Friday, September 20, 2024
Homeព័ត៌មានជាតិលែងគ្នា៨ឆ្នាំ អតីតប្តីតាមលូកលាន់ វ៉ៃ៥ដៃ គំរាមសម្លាប់

លែងគ្នា៨ឆ្នាំ អតីតប្តីតាមលូកលាន់ វ៉ៃ៥ដៃ គំរាមសម្លាប់

ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូ រស់នៅមិនចុះសម្រុងនឹងគ្នា ក៏បានលែងលះ បែកចែកផ្លូវគ្នា អស់រយៈពេល ៨ឆ្នាំមកហើយ ស្រាប់តែនៅសុខៗ បុរសជាអតីតប្តី បានស្កាត់មកជួបអតីតប្រពន្ធ និងថែមទាំងប្រើសម្តីនិងកាយវិការមិនសមរម្យ (លូកលាន់) ទៅលើអតីតប្រពន្ធទៀតផង ជាហេតុធ្វើឱ្យភាគីខាងស្រី ស្តីបន្ទោស ធ្វើឱ្យកើតជាជម្លោះ ឈានដល់ហិង្សា ដោយភាគីអតីតប្តី បានវាយក្បាលអតីតប្រពន្ធ ចំនួន៥ដៃ រួចថែមទាំងគំរាមសម្លាប់ទៀតផង ធ្វើឱ្យស្ត្រីជាអតីតប្រពន្ធ កើតទុក្ខមិនសុខចិត្ត ក៏ប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍។

ករណីអំពើហិង្សានិងគំរាមសម្លាប់ ដែលបង្កឡើងដោយអតីតបុរសជាប្តីនេះ បានកើតឡើង កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះដែលត្រូវអតីតប្តីលូកលាន់ និងទះកំផ្លៀង ៥ដៃ រួចគំរាមសម្លាប់ទៀតនោះ មានឈ្មោះ ង.ហ អាយុ៤២ឆ្នាំ មានលំនៅក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (ទីតាំងកើតហេតុខាងលើ)។ ចំណែកជនបង្កហេតុ ជាអតីតប្តី មានឈ្មោះ មាន សម្បត្តិ  អាយុ៥០ឆ្នាំ មុខរបរជាងដែក។ រវាងជនរងគ្រោះ និងជនសង្ស័យ ជាអតីតប្តីប្រពន្ធ ប៉ុន្តែបានលែងលះគ្នាដាច់ស្រេច អស់រយៈពេល ៨ឆ្នាំមកហើយ។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនសង្ស័យ គឺជាអតីតប្តីរបស់គាត់ ប៉ុន្តែដោយតែការរស់នៅមិនចុះសម្រុងនឹងគ្នា ទើបកាលពី ៨ឆ្នាំមុន ពួកគាត់ឈានដល់ចំណុចផ្លូវបំបែក សម្រេចលែងលះគ្នាដាច់ស្រេច ដោយសន្តិវិធី។ ស្រាប់តែមកដល់វេលាម៉ោង ៤រេសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ក៏លេចមុខអតីតប្តីរូបនេះ បានមករកគាត់ដល់ផ្ទះ លុះក្រោយមក ក៏ចាប់ផ្តើមប្រើសម្តីសំដៅនិងកាយវិការមិនសមរម្យ ព្យាយាមលែបខាយសម្តី និងលូកលាន់គាត់ទៀតផង ធ្វើឱ្យរូបគាត់មិនពេញចិត្ត ក៏ស្តីបន្ទោសអតីតប្តីនេះ ២-៣ម៉ាត់ទៅ ស្រាប់តែជនសង្ស័យ ច្រឡោតខឹង រករឿងឈ្លោះប្រកែកជាមួយគាត់ និងថែមទាំងប្រើហិង្សាដាក់គាត់ ដោយយកកំប៉ុងស្រាបៀរ អុកក្បាលគាត់ ចំនួន ២ដង រួចក៏ប្រើដៃទះក្បាលគាត់ ចំនួន៥ដៃ និងថែមទាំងបោះសម្តីគំរាមសម្លាប់គាត់ចោលទៀតផង។

ក្រោយកើតហេតុ ជនបង្កហេតុជាអតីតប្តី បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។ ចំណែកស្ត្រីជាអតីតប្រពន្ធ ដោយសារតែកើតទុក្ខមិនសុខចិត្តនឹងទង្វើរបស់អតីតប្តី ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីឱ្យជួយអន្តរាគមន៍តែម្តង។

បន្ទាប់មក នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចបានអញ្ជើញស្ត្រីរងគ្រោះ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីសាកសួរ និងដាក់ពាក្យបណ្តឹងទៅលើបុរសជាអតីតប្តី។

ករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងរៀបចំកសាងសំណុំរឿង តាមនីតិវិធី៕

RELATED ARTICLES