Friday, September 20, 2024
Homeព័ត៌មានជាតិបញ្ចាំឆ្នាំងសាក អត់យក កាប់៣កាំបិត

បញ្ចាំឆ្នាំងសាក អត់យក កាប់៣កាំបិត

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានយកដុំសាកថ្មទូរស័ព្ទ ទៅបញ្ចាំឱ្យបុរសម្នាក់ទៀត ចំនួន ៥ពាន់រៀល តែបុរសរូបនោះមិនព្រមទទួលយក ជាហេតុធ្វើឱ្យជនសង្ស័យខឹងសម្បា ក៏យកកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះ ចំនួន៣កាំបិត បណ្តាលឱ្យរងរបួសយ៉ាងដំណំ ទីបំផុតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង២០នាទី ទៀបភ្លឺ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ រហូតមកដល់ម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ទើបសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យ នាំយកមកសាកសួរ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះធី ឡាយ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួលភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះ មានឈ្មោះឆេង សារ៉ាត់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរសន្តិសុខយាមបុរីប៊ូអៅ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ១២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ជនសង្ស័យបានយកដុំសាកថ្មទូរស័ព្ទ ទៅបញ្ចាំឱ្យជនរងគ្រោះ ចំនួន៥ពាន់រៀល ពេលនោះជនរងគ្រោះ មិនយក ហើយក៏បានដេញជនសង្ស័យចេញទៅវិញ។ រហូតដល់វេលាម៉ោង ៤និង២០នាទី ទៀបភ្លឺ ថ្ងៃដដែល ជនសង្ស័យ បានយកកាំបិតប៉័ងតោ ពីផ្ទះ ទៅកាប់លើជនរងគ្រោះ ជាច្រើនកាំបិត បណ្តាលឱ្យរងរបួសយ៉ាងដំណំ និងត្រូវបានដឹកបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ បានធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ក៏បានឃាត់ខ្លួនជនសង្ស័យ នៅបន្ទប់ជួលរបស់ខ្លួន ដែលស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ នាំយកមកសាកសួរ។

ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ កសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES