Friday, November 29, 2024
Homeព័ត៌មានជាតិករណីបង្ក្រាបល្បែងជល់មាន់ ស្លាប់បុរសម្នាក់ ឃាត់ខ្លួនប៉េអឹម២នាក់

ករណីបង្ក្រាបល្បែងជល់មាន់ ស្លាប់បុរសម្នាក់ ឃាត់ខ្លួនប៉េអឹម២នាក់

ភ្នំពេញ ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រេចឃាត់ខ្លួន ក្រោយស៊ើបអង្កេតលើករណីបង្ក្រាបល្បែងស៊ីសងជល់មាន់ តាមអនឡាញ បណ្តាលឱ្យមានបុរសម្នាក់ស្លាប់ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅចំណុច ភូមិរូង ឃុំក្រវា ស្រុកបារាយណ៍។

មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ ទាំង២រូប ដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះសុខ ម៉េងហុង ឋានៈអនុសេនីយ៍ឯក មុខងារនាយការិយាល័យព្រហ្មទណ្ឌ និងទី២-ឈ្មោះលុយ តាំងឈួយ ឋានៈអនុសេនីយ៍ឯក មុខងារប្រធានអង្គភាពនគរបាលយុត្តិធម៌។ ចំណែកជនរងគ្រោះដែលបាត់បង់ជីវិតក្នុងប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងជល់មាន់ តាមអនឡាញ មានឈ្មោះសួង ឌ័ន អាយុ៤៧ឆ្នាំ មានប្រពន្ធឈ្មោះ ស៊ិន សាវិន និងមានកូនប្រុសស្រី ក្នុងបន្ទុកចំនួន២នាក់ សព្វថ្ងៃមានលំនៅ ភូមិរូង ឃុំក្រវា ស្រុកបារាយណ៍។

យោងតាមសេចក្តីប្រកាសរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា «កងរាជអាវុធហត្ថ សូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងគ្រួសាររបស់សពឈ្មោះសួង ឌ័ន ជ្រាបថា ចាប់ពីថ្ងៃទី០៩ ខែសីហា ក្រុមការងារចំពោះកិច្ច នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះមកដល់ខេត្តកំពង់ធំ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេតករណីប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមអនឡាញ) នៅចំណុចភូមិរូង ឃុំក្រវា ស្រុកបារាយណ៍ ហើយនិងបិទបញ្ចប់ការស៊ើបអង្កេត ស្រាវជ្រាវនេះ។

សង្ខេបអំពីដំណើររឿង ៖ កាលពីថ្ងៃទី០៧ ខែសីហា កងរាជអាវុធហត្ថខេត្តកំពង់ធំ បានចុះប្រតិបត្តិការ ប្រើប្រាស់កម្លាំងចំនួន ១៣នាក់ មធ្យោបាយ រថយន្ត ២គ្រឿង ម៉ូតូ ១គ្រឿង ដឹកនាំដោយលោកអនុសេនីយ៍ឯក សុខ ម៉េងហុង មុខងារនាយការិយាល័យព្រហ្មទណ្ឌ លោកអនុសេនីយ៍ឯក លុយ តាំងឈួយ មុខងារប្រធានអង្គភាពនគរបាលយុត្តិធម៌ និងមានការសម្របសម្រួលពីលោកសាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ ដោយបានឱ្យលោកឃឿន សុលាភ ជាក្រឡាបញ្ជីអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ចូលរួមក្នុងប្រតិបត្តិការនោះផងដែរ។ កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឃាត់ខ្លួនមនុស្ស ចំនួន៤នាក់ និងចាប់យកវត្ថុតាង ម៉ូតូ ចំនួន៦គ្រឿង ទូរទស្សន៍ ១គ្រឿង CPU ចំនួន១គ្រឿង បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ប៉ុន្តែក្នុងពេលកំពុងធ្វើដំណើរតាមរថយន្តម៉ាក Toyota Sienna មានជនសង្ស័យឈ្មោះសួង ឌ័ន បានទទួលមរណភាព។ តាមការបញ្ជាក់របស់លោកវេជ្ផបណ្ឌិត សុខ មុន្នីឧត្តម ថាអ្នកជំងឺបានស្លាប់ មុននឹងដល់មន្ទីរពេទ្យបង្អែកស្រុកបារាយណ៍សន្ទុក។ 

អំពីចំណាត់ការរបស់កងរាជអាវុធហត្ថ ៖ បានឃើញរបាយការណ៍លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ និងបានឃើញគណនីហ្វេសប៊ុក ឈ្មោះ “Nearadey Din” បានបង្ហោះថា “០៧/០៨/២២ ភូមិរូង ឃុំក្រវា កំពង់ធំ ឈ្មោះសួង ឌ័ន អាយុ៤៧ឆ្នាំ វេលាម៉ោង៥ល្ងាច គាត់មកពីប្រជុំវិញ ចៃដន្យភ្លៀង គាត់ក៏បានជ្រកភ្លៀង នៅតូបកាហ្វេ មិនបានប៉ុន្មាន ស្រាប់តែមានប៉េអឹមចាប់លោកឪពុកខ្ញុំ ទៅសង្កត់ត្រង់ចំណុចក រហូតគាត់ដកដង្ហើមមិនចេញ គាត់ក៏ស្រែកឱ្យគេយកទៅពេទ្យ តែបែរគិតថា ពុកខ្ញុំយកលេសទៅវិញ រហូតគាត់ផុតដង្ហើមលើឡាន។ អនុវត្តច្បាប់ តែគ្មានទំនួលខុសត្រូវ អយុត្តិធម៌ណាស់ សម្រាប់គ្រួសារខ្ញុំ ជួយរកយុត្តិធម៌ឱ្យខ្ញុំផង (គាត់ជាមនុស្សស្លូតត្រង់ ស្រលាញ់គោរពអ្នកភូមិ អ្នកណាក៏ស្រលាញ់ចូលចិត្តគាត់គ្រប់គ្នា គាត់ក៏មិនព្រមដោយគ្មានយុត្តធម៌បែបនេះដូចគ្នា)”។

នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីសម្រេច លេខ ១០២/២០២២ សសរ ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីធ្វើការត្រួតពិនិត្យ ស្រាវជ្រាវ នូវបាតុភាពមិនប្រក្រតីក្នុងការប្រតិបត្តិតួនាទី ភារកិច្ច ពាក់ព័ន្ធនឹងករណីយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ធំ។

អំពីការអនុវត្តច្បាប់ ៖ ក្រោយពីក្រុមការងារចំពោះកិច្ច បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតតាមនីតិវិធីរួចមក ជំនាញមន្ត្រីនគរបាលយុត្តិធម៌ បានសុំគោលការណ៍ឃាត់ខ្លួនយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើស ចំនួន២រូប មានជាអាទិ៍ ៖ ១-ឈ្មោះសុខ ម៉េងហុង ឋានៈអនុសេនីយ៍ឯក មុខងារនាយការិយាល័យព្រហ្មទណ្ឌ។ ២-ឈ្មោះលុយ តាំងឈួយ ឋានៈអនុសេនីយ៍ឯក មុខងារប្រធានអង្គភាពនគរបាលយុត្តិធម៌។

កងរាជអាវុធហត្ថយើងខ្ញុំ នឹងធ្វើសន្និសីទសារព័ត៌មាន អំពីលទ្ធផលនៃការស៊ើបអង្កេតស្រាវជ្រាវករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ តាមអនឡាញ) និងការស្លាប់ជនសង្ស័យម្នាក់ឈ្មោះ សួង ឌ័ន។ សន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តទៅនៅព្រឹក វេលាម៉ោង៩និង០០ នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ទីកន្លែង សាលប្រជុំនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន…»៕

RELATED ARTICLES