ភ្នំពេញ៖អតីតតារាចម្រៀងផលិតកម្មមហាហង្ស និងហង្សមាសលោកដួង វីរៈសិទ្ធ (ម៉ម វាសនា)បានក្លាយទៅជាតួឯកនៅរាម រយៈពេលជាង១ឆ្នាំហើយ ក្រោយដើរចេញពីផលិតកម្មធំនោះហើយពេលនេះលោកជាដៃគូរបស់រៀមច្បងមាស សុខសោភា ព្រមទាំងឆ្លៀតនិពន្ធទំនុកច្រៀងនិងធ្វើភ្លេងឲ្យសោភា ច្រៀងទៀតផង។ការផ្ដាច់និស្ស័យជាមួយហង្សមាសរបស់លោកវីរៈសិទ្ធិ ត្រូវបានគេមើលឃើញថាព្រោះតែកាលនោះលោកបានត្រឹមតែធ្វើជាតួរងប៉ុណ្ណោះខណៈដែលលោកព្រាប សុវត្ថិ ,ខែម ប៊ុនថៃ និងឱក សុគន្ធកញ្ញា ទើបជាតួឯកពិត។

ប៉ុន្ដែគេកត់សម្គាល់ថាអំឡុងពេលដែលវីរៈសិទ្ធ ជ្រកនៅរាម នោះទោះជាលោកបានភ្លក្សរសជាតិជាតួឯកពោលគឺក្លាយទៅជាអ្នកចម្រៀងស្នូល របស់ទ្រនុំថ្មីនេះក្ដី តែវីរៈសិទ្ធ មិនសូវមានភាពលេចធ្លោរដូចនៅហង្សមាសពេលចាប់ដៃជាមួយនាងរ៉េត ស៊ូហ្សាណា និងឈិន ម៉ានិច្ច នោះឡើយ បើទោះជាលោកវាសនា បានធ្វើជាដៃគូជាមួយតារាជើងខ្លាំងមាស សុខសោភា ក្ដី។យ៉ាងណាក្នុងជំនួបតាមទូរស័ព្ទកន្លងមកវីរៈសិទ្ធ ថាលោកគ្មានការបារម្ភខ្លាចទីផ្សារចម្រៀងធ្លាក់ចុះពេលប្ដូរផលិតកម្មចច្រៀងនោះទេ ព្រោះកាលនៅហង្សមាសនិងក្រោយចេញគឺដូចតែគ្នាដោយសារតែលោកនៅមានការងារសិល្បៈធ្វើធម្មតា ហើយការការច្រៀងដៃគូឆ្លងឆ្លើយជាមួយសុខសោភា គឺជាមោទនភាពមួយ។

សូមបញ្ជាក់ថាដួង វីរៈសិទ្ធ ជាតារាវ័យក្មេងម្នាក់ដែលអាចនិពន្ធទំនុកច្រៀង និងភ្លេង រួមទាំងMix ទៀតផងទើបធ្វើឲ្យតារាផ្សេងៗទៀតពិបាកធ្វើបានដូចលោកហើយការទៅដល់រាម ធ្វើឲ្យវីរៈសិទ្ធ កាន់តែមានលទ្ធភាពបញ្ចេញសម្ថភាពរបស់ខ្លួនកាន់តែច្រើនថែមទៀតព្រោះលោកជាតារាចម្រៀងផងនិពន្ធទំនុកច្រៀងនិងMelody ផង។តែអំឡុងពេលដែលអតីតម្ចាស់ពានI Am A Singer Cambodia រដូវកាលទី១លោកដួង វីរៈសិទ្ធ មិនសូវលេចត្រដែតនេះ គេកត់សម្គាល់ថាបែជាប្អូនប្រុសរបស់លោកឈ្មោះម៉ម ពេជ្ជរិទ្ធ ម្ចាស់បទ”មិនអាចឃាត់គេ”នោះឡើងកូដខ្លាំងទៅវិញ បន្ទាប់ពីបេក្ខភាពCambodian Idol រដូវកាលទី៤លោកថុល សុភិទិ Cover បទចម្រៀងមួយនេះ។ដោយឡែកអ្នកជំនាញសិល្បៈបានលើកឡើងថាដួង វីរៈសិទ្ធ ក៍ដូចជាមាស សុខសោភា ដែរពោលគឺពេលចូលរាម បទចម្រៀងរបស់ពួកគេនឹងមិនមែនសម្រាប់ប្រជែងទីផ្សារជាមួយតារាហង្សមាស និងGalaxy នោះទេ ព្រោះរាម ផលិតបទចម្រៀងតាមបែបលក្ខណៈព័ណសំបុររបស់ខ្លួនទើបមិនអាចប្រៀបធៀបគ្នាបានឡើយ៕

