ភ្នំពេញ ៖ យុវតីរូបស្រស់ ជាជនជាតិខ្មែរអ៊ិស្លាមម្នាក់ នៅសុខៗបានបាត់ខ្លួនចេញពីផ្ទះ ដោយគ្មានដំណឹងអ្វីទាំងអស់ ធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោ តាមស្វែងរកសព្វកន្លែង នៅតែមិនមានដំណឹងអ្វីបន្តិចសោះ ជាហេតុធ្វើឱ្យក្រុមគ្រួសារ ឪពុកម្តាយ មានការព្រួយបារម្ភយ៉ាងខ្លាំង និងសង្ស័យថា កូនស្រីអាចនឹងចាញ់បោកការលួងលោមរបស់មិត្តភក្តិ។
យុវតីដែលបាត់ខ្លួន មានឈ្មោះស្មាន ហាលីហ្សា អាយុ ១៧ឆ្នាំ សិក្សាថ្នាក់ទី១១ នៅវិទ្យាល័យឫស្សីកែវ មានឪពុកឈ្មោះលី សារី មុខរបរបុគ្គលិកក្រុមហ៊ុន និងម្តាយឈ្មោះរ៉ ទីយ៉ាស់ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះលេខ១៤៧១ ផ្លូវជាតិលេខ៥ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។ យុវតីរូបនេះ បានបាត់ខ្លួនចេញពីផ្ទះ តាំងពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ មិនដឹងទៅណាឡើយ។
លោកលី សារី ជាឪពុករបស់យុវតីបាត់ខ្លួន បានរៀបរាប់ទាំងអួលដើមកថា កូនស្រីរបស់លោក បានបាត់ខ្លួនតាំងពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ មកម៉្លេះ ធ្វើឱ្យពួកគាត់ជាឪពុកម្តាយ មានក្តីកង្វល់ កើតទុក្ខគ្រប់ពេលវេលា។
លោកលី សារី បានឱ្យដឹងថា មុនពេលកូនស្រីបាត់ខ្លួន គឺប្រហែលម៉ោង ២រសៀល កូនស្រីបានសុំទៅទិញស្បែកជើង ប៉ុន្តែមិនបានប្រាប់ថា ទិញស្បែកជើងនៅទីណានោះទេ ប៉ុន្តែមុនអនុញ្ញាត ម្តាយបានផ្តាំថា ទិញហើយ ឱ្យប្រញាប់ត្រឡប់មកផ្ទះវិញ ដូចនេះក្រោយពីសុំម្តាយហើយ ហាលីហ្សា បានទៅបាត់តែម្តង។ លុះទៅបាត់យូរ ទូរស័ព្ទក៏តេមិនចូល ទើបបង្កការភ្ញាក់ផ្អើលតែម្តង។
លោកលី សារី បានបញ្ជាក់ថា មុនពេលកូនស្រីចាកចេញពីផ្ទះ លោកមិនបានសម្គាល់ឃើញអ្វីប្លែកទេ ហើយកូនស្រីរបស់លោក ក៏មិនដែលដើរហើរបាត់ពីផ្ទះដែរ ប៉ុន្តែម្តងនេះ លោកមានចម្ងល់ថា ហេតុអ្វីកូនស្រីទៅបាត់ពីផ្ទះ មិនផ្តល់ដំណឹង ហើយថែមទាំងទាក់ទងមិនបានទៀត។ ប៉ុន្មានថ្ងៃមកនេះ លោកបានទាក់ទងមិត្តភក្តិរបស់កូនស្រីដែលបាត់ខ្លួន ហើយក៏បានដឹងតម្រុយថា ហាលីហ្សា បានទៅដល់ក្រុងព្រះសីហនុ ហើយលោកក៏បានឡើងទៅដល់ទីតាំងផ្តល់តម្រុយភ្លាម ជិះឆ្វែលទាំងថ្ងៃទាំងយប់ អស់រយៈពេល ៣ថ្ងៃមកហើយ នៅតែមិនប្រទះសោះ។
បុរសជាឪពុក បន្ថែមថា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ កូនស្រី ហាលីហ្សា បានបាត់ខ្លួនពីផ្ទះ អស់៨ថ្ងៃហើយ លោកបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងបានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជួយស្វែងរកកូនស្រីរបស់លោកផង ព្រោះនាងនៅក្មេង គំនិតខ្ចី ងាយចាញ់កលការល្បួងពីជនខិលខូច។
លោក លី សារី បានអំពាវនាវឱ្យកូនស្រី ត្រឡប់មកផ្ទះវិញ ទោះក្នុងហេតុផលបែបណា លោកនឹងមិនប្រកាន់ខឹងកូនស្រីឡើយ ហើយសូមកូនអាណិតម្តាយដែលមានជំងឺបេះដូង ធ្លាក់ខ្លួនទ្រុឌទ្រោម នឹកបារម្ភពីកូន។ ជាមួយគ្នានេះ លោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើបានប្រទះឃើញកូនស្រីគាត់ ដែលមានភិនភាគដូចរូបថតបង្ហាញជូន សូមទំនាក់ទំនងមកកាន់លេខ ០៩៣ ៩១៨ ៩០២ ដោយក្តីអនុគ្រោះ៕