Friday, September 20, 2024
Homeព័ត៌មានជាតិជំនន់ទឹកភ្លៀង បន្តវាយលុកក្រុងប៉ោយប៉ែត

ជំនន់ទឹកភ្លៀង បន្តវាយលុកក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ ជំនន់ទឹកភ្លៀង បានបង្កជន់លិចមួយប៉ប្រិចភ្នែក នៅទីតាំងនិងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងក្រុងប៉ោយប៉ែត បន្ទាប់ពីមានភ្លៀងធ្លាក់មកខ្លាំង តាំងពីវេលាម៉ោងជិត៤រសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ រហូតដល់យប់ ទើបរាំង។

ជាក់ស្តែង នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅតាមដងផ្លូវបេតុងមួយចំនួន និងចំណតរថយន្តក្រុង រងការជន់លិចនៅឡើយ តែកន្លែងខ្លះបានស្រកទៅវិញបណ្តើៗ ខណៈអូរព្រំដែនទឹកមិនទាន់ឡើងខ្លាំងនៅឡើយ។

នៅព្រឹកថ្ងៃដដែល លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំមន្ត្រីនិងសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យមើលទឹកអូរព្រំដែន និងចំណុចមួយចំនួនទៀត ដើម្បីរិះរកវិធីត្រៀមទុកជាមុន ប្រសិនបើពលរដ្ឋជួបនូវគ្រោះធម្មជាតិជំនន់ទឹកភ្លៀង ឬទឹកជំនន់ហូរមកពីប្រទេសថៃ។

សូមរំលឹកថា ដោយសារភ្លៀងបង្អុរធ្លាក់ខ្លាំង តាំងពីថ្ងៃ រហូតដល់យប់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បង្កឱ្យតំបន់មួយចំនួន ក្នុងទីប្រជុំជនក្រុងប៉ោយប៉ែត មានជំនន់ទឹកភ្លៀង ជាបណ្តើរៗ។ កន្លងមក ភាគីថៃ បានជូនដំណឹងដល់អាជ្ញាធរកម្ពុជា នៅជាប់ព្រំដែនខេត្តស្រះកែវ ដោយប្រកាសថា នៅប្រទេសថៃ មានភ្លៀងខ្លាំង ជិតដល់កម្រិតប្រកាសអាសន្នហើយ ដូច្នេះខាងកម្ពុជា ពិសេសអ្នករស់នៅស្រុក ក្រុងជាប់ព្រំដែនថៃ ត្រូវមានការប្រុងប្រយ័ត្ន។

មកដល់ព្រលប់ថ្ងៃទី១៥ សីហា ទឹកអូរព្រំដែនកម្ពុជា-ថៃ ចំណុចប៉ោយប៉ែត បានហក់ឡើងជិតដល់មាត់អូរហើយ។ កន្លងមក អាជ្ញាធរ បានរៀបចំប្រព័ន្ធបង្ហូរទឹកធ្លាក់ទៅអូរព្រំដែន បានច្រើនខ្សែ។ ប៉ុន្តែដោយសារភ្លៀងបន្តធ្លាក់រហូតដល់យប់ ទើបធ្វើឱ្យផ្លូវខ្លះ ត្រូវទឹកលិច ហើយ ពលរដ្ឋបើកបរម៉ូតូ ឡាន វាងរកផ្លូវមិនសូវលិចខ្លាំង៕

RELATED ARTICLES