ខេត្តបាត់ដំបង ៖ ជនសង្ស័យចំនួន៣នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីរូបស្រស់ម្នាក់បានសម្រេច រួចនាំគ្នាជិះម៉ូតូគេចខ្លួនភ្លាមៗ ប៉ុន្តែរំលងបានត្រឹមតែ ១ម៉ោងប៉ុណ្ណោះ ក៏ត្រូវកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវចាប់វាយខ្នោះទាំង៣នាក់ នាំយកមកចាត់ការតាមច្បាប់។
ករណីឆក់ទូរស័ព្ទខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចក្រុមទី០១ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ លុះរយៈពេលប្រមាណជាង ១ម៉ោងក្រោយមក ពោលគឺនៅវេលាម៉ោង ១០និង៣០នាទី យប់ ថ្ងៃដដែល សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង៣នាក់បាន នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះឡេង ហេង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិត ប្រាកដ។ ទី២-ឈ្មោះលី ស៊ីថា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៣-ឈ្មោះលួម ចាន់ថា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង៣នាក់ មានលំនៅ ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ជាមួយគ្នា។ ចំណែកនារីរងគ្រោះ មានឈ្មោះសោ ថាវន្ត អាយុ២៧ឆ្នាំ មានលំនៅភូមិស្តីស្ទឹង ឃុំតាលាស់ ស្រុកមោងឬស្សី។ រីឯវត្ថុតាងដកហូត រួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ បាត់ដំបង 1AE-7425 (ជាម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព) និងទូរស័ព្ទដៃ ១គ្រឿង ម៉ាក Oppo F9 ពណ៌ខៀវ (ជារបស់ជនរងគ្រោះ)។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ភួង ច័ន្ទតារា ស្នងការរង ជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងមានការសម្របសម្រួលនីតិវិធីពីលោកកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ចំនួន៣នាក់ ដូចរៀបរាប់ឈ្មោះខាងលើ មកកាន់ស្នងការដ្ឋាន ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី។
ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕