Friday, September 20, 2024
Homeព័ត៌មានជាតិ១០ព្រួតកាប់១ដាច់ដៃ រត់គេច១០ថ្ងៃ

១០ព្រួតកាប់១ដាច់ដៃ រត់គេច១០ថ្ងៃ

ខេត្តបាត់ដំបង ៖ ជនសង្ស័យ ១ក្រុម មានគ្នា១០នាក់ បានធ្វើសកម្មភាពព្រួតកាប់ប្រហារទៅលើយុវជនម្នាក់ បណ្តាលឱ្យរងរបួស និងខូចខាតម៉ូតូ ចំនួន២គ្រឿង  រួចព្យាយាមរត់គេចខ្លួនអស់រយៈពេល ១០ថ្ងៃ ទីបំផុតត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបាន ចំនួន២នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង០៥នាទីយប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅចំណុចទល់មុខតារាងបាល់ទាត់ប្រុសតូច ស្ថិតនៅក្រុមទី០៨ ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង។ លុះមកដល់វេលាម៉ោង ៥និង០៥នាទីល្ងាច ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ នៅចំណុចបន្ទប់ជួល ក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះចាន់ បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង និងទី២-ឈ្មោះថន វីរៈ ហៅឡុង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។ ចំណែកជនរងគ្រោះ មានឈ្មោះទូច ភា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិថ្មី ឃុំត្រាង ស្រុកកំរៀង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ១០និង០៥នាទីយប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនា (ប្រើប្រាស់កាំបិត) បានកើតឡើងនៅចំណុចទល់មុខតារាងបាល់ទាត់ ប្រុសតូច ស្ថិតនៅក្រុមទី០៨ ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង  ដោយជនសង្ស័យមួយក្រុម មិនស្គាល់អត្តសញ្ញាណ មានគ្នាប្រហែល ១០នាក់ ភេទប្រុស ជិះម៉ូតូ ចំនួន៥គ្រឿងបានប្រើប្រាស់កាំបិត កាប់ទៅលើជនរងគ្រោះឈ្មោះទូច ភា បណ្តាលឱ្យរងរបួសត្រង់ ក្រោមកែងដៃខាងស្តាំ (ស្រាល) និងខូចខាតម៉ូតូ ចំនួន២គ្រឿង រួចនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់។

លុះមកដល់វេលាម៉ោង ៨និង៤៥នាទីព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុក ដើម្បីសុំអន្តរាគមន៍។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះរួចមក សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។

ដោយបានការអនុញ្ញាតពីលោកកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ អនុវត្តតាមផ្លូវច្បាប់៕

RELATED ARTICLES