ខេត្តកំពង់ស្ពឺ ៖ យុវជន ២នាក់ កំពុងជិះម៉ូតូតាមផ្លូវ ត្រូវបានមនុស្សប្រុស ១ក្រុម មានគ្នា ៤នាក់ ជិះម៉ូតូ ២គ្រឿង ប្រដេញតាមកាប់ប្រហារ ជាហេតុធ្វើឱ្យកើតមានការភ័យស្លន់ស្លោ ជ្រុលទៅបុកម៉ូតូ ១គ្រឿងទៀតដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យយុវជនម្នាក់ស្លាប់នៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ និងត្រូវសមត្ថកិច្ចអះអាងថា ជាករណីចរាចរណ៍ រហូតដល់យុវជនដែលរងរបួសធ្ងន់ ចេញពីមន្ទីរពេទ្យ ទើបប្រាប់ថា ពួកខ្លួនមិនមែនជួបគ្រោះថ្នាក់ចរាចរណ៍ធម្មតានោះទេ គឺត្រូវគេដេញកាប់ ត្រូវយុវជនរងគ្រោះដែលជិះពីក្រោយ បណ្តាលឱ្យដួលទ្រោបមកលើខ្លួនជាអ្នកបើកម៉ូតូ ទើបធ្វើឱ្យជ្រុលចង្កូតបុកម៉ូតូ ១គ្រឿងទៀតបែបនេះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យយុវជនម្នាក់បាត់បង់ជីវិត និងត្រូវជនរងគ្រោះអះអាងថា ជាករណីឃាតកម្មនេះ បានកើតឡើង កាលពីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិព្រៃកញ្ចាន់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ។
យុវជនរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើ មានឈ្មោះសុខ ចំរើន ហៅភារៈ អាយុ១៦ឆ្នាំ មុខរបរកម្មករបម្រើការងារក្នុងកសិដ្ឋានចិញ្ចឹមជ្រូក មួយកន្លែង នៅក្នុងភូមិបឹងព័ទ្ធ ឃុំស្តុក ស្រុកគងពិសី។ ចំណែកជនរងគ្រោះម្នាក់ទៀត ដែលរងរបួសធ្ងន់ មានឈ្មោះជឿន អិនឈី អាយុ១៨ឆ្នាំ មុខរបរកម្មករបម្រើការងារក្នុងកសិដ្ឋានចិញ្ចឹមជ្រូក ជាមួយជនរងគ្រោះ និងមានស្រុកកំណើតនៅភូមិឃ្លោក ឃុំព្រះខែ ស្រុកបរសេដ្ឋ។
តាមសម្តីរបស់យុវជនឈ្មោះជឿន អិនឈី បានរៀបរាប់ប្រាប់កាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ថា មុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ រូបខ្លួន និងមិត្តភក្កិ (ជនរងគ្រោះឈ្មោះសុខ ចំរើន) បានជិះម៉ូតូដឹកគ្នាទៅលេងម្តាយរបស់ខ្លួន នៅភូមិឃ្លោក ឃុំព្រះខែ ស្រុកបរសេដ្ឋ រហូតដល់យប់ជ្រៅបន្តិច ទើបនាំគ្នាជិះម៉ូតូ ក្នុងគោលបំណងត្រឡប់ទៅកន្លែងធ្វើការវិញ ពេលជិះមកដល់ផ្លូវបំបែកផ្សារស្លាបលែង មានឡានសណ្តោងគ្នាកាត់ផ្លូវ ពេលនោះខ្លួនក៏បាននិយាយទៅកាន់អ្នកបើកឡានថា “ពូសុំឱ្យខ្ញុំទៅបន្តិចបានទេ ខ្ញុំប្រញាប់ ទៅកន្លែងធ្វើការ”។
ស្របពេលនោះដែរ ក៏ប្រទះឃើញមនុស្សមួយក្រុម មានគ្នា ៤នាក់ ជិះម៉ូតូ ២គ្រឿង ហើយអ្វីដែលខ្លួនចំណាំ គឺ ២នាក់ ជិះម៉ូតូហុងដា ឌ្រីម សេ១២៥ អត់ស្លាកលេខ នៅលើទ្រូង មានស្នាមសាក់ផ្នែកខាងឆ្វេង បានតាមសម្លឹងមើលមុខពួកខ្លួន តែខ្លួនមិនបានតបតអ្វីនោះទេ គិតតែនាំគ្នាជិះម៉ូតូហួស ប៉ុន្តែត្រូវបានក្រុមនោះជិះប្រដេញតាមពីក្រោយរហូត និងក្នុងដៃ មានកាំបិតផង រហូតមកដល់ភូមិព្រៃកញ្ចាន់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ស្រាប់តែមិត្តភក្តិរបស់ខ្លួនឈ្មោះសុខ ចំរើន ហៅភារៈ បានប្រាប់មកខ្លួនថា “អញត្រូវគេកាប់ហើយ” គ្រាន់តែនិយាយចប់ ឈ្មោះសុខ ចំរើន ទំនងជាបាត់បង់ស្មារតី ទើបទ្រោបមកលើខ្លួនទាំងកំរោល ដោយទ្រនឹងទម្ងន់របស់សុខ ចំរើន មិនបាន ក៏រេចង្កូតទៅបុកជាមួយម៉ូតូរបស់ស្ត្រីម្នាក់ បណ្តាលឱ្យដួលទាំងអស់គ្នាតែម្តង។
យុវជនឈ្មោះជឿន អិនឈី បន្តថា ពេលនោះ ក្រុមជនបង្កហេតុ ត្រូវបានអ្នកនៅជិតកន្លែងកើតហេតុ ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច។ ចំណែកមិត្តភក្តិរបស់ខ្លួន ឈ្មោះសុខ ចំរើន ហៅភារៈ មិនដឹងថាយ៉ាងណានោះទេ ព្រោះខ្លួនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។ លុះបន្ទាប់មក ទើបខ្លួនដឹងថា ឈ្មោះសុខ ចំរើន ហៅភារៈ បានស្លាប់ទៅហើយ និងត្រូវប៉ូលិសធ្វើរបាយការណ៍ថា ជាករណីគ្រោះថ្នាក់ចរាចរណ៍ទៅវិញ តែតាមពិត គឺជាករណីឃាតកម្ម ព្រោះពួកខ្លួនត្រូវជន ១ក្រុម ដេញកាប់ និងថែមទាំងកាប់ត្រូវជនរងគ្រោះពីក្រោយទៀតផង។
តាមសម្តីស្ត្រីឈ្មោះសាន យ៉ុន អាយុ៤៥ឆ្នាំ ត្រូវជាម្តាយរបស់ជនរងគ្រោះសុខ ចំរើន ហៅភារៈ បានរៀបរាប់ថា គាត់បានដឹងរឿងនេះ តាមរយៈឈ្មោះជឿន អ៊ិនឈី ដែលជាមិត្តភក្កិកូនប្រុសរបស់គាត់ ប្រាប់ថា កូនគាត់ស្លាប់ មិនមែនបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍នោះទេ គឺស្លាប់ដោយសារក្មេងស្ទាវដេញកាប់។ ក្នុងនាមជាម្តាយ សូមសំណូមពរដល់សមត្ថកិច្ច ជួយបើកការស៊ើបអង្កេតស្រាវជ្រាវករណីឃាតកម្មមកលើកូនប្រុសរបស់គាត់នេះផង។
ចំណែកស្ត្រីឈ្មោះអេង វ៉ាន់ណា អាយុ៥២ឆ្នាំ ត្រូវជាអ៊ំរបស់ជនរងគ្រោះឈ្មោះជឿន អិនឈី ក៏បានរៀបរាប់និងអះអាងថា មុនពេលកើតហេតុ គឺក្មួយរបស់គាត់ពិតជាបានមកលេងម្តាយនៅភូមិឃ្លោក ប្រាកដមែន ដល់ពេលត្រឡប់ទៅវិញក៏មានរឿងបែបនេះតែម្តង។ ក្រោយចេញ ពីពេទ្យ ក្មួយគាត់បានប្រាប់ទៀតថា មុនពេលកើតហេតុ គឺមានម៉ូតូក្មេងស្ទាវមួយក្រុម បើកដេញពីក្រោយ ស៊ីផ្លេផង បើកភ្លើងហ្វាដេញពីក្រោយផង។ តាមការរៀបរាប់របស់ក្មួយគាត់ប្រាប់ គឺអ្នកជិះខាងក្រោយ (ឈ្មោះសុខ ចំរើន) បានប្រាប់ថា អញត្រូវគេកាប់ហើយ ពេលនោះ ក៏ទ្រោបខ្លួនមកលើស្មាប៉ះដៃ ហើយជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងផ្សេងទៀត ក៏ដួលតែម្តង។
ដោយឡែក យោងតាមប្រភពពីមន្ត្រីសាលាឃុំភារីមានជ័យ មួយរូប បានបង្ហើបប្រាប់ថា រឿងនេះ សមត្ថកិច្ចឃាត់ខ្លួនជនបង្កហេតុបានម្នាក់ដែរ តែមិនដឹងជាយ៉ាងណានោះទេ ក៏លែងទៅវិញបាត់ទៅ។ ការដោះលែងជនបង្កហេតុឱ្យត្រឡប់ទៅវិញនេះ ទំនងជាគេចង់បង្វែរសាច់រឿង ពីករណីដេញកាប់ប្លន់ មកជារឿងចរាចរណ៍ហើយមើលទៅ ទើបបានជាមិនរាយការណ៍ទៅថ្នាក់លើ ដូចអ្វីដែលកើតឡើងជាក់ស្តែង។
ពាក់ព័ន្ធនឹងករណីនេះដែរ លោកវរសេនីយ៍ទោ ចន សុភីត អធិការនគរបាលស្រុកបរសេដ្ឋ បានបញ្ជាក់ប្រាប់កាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ថា តាមសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ បានរាយការណ៍មកលោកថា ជាករណីចរាចរណ៍ មិនមានហេតុការណ៍អ្វីផ្សេងកើតឡើងនោះទេ ហើយខាងលោកក៏មិនបានឃាត់ខ្លួននរណាម្នាក់ដែរ។
លោកផាន់ សុង អាយុ៦០ឆ្នាំ រស់នៅភូមិបឹងព័ទ្ធ ឃុំស្តុក ស្រុកគងពិសី ត្រូវជាសាច់ញាតិរបស់ជនរងគ្រោះឈ្មោះសុខ ចំរើន បានបញ្ជាក់ថា រូបលោកនិងសាច់ញាតិម្នាក់ទៀត បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលភារីមានជ័យ រួចហើយ អ្វីដែលធ្វើឱ្យលោកនិងសាច់ញាតិ មិនអស់ចិត្ត គឺនៅត្រង់ថា សភាពសព មានស្នាមបែករយះផ្នែកក្បាលខាងក្រោយ ជាច្រើនកន្លែង។
តាមពិតទៅ សពមិនគួរណាបូជាលឿនទេ ប៉ុន្តែដោយសារតែសភាពសពមិនអំណោយ និងការខ្វះខាតរបស់ម្តាយសព ទើបសាច់ញាតិ សម្រេចបូជាតែម្តងទៅ។
យោងតាមសាច់ញាតិជាច្រើនរូបរបស់អ្នកស្លាប់ ក៏ដូចជាអ្នកនៅរស់រានមានជីវិត បានលើកហេតុផលថា បើទោះបីជាក្រុមជនបង្កហេតុ មិនបានកាប់ប្រហារមកលើជនរងគ្រោះក៏ដោយ ក៏ប៉ុន្តែក្រុមជនបង្កហេតុ បានបើកម៉ូតូប្រដេញ បង្កឱ្យមានគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតមនុស្ស ដែលជាករណីឃាតកម្មដោយអចេតនា គួរណាស់តែសមត្ថកិច្ច ឃាត់ខ្លួនដែរ។ តែរឿងនេះ មិនត្រឹមតែមិនឃាត់ខ្លួននោះទេ ថែមទាំងបង្វែររឿងពីការដេញកាប់ប្រហារ មកជារឿងចរាចរណ៍ទៅវិញ។
ក្នុងនាមសាច់ញាតិជនរងគ្រោះ ទាំងអ្នកស្លាប់ និងអ្នករងរបួសដែលរស់រានមានជីវិត សូមសំណូមពរទៅស្ថាប័នពាក់ព័ន្ធ អគ្គស្នងការនគរបាលជាតិ ក៏ដូចជាសម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាជួយចាត់ក្រុមមន្ត្រីអធិការកិច្ចដែលមានឆន្ទៈបម្រើប្រជាពលរដ្ឋពិតប្រាកដ ជួយបើកការស៊ើបអង្កេតករណីនេះផង ដើម្បីផ្តល់យុត្តិធម៌ដល់ព្រលឹងជនរងគ្រោះ៕