Friday, September 20, 2024
Homeព័ត៌មានជាតិខ្ចីម៉ូតូជិះ១ភ្លែត បាត់៤ខែ ជាប់ខ្នោះ២នាក់

ខ្ចីម៉ូតូជិះ១ភ្លែត បាត់៤ខែ ជាប់ខ្នោះ២នាក់

ភ្នំពេញ ៈ ជនសង្ស័យ ២នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីបានធ្វើសកម្មភាពឆបោកម៉ូតូ ១គ្រឿង នៅចំណុចផ្ទះជួលភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះប៊ុន ថាវរិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងទី២-ឈ្មោះទេព សុហេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះ មានឈ្មោះស្មាន សូទី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរលក់ដូរ ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ រីឯម៉ូតូដែលបាត់បង់ ម៉ាកហុងដា ឌ្រីម សេ១១០ ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ភ្នំពេញ 1BU-4494។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេ១១០ ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ភ្នំពេញ 1BU-4494 ទៅជួបជនសង្ស័យឈ្មោះប៊ុន ថាវរិទ្ធ នៅចំណុចកើតហេតុ។ ពេលនោះជនសង្ស័យ បានប្រើល្បិចខ្ចីម៉ូតូជនរងគ្រោះ ដោយប្រាប់ថា ទៅទិញអីហូបមួយភ្លែត រួចក៏ជិះម៉ូតូទៅជួបបក្ខពួកម្នាក់ទៀត ឈ្មោះទេព សុហេង ហើយក៏នាំគ្នាយកម៉ូតូរបស់ជនរងគ្រោះ ទៅលក់បានប្រាក់ ៣០០ដុល្លារ ទិញគ្រឿងញៀន ជក់ និងស៊ីចាយអស់។

រហូតមកដល់វេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះបានប្រទះឃើញជនសង្ស័យ ឈ្មោះប៊ុន ថាវរិទ្ធ នៅភូមិជ្រោយបាសាក់១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក៏ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច។ រហូតដល់ម៉ោង ៧យប់ ថ្ងៃដដែល សមត្ថកិច្ចឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះទេព សុហេង នៅភូមិតាងៅ សង្កាត់និរោធ បញ្ជូនមកប៉ុស្តិ៍ព្រែកប្រា ដើម្បីសាកសួរ។

ជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES