទង្វើរបស់ឪពុកចុងល្មោភកាមតទៅទៀតលែងបាន ណាមួយខ្លាចជនសង្ស័យតាមមកចាប់រំលោភនាងទៀត ទើបនាងដាច់ចិត្តយករឿងនេះ ប្រាប់ម្តាយឱ្យបានដឹងតែម្តង។
ក្រោយពីកូនស្រីបានរៀបរាប់ប្រាប់រួចហើយ ស្ត្រីជាម្តាយ មិនទាន់បាននាំកូនស្រី មកដាក់ពាក្យបណ្តឹងភ្លាមៗនោះទេ រហូតមកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ទើបម្តាយរបស់ក្មេងស្រីរងគ្រោះ បាននាំកូនស្រី មកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើភ្លាម កម្លាំងសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ប៉ុន្តែជនសង្ស័យ បានគេចខ្លួនបាត់ទៅហើយ។ រហូតដល់វេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ម្តាយរបស់ក្មេងស្រីរងគ្រោះ បានទូរស័ព្ទប្រាប់សមត្ថកិច្ចថា ជនសង្ស័យបានត្រឡប់មកបន្ទប់ជួលវិញហើយ។ ភ្លាមនោះ កម្លាំងសមត្ថកិច្ចបានចុះទៅដល់ ធ្វើការឃាត់ខ្លួនជនសង្ស័យ រួចនាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឪពុកចុងខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះ ដែលត្រូវជាកូនចុង បានសម្រេច សរុបចំនួន ៧ដងមែន។
ជនសង្ស័យ បានសារភាពបន្តថា ដំបូងឡើយ កាលពីអំឡុងខែមករា (មិនចាំថ្ងៃ) ឆ្នាំ២០២២ កាលពីរស់នៅស្រុកកំណើត ឯភូមិត្រកៀត ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ខ្លួនបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះ ដែលត្រូវជាកូនចុង ជាបន្តបន្ទាប់ សរុបចំនួន ៥ដង។ លុះក្រោយមកធ្វើការនិងស្នាក់នៅបន្ទប់ជួល ឯរាជធានីភ្នំពេញ ខ្លួនក៏បន្តរំលោភកូនស្រី បានសម្រេច ថែម ២ដងទៀត ឆ្លៀតពេលដែលប្រពន្ធមិននៅ ពោលគឺយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ម្តង និងយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ ម្តងទៀត។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅផ្នែកព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី៕