ភ្នំពេញ ៖ បុរសជាមេជាងសំណង់ម្នាក់ ចប់ម៉ោងការងារទៅហើយ ប៉ុន្តែនៅបង្ហើយការងារជាមួយប្រពន្ធរបស់ខ្លួន ដោយដាក់ជណ្តើរឡើងទៅផ្សាររបងផ្ទះ ស្រាប់តែឆ្លងចរន្តអគ្គិសនីឆក់ទើរលើជណ្តើរ លុះឃើញបែបនេះ ស្រ្តីជាប្រពន្ធ បានស្ទុះទៅចាប់ទាញប្តីទម្លាក់ចុះក្រោម ដើម្បីសង្គ្រោះ តែនៅមិនដឹងខ្លួន ទើបប្រញាប់ដឹកបញ្ជូនទៅមន្ទីរពេទ្យ តែអកុសល បុរសជាប្តីបានបាត់បង់ជីវិតទៅហើយ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៤៥នាទីល្ងាច ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្ទះអត់លេខ តាមបណ្តោយផ្លូវបេតុង ក្រោយផ្សារស្ទឹងមានជ័យចាស់ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
បុរសរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះសឿន ហួន អាយុ៤២ឆ្នាំ មុខរបរមេជាងសំណង់ ស្នាក់នៅបន្ទប់ជួល ក្បែរកន្លែងកើតហេតុ ស្ថិតក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅខេត្តព្រៃវែង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ក្រុមជាង បាននាំគ្នាឈប់សម្រាកអស់ទៅហើយ ប៉ុន្តែជនរងគ្រោះ ជាមេជាង និងប្រពន្ធ បាននៅបង្ហើយការងារ ដោយបុរសប្តី បានដាក់ជណ្តើរឡើងផ្សាររបងផ្ទះ ខណៈដែលឡើងទៅ ស្រាប់តែមិនដឹងថា ជនរងគ្រោះប៉ះជាមួយនឹងខ្សែភ្លើងដែលដាច់រលាត់ត្រង់ណា បានធ្វើឱ្យឆក់ជនរងគ្រោះ ទើរលើជណ្តើរ។ ភ្លាមៗនោះ ស្ត្រីជាប្រពន្ធ បានឃើញ ក៏ស្ទុះទៅទាញទម្លាក់ប្តីមកក្រោម ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នាជួយធ្វើចលនា សង្គ្រោះបឋមដែរ តែជនរងគ្រោះ នៅតែមិនដឹងខ្លួន ទើបនាំគ្នាលើកដាក់ម៉ូតូកង់បី ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី តែទៅដល់មន្ទីរពេទ្យ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
សពជនរងគ្រោះ ត្រូវបានស្ត្រីជាប្រពន្ធ និងសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត៕