ភ្នំពេញ ៖ បុរសម្នាក់ បានចាក់សោផ្ទះចោល ១យប់ ព្រោះត្រូវចេញទៅសម្រាកនៅផ្ទះម្តាយក្មេក លុះព្រឹកឡើង ត្រឡប់មកដល់ផ្ទះវិញ ឃើញសោផ្ទះរបូត ប៉ុន្តែទ្វារផ្ទះបិទធម្មតា លុះចូលទៅដល់ក្នុងផ្ទះ ទើបដឹងថា ត្រូវបានចោរគាស់ផ្ទះ លួចប្រមូលទ្រព្យសម្បត្តិអស់ទៅហើយ ក៏បើកកាមេរ៉ាសុវត្ថិភាពមើល និងរាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ ទីបំផុត ក្រោយកំណត់ភិនភាគជនសង្ស័យតាមកាមេរ៉ាសុវត្ថិភាព ស្រាវជ្រាវអស់ ៤ថ្ងៃ ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់។
ករណីអំពើលួច (ឆ្កឹះសោទ្វាផ្ទះ លួចទ្រព្យសម្បត្តិ) ខាងលើនេះ បានកើតឡើង កាលពីយប់កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្ទះលេខ១៤៧៥ ផ្លូវជាតិលេខ២ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសុខ វ៉ាន់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរនិងស្នាក់នៅ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។ ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះសោម សុដាលីន ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅ ផ្ទះលេខ១៤៧៥ ផ្លូវជាតិលេខ២ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
តាមប្រភពពីជនរងគ្រោះជាម្ចាស់ផ្ទះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ គាត់បានទៅដេកនៅផ្ទះម្តាយក្មេក ដោយបានចាក់សោផ្ទះ(ទីតាំងកើតហេតុខាងលើ) ត្រឹមត្រូវ។ លុះដល់វេលាម៉ោង ៧និង២០នាទីព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ពេលដែលគាត់និងក្រុមគ្រួសារបានមកដល់ផ្ទះវិញ ស្រាប់តែឃើញសោទ្វារផ្ទះរបូត ទាំងទ្វារបិទធម្មតា។ ពេលនោះ គាត់ក៏ប្រញាប់ចូលទៅមើលនៅខាងក្នុងផ្ទះ ក៏ឃើញសម្ភារៈរញ៉េរញ៉ៃ បន្ទាប់មក គាត់ក៏បានទៅបើកកាមេរ៉ាសុវត្ថិភាពក្នុងផ្ទះមើល ទើបដឹងថា មានចោរគាស់ផ្ទះចូលលួច។
ក្រោយកើតហេតុ ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ដោយភ្ផាប់ជាមួយនូវកាមេរ៉ាសុវត្ថិភាព បង្ហាញពីសកម្មភាពរបស់ជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ។
លុះមកដល់វេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម សហការជាមួយសមត្តកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះសុខ វ៉ាន់ នៅចំណុចក្រោមស្ពានអាកាស សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគបាលខណ្ឌមានជ័យ។
ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕